Wednesday, August 2, 2017

កម្ពុជា​ ជួបគ្រោះថ្នាក់​ទៅ​ថ្ងៃអនាគត​ ពី​ផែនការ ​ត្រីកោណ​អភិវឌ្ឍន៍​ ឥណ្ឌូចិន របស់វៀតណាម


កម្ពុជា​ ជួបគ្រោះថ្នាក់​ទៅ​ថ្ងៃអនាគត​ ពី​ផែនការ ​ត្រីកោណ​អភិវឌ្ឍន៍​ ឥណ្ឌូចិន របស់វៀតណាម
ដោយ តាំង សារ៉ាដា / 01-7-2012 - RFA

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ដ៏​មុតមាំ​របស់​ខ្លួន ក្នុង​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង ឡាវ នោះ​ថា នាំ​មក​នូវ​ភាព​ចំរើន​រុងរឿង​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភាគ​ឦសាន​របស់​ខ្លួន។

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​អំពី​បូរណភាព​ទឹក​ដី​បាន​សម្ដែង​ក្ដី​បារម្ភ​ថា ការ​បង្កើត​តំបន់​មុំ​បី ឬ​ហៅ​ថា CLV នេះ អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ធនធាន​ធម្មជាតិ និង​ទឹក​ដី​របស់​ខ្លួន​ដ៏​ធំធេង​ទៅ​ឲ្យ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​ឧសភា បាន​សម្ដែង​មោទនភាព និង​មហិច្ឆតា​របស់​ខ្លួន​ថា ការ​បង្កើត​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពិសេស រវាង​កម្ពុជា វៀតណាម ឡាវ។ លោក​ចាត់​ទុក​ថា គម្រោង​នេះ​ ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​តាម​រយៈ​ការ​វិនិយោគ​ លើ​វិស័យ​ទេសចរណ៍ កសិ-​ឧស្សាហកម្ម រ៉ែ និង​ទំនប់​វារីអគ្គិសនី។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កម្ពុជា​ បាន​យល់​ព្រម​ដាក់​បញ្ចូល​ ខេត្ត​របស់​ខ្លួន​ចំនួន ​៤ មាន​ ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ មណ្ឌលគិរី ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​ សែន​នាក់។ រី​ឯ​ប្រទេស​ឡាវ ក៏​បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៤ ​ខេត្ត​ដែរ ដូចជា​ខេត្ត អាតាពើរ (Ataper) ចំប៉ាសាក់ (Champasak) សារាវ៉ាន់ (Saravan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧​សែន​នាក់ ហើយ​វៀតណាម បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​ចាឡាយ (Gia Lai) កនទុំ (Kon Tum) ដាក់ឡាក់ (Dac Lac) ដាណាង (Da Nang) ប៊ិញហ៊្វឺក (Binh Phuoc) ដែល​ខេត្ត​ទាំង​នេះ មាន​មនុស្ស​ជាង ៧​លាន​នាក់។


ប្រធាន​អង្គការ​ខ្មែរ​ម្ចាស់​ស្រុក​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង អ្នកស្រី ចក់ សុខុន មាន​ប្រសាសន៍​ថា ការ​រក​ស៊ី​ចូល​គ្នា​តាម​រយៈ ​ការ​បង្កើត ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ អាច​នាំ​ឲ្យ​កម្ពុជា ខាត​បង់​ច្រើន ហើយ​អាច​នាំ​ឲ្យ​វៀតណាម ស្រូប​យក​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ ដោយ​ស្រប​ច្បាប់​ ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​របស់​គេ។ អ្នកស្រី​បន្ត​ថា វៀតណាម​ មាន​ប្រជាជន​ច្រើន ដូច្នេះ​វៀតណាម ត្រូវ​ការ​ដី​ថ្មី ឬ​ធនធាន​បន្ថែម ​សម្រាប់​ចិញ្ចឹម​ពលរដ្ឋ​ របស់​គេ​ទៅ​ថ្ងៃ​មុខ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ខ្មែរ ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស គឺ​ឈរ​លើ​មធ្យោបាយ​ពីរ។ ទី​មួយ​គឺ​ការ​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​សេវាកម្ម​សុខាភិបាល​រវាង​ប្រទេស​ទាំង ​បី មាន​ន័យ​ថា ពលរដ្ឋ​រវាង​ប្រទេស​ទាំង​ បី​ នេះ អាច​ទទួល​ការ​ព្យាបាល​ជំងឺ​ ក្នុង​ប្រទេស​នីមួយៗ​ បាន​ទៅ​វិញ​ទៅ​មក។ ទី​ពីរ គឺ​ការ​ចល័ត​ពាណិជ្ជកម្ម បាន​ន័យ​ថា ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ នៃ​ប្រទេស​ទាំង​បី​នេះ អាច​នាំ​យក​ផលិតផល​របស់​ខ្លួន ​ឆ្លង​ចូល​ធ្វើ​ជំនួញ​ទៅ​វិញ​ទៅ​មក។

អ្នក​នាំ​ពាក្យ​នៃ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ការ​បញ្ចូល​តំបន់​ពាណិជ្ជកម្ម​រួម​ ជាមួយ​វៀតណាម​នេះ នឹង​មិន​អាច​ឲ្យ​កម្ពុជា បាត់​បង់​អធិបតេយ្យភាព ​នោះ​ឡើយ។ លោក​ថា ផ្ទុយ​ទៅ​វិញ​ ពលរដ្ឋ​ខ្មែរ​ក្រីក្រ ​នៅ​តាម​តំបន់​នោះ នឹង​មាន​ជីវភាព​ធូរធារ ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ ​របស់​រដ្ឋាភិបាល។

គេហទំព័រ​របស់​ តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​កម្ពុជា វៀតណាម ឡាវ  បាន​ចុះ​ផ្សាយ​កិច្ច​ប្រជុំ​ លើក​ទី​៧ នៃ​គណៈកម្មាធិការ​សម្របសម្រួល​រួម ដែល​មាន​រដ្ឋមន្ត្រី​ នៃ​បណ្ដា​ប្រទេស​ទាំង​ បី​ ចូល​រួម កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១១ ក្នុង​ខេត្ត​អាតាពើរ ប្រទេស​ឡាវ។ ភាគី​កម្ពុជា មាន​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ភាគី​ឡាវ មាន​លោក សំឌី ឌួងឌី (Somdy Douangdy) រដ្ឋមន្ត្រី​ក្រសួង​ផែនការ និង​វិនិយោគ។ ចំណែក​ភាគី​ វៀតណាម មាន​លោក បូយ ក្វាង វិញ (Bùi Quang Vinh) រដ្ឋមន្ត្រី​ក្រសួង​ផែនការ និង​វិនិយោគ។

របាយការណ៍​ពី​កិច្ច​ប្រជុំ​នោះ​ បាន​ចុះ​ផ្សាយ​ថា ក្រុម​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ បាន​យល់​ព្រម​បង្កើត​ផែនការ​មេ ​ខាង​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ នៅ​តំបន់​ត្រីកោណ រហូត​ដល់​ ឆ្នាំ​២០២០ ផ្អែក​លើ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា។ ក្រុម​រដ្ឋមន្ត្រី​ទាំង ​បី ​ប្រទេស​នេះ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​ពន្លឿន​ការ​ច្របាច់​បញ្ចូល​គ្នា ជា​ពិសេស​ខាង​ការ​ឆ្លង​ដែន​ ផ្នែក​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​ដឹក​ជញ្ជូន​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ​ខាង​ផ្នែក​សន្តិសុខ និង​កិច្ចការ​បរទេស ​ដើម្បី​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ ការ​អភិវឌ្ឍ​ក្នុង​អនុ​តំបន់។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា តំបន់​ភូមិ​ភាគ​ឦសាន ​របស់​កម្ពុជា ជា​តំបន់​មួយ ​ដែល​សំបូរ​ ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ ដែល​មាន​តម្លៃ​ដ៏​មហាសាល ដូចជា​ព្រៃឈើ រ៉ែ​មាស រ៉ែ​បុកស៊ីត សំណ​ដែក ថ្មម៉ាប និង​ជា​ជង្រុក​នៃ ​អនុផល​ធម្មជាតិ​ដ៏​ធំ។ ក្រុម​នេះ​ឲ្យ​ដឹង​ថា តំបន់​ភូមិ​ភាគ​ឦសាន​ របស់​កម្ពុជា គឺ​ជា​តំបន់​យុទ្ធសាស្ត្រ​សង្គ្រាម ​ដ៏​សំខាន់​បំផុត​ ក្នុង​ឥណ្ឌូចិន។

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន ​ក្នុង​ប្រទេស​បារាំង និង​ ជា​អតីត​រដ្ឋមន្ត្រី ​ក្រសួង​ឧស្សាហកម្ម និង​រ៉ែ ក្នុង​ទសវត្ស​ទី​៧០ មាន​ប្រសាសន៍​ថា វៀតណាម​ កំពុង​ដើរ​ខ្សែ​លើ ឬ​លេង​ល្បិច​លើ​កម្ពុជា និង ឡាវ។

ចំណែក​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​ ក្នុង​សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់  និយាយ​ថា ពលរដ្ឋ​នៅ​តាម​តំបន់​ភូមិ​ភាគ​ឦសាន ភាគ​ច្រើន​សុទ្ធ​តែ​ជា​ជន​ជាតិ​ភាគ​តិច ​ដែល​ខ្វះខាត​ការ​យល់​ដឹង​ច្រើន ​អំពី​បញ្ហា​វិទ្យាសាស្រ្ត ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ ដែល​អាច​នាំ​ឲ្យ​ ពួក​គេ​លំបាក​ក្នុង​ការ​ប្រឡូក​ នឹង​ប្រព័ន្ធ​សេដ្ឋកិច្ច​ចម្រុះ។

លោក​ថ្លែង​បន្ត​ថា វៀតណាម​ក៏​បាន​ប្រើ​យុទ្ធសាស្ត្រ​ត្រជាក់​ ដើម្បី​ត្រួតត្រា​ប្រព័ន្ធ​រដ្ឋបាល ​របស់​ខ្មែរ ដូច​ជា​ការ​ចង​ក្រង​រចនាសម្ព័ន្ធ​ តាម​ថ្នាក់​មូលដ្ឋាន​ជាមួយ​កម្ពុជា ចាប់​ពី​ថ្នាក់​មេ​ភូមិ មេ​ឃុំ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​របស់​ខ្មែរ ​ត្រូវ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​វៀតណាម។

ជាមួយ​គ្នា​នេះ​ដែរ អតីត​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ចន ហបឃិន (John Hopkin) លោក​បណ្ឌិត ទិត្យ ណារ៉ាញ់ គីរី មាន​ប្រសាសន៍​ថា ការ​បង្កើត​ តំបន់​ត្រីកោណ​ពិសេស​នេះ គឺ​ជា​ការ​ផ្ដល់​លទ្ធភាព និង​ជា​ការ​សម្រួល​ដល់​ រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​បញ្ជូន​ពលរដ្ឋ​របស់​គេ ​ឲ្យ​មក​រស់​នៅ ​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ស្រប​ច្បាប់ ហើយ​នៅ​ចុង​បញ្ចប់​ខេត្ត​របស់​ខ្មែរ​ទាំង​នោះ នឹង​មាន​តែ​ជន​ជាតិ​វៀតណាម ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​សេចក្ដី​អត្ថាធិប្បាយ​ ពី​ក្រុម​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា​ដែរ តែ​មិន​មាន​មន្ត្រី​ណា​មួយ​ អាច​បក​ស្រាយ​បាន​នោះ​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អ្នក​វិភាគ និង​ក្រុម​អ្នក​រិះគន់​នេះ​ដែរ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​ ខែ​មិថុនា ធ្លាប់​បង្ហាញ​ពី​ជំហរ ​មិន​ដក​ថយ​របស់​កម្ពុជា ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ ជាមួយ​វៀតណាម ក្នុង​ការ​បង្កើត​ តំបន់​សេដ្ឋកិច្ច​ចម្រុះ​នេះ។

ក្រៅ​ពី​ការ​បង្កើត​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពិសេស​ រវាង​កម្ពុជា វៀតណាម ឡាវ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​សុទិដ្ឋិនិយម ​ក្នុង​ការ​បង្កើត​តំបន់​មរកត ​អភិវឌ្ឍន៍​ពិសេស រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ឡាវ និង​ថៃ ដើម្បី​បង្ហាញ​ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ឲ្យ​បាន​ជោគជ័យ​ សម្រាប់​ទិស​ដៅ​អាស៊ាន សហគមន៍​តែមួយ​វាសនា ​តែ​មួយ​ក្នុង ​ឆ្នាំ​២០១៥៕

No comments: