ភ្នំពេញ: រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកពីកិច្ចប្រជុំកំពូល CLVនៅខេត្តសៀមរាបដោយឯកភាពគ្នាក្នុងការធ្វើលិខិតរួមគ្នាស្នើទៅរដ្ឋាភិបាលបារាំងឲ្យរៀបចំអ្នកឯកទេសមកជួយធ្វើផែនទីដោយផ្ទេរពីខ្នាត 1/100000 មក 1/50000 ដើម្បីស្វែងរកដំណោះស្រាយព្រំដែនដែលប្រទេសទាំងពីរនៅមិនទាន់ចុះសម្រុងគ្នាក្នុងការព្រមព្រៀងបោះបង្គោលព្រំដែន។
ក្រោយពីកិច្ចប្រជុំទេ្វភាគីរវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ង្វៀន សួនហ្វុក [Nguyen Huan Phuc] នាយករដ្ឋមន្ត្រីវៀតណាម លោក កៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានថារដ្ឋាភិបាលកម្ពុជាបានចាត់តាំង លោក ឡុង វិសា លោ រដ្ឋលេខាធិការក្រសួងការបរទេសដើម្បីធ្វើការជាមួយភាគីវៀតណាម ព្រាងឯកសារនិងរៀបចំលិខិតស្នាមផ្លូវការ។
លោក គឹមហួនថ្លែងថា៖«នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពក្នុងការធ្វើលិខិតរួមគ្នាទៅប្រទេសបារាំងដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទីដែលផ្ទេរពីផែនទីខ្នាត ១ លើ ១០០ ០០០ មកផែនទី ១ លើ ៥០ ០០០ ហើយបានចាត់តាំងឯកឧត្តមឡុងវិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសខាងកម្ពុជាយើង ហើយខាងវៀតណាមក៏មានមន្ត្រីជាន់ខ្ពស់របស់គេដើម្បីធ្វើការជាមួយគ្នា»។
លោក ថ្លែងបន្តថា៖«ការងារបោះបង្គោលព្រំដែននេះ កន្លែងណាដែលបានឯកភាពគ្នាហើយ ជំរុញឲ្យគណៈកម្មាធិការចម្រុះបោះបង្គោលព្រំដែនកន្លែងណាដែលឯកភាពគ្នាហើយគេដឹងផែនទីនឹងហើយបានន័យថាច្បាស់លាស់ហើយ កន្លែងណាដែលមិនច្បាស់លាស់បានស្នើបារាំងឲ្យជួយធ្វើ»។
ជួនគ្នានេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំនេះ ដែលជាការអញ្ជើញរបស់លោក ហ្សង់ ម៉ាក អេរ៉ូ [Jean-Marc AYRAULT] រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសបារាំង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃទី២២។
សេចក្ដីប្រកាសព័ត៌មានដដែលនេះថ្លែងថា៖«ក្នុងអំឡុងពេលទស្សនកិច្ចនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីនឹងជួបពិភាក្សាផ្លូវការជាមួយឯកឧត្តម ហ្សង ម៉ាក អេរ៉ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងបារាំង ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ ព្រមទាំងពិភាក្សាលើប្រធានបទដែលជាអត្ថប្រយោជន៍រួមនៃប្រទេសទាំងពីរ»។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង លោក ឡុង វិសាលោ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ទោះជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយល់ព្រមជាមួយសមភាគីវៀតណាមនឹងធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសវៀតណាមនៅចុងខែធ្នូ ហើយប្រទេសទាំងពីរនឹងមានការរៀបចំការប្រារព្ធខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូត ពេលនោះនឹងមានការសម្ពោធស្ពានជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាលគឺជាស្ពានតភ្ជាប់ឆ្លងទៅប្រទេសវៀតណាម។
លោក គឹមហួន បានថ្លែងផងដែរថាក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាមក៏ជជែកគ្នាពីការផ្លាស់ប្ដូរសំណើគ្នាទៅវិញទៅមកដោយខាងវៀតណាមបានស្នើផងដែរពាក់ព័ន្ធនឹងអាណិកជនវៀតណាមដែលរស់នៅកម្ពុជាដែលក្រសួងមហាផ្ទៃបានធ្វើជំរឿនដែលមានប៉ុន្មានស្របច្បាប់ និងប៉ុន្មានមិនមានឯកសារគ្រប់គ្រាន់ បានស្នើសុំឲ្យវៀតណាមដែលគ្មានឯកសារនេះបន្តរស់នៅដោយស្របច្បាប់នឹងពាក់ព័ន្ធការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនជាពិសេសនៅក្នុងតំបន់ត្រីកោណនេះតែម្ដងដែលអាចរកស៊ីនៅតាមព្រំដែននេះ ការយកថវិកាឆ្លងដែនដែលបានមកពីការលក់ដោយមិនមានបញ្ហា។
លោក គឹមហួន ថ្លែងថា៖«អ្វីដែលសម្ដេចបានស្នើដែរគឺកន្លែងដែលមិនទាន់ឯកភាពគ្នា ធ្វើយ៉ាងណាឲ្យយើងរក្សាបានន័យថាកុំឲ្យមានការសាងសង់ទាំងអស់ឲ្យគោរពដោយម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិសុំមិនធ្វើអត្ថាធិប្បាយអំពីបញ្ហាការផ្ទេរផែនទីនេះ ដោយទុកពេលវេលាដើម្បីសិក្សាលើបញ្ហាបច្ចេកទេស។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតជាស្ថាប័នសិក្សានយោបាយសាធារណៈនៃសង្គមស៊ីវិលមួយបានថ្លែងថា លោកស្វាគមន៍បើសិនជាមានអ្នកឯកទេសរបស់ប្រទេសបារាំងមកចូលរួមធ្វើការងារការផ្ទេរផែនទីនេះនិងធ្វើឲ្យមានភាពទុកចិត្តច្រើនហើយនឹងកាត់បន្ថយការព្រួយបារម្ភលើបញ្ហាព្រំដែនដែលកើតមាននៅក្នុងសង្គមខ្មែរ។
លោក វីរៈ ថ្លែងថា៖«ខ្ញុំយល់ថាបើមានអាជ្ញាកណ្ដាលចូលរួមធ្វើផែនទីមួយដែលមានភាពស្រពេចស្រពិលនិងងាយខុសដើម្បីឲ្យមានតុល្យភាពគ្នា ខ្ញុំសូមស្វាគមន៍ ហើយខ្ញុំសង្ឃឹមថា បារាំងនឹងអាចជួយ ព្រោះនេះជាចំណុចវិជ្ជមានសម្រាប់ប្រទេសទាំងពីរនឹងបញ្ចប់បញ្ហានយោបាយព្រំដែន ក្នុងចំណោមអ្នកនយោបាយដែលមានឆន្ទៈមិនត្រូវគ្នា»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបដិសេធមិនផ្ដល់អត្ថាធិប្បាយនិងពន្យល់លើបញ្ហានៃការផ្ទេរផែនទីដែលជាបញ្ហានៅតែចម្រូងចម្រាសមិនចុះសម្រុងគ្នារវាងបក្សកាន់អំណាចនិងបក្សប្រឆាំងទៅលើការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ កាលពីខែ សីហា លោក វ៉ា គឹមហុងបានមានប្រសាសន៍ក្រោយពីបិទបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនកម្ពុជាវៀតណាមមិនបានសម្រេចចេញកំណត់ហេតុកិច្ចប្រជុំ និងសេចក្តីព្រាងលិខិតដែលគ្រោងនឹងដាក់ទៅប្រទេសបារាំងសុំជំនួយបច្ចេកទេសខាងព្រំដែនដែលមានវិវាទនោះបានទេដោយសារតែកម្ពុជាប្រកាន់ជំហរប្រើប្រាស់គោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុន្តែភាគីវៀតណាមមិនឯកភាពនោះទេ។
លោកថ្លែងថា ភាគីកម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃគោលការណ៍ខ្សែព្រំដែនមិនកែប្រែនៅពេលកម្ពុជាបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥៣។ តែភាគីមិត្តមិនយល់តាមហ្នឹងទេ។ គាត់មានការព្រួយបារម្ភថា គោលការណ៍ហ្នឹងមិនចាំបាច់យកមកប្រើទេ ដោយភាគីវៀតណាមចង់ឲ្យប្រើប្រាស់សន្ធិសញ្ញាដែលមានស្រាប់ដូចជាសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ឬ ក៏អនុស្សរណៈយោគយល់ឆ្នាំ ២០១១។
វៀតណាមជារឿយៗធ្វើការសាងសង់រំលោភក្នុងតំបន់ហាមឃាត់ក្នុងខេត្តមួយចំនួនតាមព្រំដែនដែលមិនឯកភាពគ្នា៕