Wednesday, May 4, 2016

រដ្ឋាភិបាល ត្រូវទម្លាក់ចោលបន្ទាន់ ការឃុំខ្លួនមន្រ្តីសង្គមស៊ីវិល និងមន្រ្តី គ.ជ.ប

(ម៉ែន ណាត)
 
 
 
 សមាជិកសភា អ៊ុំ សំអាន (អាវក្រឡា) ចុះពិនិត្យព្រំដែន ២០១៥


សេចក្តីថ្លែងការណ៍
រដ្ឋាភិបាល ទម្លាក់ចោលជាបន្ទាន់ ការឃុំខ្លួនមន្រ្តីសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប
ក្រុងគ្រីស្ទានសាន់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលយ៉ាងដាក់អហង្កា ចំពោះរដ្ឋាភិបាល ដែលប្រើប្រព័ន្ធ តុលាការ ក្នុងការគំរាមកំហែង ចាប់ខ្លួប និងឃុំខ្លួនដាក់ពន្ធនាគារ ក្រុមមន្រ្តីអង្គការសង្គមអាដហុក (ADHOC) និង អគ្គលេធិការរង ណគៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

ដំណើរការឃាត់ខ្លួន ឃុំខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ និង សេចក្តីសម្រេចរបស់ តុលាការក្រុងភ្នំពេញ ប្រព្រឹត្តទៅមិនប្រក្រតីភាព និង ធ្វើតាមតែការចង់បានរបស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងបំណងគំរាមកំហែង និង បំបិទមាត់ក្រុមមន្រ្តីអង្គការសិទ្ធិមនុស្ស ហើយនិងបង្ក្រាបគណបក្សប្រឆាំង។

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា, មន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក ណៃ វង់ដា, លោកស្រី លឹម មុន្នី, លោក នី សុខា និងលោក យី សុខសាន្ត និងមន្រ្តីអង្គការ សហប្រជាជាតិ លោក សឺន សាលី មិនអាចចាត់ចូលក្នុងបទប្រព្រឹត្តអំពើពុករលួយ ផ្តល់ សោហ៊ុយបន្តិចបន្តួចដល់ជនរងគ្រោះ ដូចការចោទប្រកាន់ ពីអង្គភាពប្រឆាំងអពើពុករលួយ នោះទេ។ លោក ប្រេដ អាដាមស៍ (Brad Adams) នៃអង្គការ Human Rights Watch ថ្លែងថា អង្គភាពនេះ គួរតែសស៊ើបអង្កេតលោក ហ៊ុន សែន ដែលមានទ្រព្យសម្បតិ្តបម្រាណ ៥០០ លានដុល្លារអាមេរិក និង ស៊ើបអង្កេតលោក ឱម យិនទៀង ប្រធានអង្គភាពនេះ ជាមុនសិន (វិទ្យុអាស៊ីសេរី ០៣/៥/២០១៦)។

ដើមហេតុនៃសំណុំរឿងនេះ គឺខ្សែអាត់សម្លេង រវាងកញ្ញា ខុម ដារ៉ាទី (ស្រីមុំ) ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ស្រីមុំ បានសុំឲ្យសមាគមអាដុក ជួយផ្តល់មេធាវី ដើម្បីសម្រួលផ្លូវច្បាប់ ជាមួយក្រសួងមហាផ្ទៃ និងតុលាការក្រុងភ្នំពេញ។ ប៉ុន្តែក្រោយមក មេធាវីរបស់កញ្ញា ស្រីមុំ គឺលោកស្រី ទ្រី ឈួន បានសម្រួល ស្រីមុំ ឲ្យសហការជាមួយ លោក ឱម យិនទៀង និង សរសេរពាក្យបណ្តឹង ប្តឹងបកទៅ លោក កឹម សុខា, មន្រ្តីសង្គមស៊ីវិល និង អ្នកពាក់ព័ន្ធ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា រដ្ឋាភិបាលត្រូវត្រូវវែកមុខ ជនដែលផលិត ខ្សែអាត់សម្លេង និង ជនដែលសមគំនិត ក្នុងការផ្សព្វផ្សាយ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ 

សូមអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាល សូមទម្លាក់ចោល ការចោទប្រកាន់ជាបន្ទាន់ ដោយគ្មាន លក្ខខណ្ឌ ដើម្បីឲ្យក្រុមមន្រ្តីជនរងគ្រោះ មានសេរីភាពឡើងវិញ។ រដ្ឋាភិបាល ត្រូវដោយដោះលែង លោក អ៊ុំ សំអាន, លោក ហុង សុខហួរ និង សកម្មជននយោបាយជាង ១០ រូប ឲ្យមានសេរីភាព ឡើងវិញផងដែរ។
សូមអពាវនាវក្រុមប្រទេសម្ចាស់ជំនួយ ដាក់សំពាធរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពលក្ខខណ្ឌ យ៉ាងម៉ឺងម៉ាត់ តាមខ្លឹមសារនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីអំពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាននៅកម្ពុជា។

 ប្រធាន
 ម៉ែន ណាត


No comments: