Friday, November 25, 2016

រដ្ឋាភិបាល​កម្ពុជា​ និង​វៀត​ណាម ​បាន​ឯក​ភាព​គ្នា ​ស្នើ​អ្នក​ឯក​ទេស​បារាំង​ មក​ជួយ​លើ​ «ការ​ផ្ទេរ​ខ្នាត​ផែនទី»


រដ្ឋាភិបាល​កម្ពុជា​ និង​វៀត​ណាម ​បាន​ឯក​ភាព​គ្នា​ស្នើ​អ្នក​ឯក​ទេស​បារាំង​ មក​ជួយ​លើ​ការ​ផ្ទេរ​ខ្នាត​ផែនទី



ភ្នំពេញ:
 រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​វៀតណាម​ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ពុធ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ​បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​កំពូល CLV​នៅ​ខេត្ត​សៀមរាប​ដោយ​ឯកភាពគ្នា​ក្នុងការ​ធ្វើលិខិត​រួមគ្នា​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​ឲ្យ​រៀបចំ​អ្នក​ឯកទេស​មក​ជួយ​ធ្វើ​ផែនទី​ដោយ​ផ្ទេរ​ពី​ខ្នាត ​1/100000 ​មក ​1/50000 ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ព្រំដែន​ដែល​ប្រទេស​ទាំងពីរ​នៅ​មិនទាន់​ចុះ​សម្រុង​គ្នា​ក្នុងការ​ព្រមព្រៀង​បោះបង្គោល​ព្រំដែន​។​
​ក្រោយពី​កិច្ចប្រជុំ​ទេ្វ​ភាគី​រវាង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​លោក ង្វៀន សួនហ្វុក [Nguyen Huan Phuc] នាយក​រដ្ឋមន្ត្រី​វៀតណាម លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​អ្នកសារ​ព័ត៌មាន​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់តាំង លោក ឡុង វិ​សា លោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​វៀតណាម ព្រាង​ឯកសារ​និង​រៀបចំ​លិខិត​ស្នាម​ផ្លូវការ​។​
​លោក គឹមហួន​ថ្លែងថា​៖«​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​ក្នុងការ​ធ្វើលិខិត​រួមគ្នា​ទៅ​ប្រទេស​បារាំង​ដើម្បី​ស្នើសុំ​ឲ្យ​អ្នក​ឯកទេស​បារាំង​មក​ជួយ​ធ្វើ​ផែនទី​ដែល​ផ្ទេរ​ពី​ផែនទី​ខ្នាត​ ១​ ​លើ ​១០០ ០០០​ មក​ផែនទី​ ១​ លើ​ ៥០ ០០០ ហើយ​បាន​ចាត់​តាំង​ឯកឧត្តម​ឡុង​វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ខាង​កម្ពុជា​យើង ហើយ​ខាង​វៀតណាម​ក៏មាន​មន្ត្រីជាន់​ខ្ពស់​របស់​គេ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​»​។​
​លោក ថ្លែង​បន្ត​ថា​៖«​ការងារ​បោះបង្គោល​ព្រំដែន​នេះ កន្លែង​ណា​ដែល​បាន​ឯកភាពគ្នា​ហើយ ជំរុញ​ឲ្យ​គណៈ​កម្មាធិការ​ចម្រុះ​បោះបង្គោល​ព្រំដែន​កន្លែង​ណា​ដែល​ឯកភាព​គ្នា​ហើយ​គេ​ដឹង​ផែនទី​នឹង​ហើយ​បានន័យថា​ច្បាស់លាស់​ហើយ កន្លែង​ណា​ដែល​មិន​ច្បាស់​លាស់​បាន​ស្នើ​បារាំង​ឲ្យ​ជួយ​ធ្វើ​»​។​
​ជួន​គ្នា​នេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃទី ​២៩ ខែវិច្ឆិកា ឆ្នាំនេះ ដែលជា​ការ​អញ្ជើញ​រប​ស់លោក ហ្ស​ង់ ម៉ាក អេ​រ៉ូ [Jean-Marc AYRAULT] រដ្ឋមន្ត្រី​ការ​បរទេស​និង​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​បារាំង​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២​។​
​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​ថ្លែងថា​៖«​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​នឹង​ជួបពិភាក្សា​ផ្លូវការ​ជាមួយ​ឯកឧត្តម ហ្សង ម៉ាក អេរ៉ូ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​និង​បារាំង ជាពិសេស​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច​និង​វប្បធម៌ ព្រម​ទាំង​ពិភាក្សា​លើ​ប្រធាន​បទ​ដែល​ជា​អត្ថ​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​»​។​
​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង លោក ឡុង វិសាលោ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាល​ពី​ម្សិលមិញ​។​
​ទោះជា​យ៉ាងណា​ក៏ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យល់ព្រម​ជាមួយ​សម​ភាគី​វៀតណាម​នឹងធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ចុងខែ​ធ្នូ ហើយ​ប្រទេស​ទាំងពីរ​នឹង​មាន​កា​ររៀប​ចំការ​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត ពេលនោះ​នឹង​មាន​ការ​សម្ពោធ​ស្ពាន​ជ្រៃ​ធំ ក្នុងស្រុក​កោះធំ ខេត្ត​កណ្ដាល​គឺជា​ស្ពាន​ត​ភ្ជាប់​ឆ្លងទៅ​ប្រទេស​វៀតណាម​។​
​លោក គឹមហួន បាន​ថ្លែង​ផងដែរ​ថា​ក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម​ក៏​ជជែក​គ្នា​ពី​ការផ្លាស់ប្ដូរ​សំណើ​គ្នា​ទៅវិញទៅមក​ដោយ​ខាង​វៀតណាម​បានស្នើ​ផងដែរ​ពាក់ព័ន្ធ​នឹង​អាណិកជន​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ដែល​ក្រសួងមហាផ្ទៃ​បានធ្វើ​ជំរឿន​ដែលមាន​ប៉ុន្មាន​ស្របច្បាប់ និង​ប៉ុន្មាន​មិនមាន​ឯកសារ​គ្រប់គ្រាន់ បានស្នើ​សុំ​ឲ្យ​វៀតណាម​ដែល​គ្មាន​ឯកសារ​នេះ​បន្ត​រស់នៅ​ដោយ​ស្រប​ច្បាប់​នឹង​ពាក់ព័ន្ធ​ការធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ជាពិសេស​នៅក្នុង​តំបន់ត្រីកោណ​នេះ​តែម្ដង​ដែល​អាច​រកស៊ី​នៅ​តាម​ព្រំដែន​នេះ ការយក​ថវិកា​ឆ្លងដែន​ដែល​បានមកពី​ការលក់​ដោយ​មិនមាន​បញ្ហា​។​
​លោក គឹមហួន ថ្លែងថា​៖«​អ្វីដែល​សម្ដេច​បានស្នើ​ដែរ​គឺ​កន្លែង​ដែល​មិនទាន់​ឯកភាពគ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​រក្សា​បាន​ន័យ​ថា​កុំ​ឲ្យ​មាន​ការ​សាងសង់​ទាំងអស់​ឲ្យ​គោរព​ដោយ​ម៉ឺងម៉ាត់​តាម​កិច្ច​ព្រម​ព្រៀង​នៃ​ប្រទេស​ទាំងពីរ​»​។​
​លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​ការផ្ទេរ​ផែនទី​នេះ ដោយ​ទុក​ពេលវេលា​ដើម្បី​សិក្សា​លើ​បញ្ហា​បច្ចេកទេស​។​
​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ជា​ស្ថាប័ន​សិក្សា​នយោបាយ​សាធារណៈ​នៃ​សង្គម​ស៊ីវិល​មួយ​បាន​ថ្លែងថា លោក​ស្វាគមន៍​បើសិន​ជាមាន​អ្នកឯកទេស​របស់​ប្រទេស​បារាំង​មក​ចូលរួម​ធ្វើ​ការងារ​ការ​ផ្ទេរ​ផែនទី​នេះ​និង​ធ្វើ​ឲ្យ​មាន​ភាព​ទុក​ចិត្តច្រើន​ហើយនឹង​កាត់បន្ថយ​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ព្រំដែន​ដែល​កើតមាន​នៅក្នុង​សង្គម​ខ្មែរ​។​
​លោក វីរៈ ថ្លែងថា​៖«​ខ្ញុំ​យល់ថា​បើ​មាន​អាជ្ញាកណ្ដាល​ចូលរួម​ធ្វើ​ផែនទី​មួយ​ដែលមាន​ភាព​ស្រពេច​ស្រពិល​និង​ងាយ​ខុស​ដើម្បី​ឲ្យ​មាន​តុល្យភាព​គ្នា ខ្ញុំ​សូម​ស្វាគមន៍ ហើយ​ខ្ញុំ​សង្ឃឹម​ថា បារាំង​នឹង​អាច​ជួយ ព្រោះ​នេះ​ជា​ចំណុច​វិជ្ជមាន​សម្រាប់​ប្រទេស​ទាំង​ពីរ​នឹង​បញ្ចប់​បញ្ហា​នយោបាយ​ព្រំដែន ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​មាន​ឆន្ទៈ​មិន​ត្រូវ​គ្នា​»​។​
​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ម្សិលមិញ​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​និង​ពន្យល់​លើ​បញ្ហា​នៃ​ការផ្ទេរ​ផែនទី​ដែលជា​បញ្ហា​នៅតែ​ចម្រូង​ចម្រាស​មិន​ចុះសម្រុង​គ្នា​រវាង​បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង​ទៅ​លើ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​។​
ទោះជា​យ៉ាង​ណា​ក៏ដោយ​ កាលពី​ខែ​ សីហា លោក វ៉ា គឹមហុង​បាន​មាន​ប្រសាសន៍​ក្រោយពី​បិទ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​វៀតណាម​មិន​បាន​សម្រេច​ចេញ​កំណត់ហេតុ​កិច្ចប្រជុំ និង​សេចក្តី​ព្រាង​លិខិត​ដែល​គ្រោង​នឹង​ដាក់​ទៅ​ប្រទេស​បារាំង​សុំ​ជំនួយ​បច្ចេកទេស​ខាង​ព្រំដែន​ដែលមាន​វិវាទ​នោះបានទេ​ដោយសារតែ​កម្ពុជា​ប្រកាន់​ជំហរ​ប្រើប្រាស់​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​ប៉ុន្តែ​ភាគី​វៀតណាម​មិន​ឯកភាព​នោះទេ​។
លោក​ថ្លែងថា ​ភាគី​កម្ពុជា​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​នៅពេល​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣​។ តែ​ភាគី​មិត្ត​មិន​យល់​តាម​ហ្នឹង​ទេ​។ គាត់​មានការ​ព្រួយបារម្ភ​ថា ​គោលការណ៍​ហ្នឹង​មិនចាំបាច់​យកមកប្រើ​ទេ ដោយ​ភាគី​វៀតណាម​ចង់​ឲ្យ​ប្រើប្រាស់​សន្ធិសញ្ញា​ដែលមាន​ស្រាប់​ដូចជា​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​ ឬ ក៏​អនុស្សរណៈ​យោគ​យល់​ឆ្នាំ ​២០១១​។
វៀតណាម​ជា​រឿយៗ​ធ្វើការ​សាងសង់​រំលោភ​ក្នុង​តំបន់​ហាម​ឃាត់​ក្នុង​ខេត្ត​មួយចំនួន​តាម​ព្រំដែន​ដែល​មិន​ឯកភាពគ្នា​៕

No comments: