Thursday, June 16, 2016

ប្រមុខរដ្ឋវៀតណាម ស្នើកម្ពុជា ធានាសិទ្ធិស្របច្បាប់របស់ ជនជាតិវៀតណាម ដែលរស់នៅស្រុកខ្មែរ

  
ប្រមុខរដ្ឋវៀតណាម ស្នើកម្ពុជា ធានាសិទ្ធិស្របច្បាប់របស់ ជនជាតិវៀតណាម ដែលរស់នៅស្រុកខ្មែរ
-------------------
FAN Khmer: ថ្ងៃទី ១៦ មិថុនា ២០១៦ ដោយ៖ សម សុវណ្ណ
(https://www.fankhmer.com/article/1184.html)
ប្រធានរដ្ឋវៀតណាម លោក ត្រាន់ ដាយក្វាង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ជាលើកដំបូងរបស់ខ្លួន ក្នុងនាមជាប្រធានាធិបតី នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា។ មិនខុស ពីអ្នកធំរបស់វៀតណាមមុនៗ ដែលតែងតែសំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជា ការពារជនជាតិខ្លួន នោះទេ ប្រធានរដ្ឋថ្មីរបស់វៀតណាម លោក ត្រាន់ ដាយក្វាង ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា គាំពារថែររក្សាពលរដ្ឋខ្លួនដែរ។


លើសពីនេះទៅទៀត លោក ក៏ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការធានា សិទ្ធិស្របច្បាប់ ឲ្យជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជាទៀតផង។ នេះបើយោងតាម សេចក្តីថ្លែងការណ៍រួម របស់រាជរដ្ឋាភិបាលទាំងពីរ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ២០១៦ នេះ។

ក្នុងសេចក្តីថ្លែងការណ៍រួម នៅចំណុចទី៨ បញ្ជាក់ថា "ឯកឧត្តម ត្រាន់ ដាយក្វាង បាន ថ្លែងអំណរគុណ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំ ដទៃទៀត និងអាជ្ញាធរកម្ពុជា ដែលបានជួយឧបត្ថម្ភ ដល់អនិកជនវៀតណាម ជាច្រើនឆ្នាំ កន្លងមកហើយ។ ក្នុងស្មារតីជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ សាធារណៈរដ្ឋសង្គមនិយ មវៀតណាម សង្ឃឹមថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តចាត់វិធានការ ធានាសិទ្ធិស្របច្បាប់ របស់អនិកជនវៀតណាមរស់នៅកម្ពុជា ដូចអនិកជនដទៃទៀត រស់នៅកម្ពុជាស្របច្បាប់ និងបទដ្ឋាន គតិយុត្តិរបស់ប្រទេសកម្ពុជា"។

ទោះជាបែបនេះក្តី សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពជា ព្រមព្រៀង តាមការស្នើ របស់វៀតណាម ឬអត់នោះទេ។

ក្រៅពីលើកឡើងពីការផ្តល់សិទ្ធិស្របច្បាប់ ឲ្យជនជាតិវៀតណាមនេះ ប្រធានរដ្ឋវៀតណាម ក៏ជំរុញពាណិជ្ជកម្មទាំងពីរ ឲ្យដល់ ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ខាងមុខ។ មិនតែប៉ុណ្ណោះ ក៏ថែមទាំងសន្យាគោរពអនុស្សារណៈ សន្ធិសញ្ញារួមជាអន្តរជាតិផងដែរ។

របាយការណ៍របស់នាយដ្ឋាន អន្តោប្រវេសន៍កម្ពុជា បង្ហាញថា សព្វថ្ងៃ ជនជាតិវៀតណាម ចំនួនជាង ៣០ ម៉ឺននាក់ កំពុងរស់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសង្គមស៊ីវិល និងបក្សជំទាស់ មិនឯកភាពលើរបាយការណ៍នេះទេ ដោយសំអាងថាជនជាតិវៀតណាម មានចំនួនច្រើនជាងនេះ កំពុងរស់នៅក្នុងស្រុកខ្មែរ៕




No comments: