ង្វៀន ភូត្រុង អរគុណកម្ពុជាយកចិត្តទុកដល់ជនជាតិវៀតណាម
Friday, 09 December 2011
ជាង សុខា, The Phnom Penh Post
ភ្នំពេញៈ
មន្ត្រីជាន់ខ្ពស់វៀតណាមមួយរូប ដែលទើបតែបានបញ្ចប់ដំណើរទស្សន
កិច្ចផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍បានសម្តែង
អំណរ គុណចំពោះប្រទេសនេះ ដែលបានយកចិត្តទុកដាក់
និងបង្កលក្ខណៈស្របច្បាប់ ដល់អាណិកជនវៀតណាម ដែលកំពុងរស់នៅកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃម្សិលមិញ។
ប្រទេសកម្ពុជា និងវៀតណាមបានសន្យាថា នឹងបន្តធ្វើឲ្យមានលក្ខណៈងាយស្រួល ដល់អាណិកជននៃភាគីមួយទៀត ដូចអាណិកជនបរទេសផ្សេងទៀត ដែលកំពុងតែរស់នៅលើទឹកដី នៃប្រទេស រៀងៗខ្លួន។
សេចក្តីថ្លែងការណ៍រួមនោះ បានសរសេរថា៖ «ភាគីវៀតណាម បានវាយតម្លៃខ្ពស់ និង ថ្លែង
អំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
អំពីការយកចិត្តទុកដាក់
បង្កលក្ខណៈ ស្របច្បាប់ឲ្យ អាណិកជនវៀតណាម រស់នៅកម្ពុជា»។
ក្នុងអំឡុងពេលនៃ ដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៣
ថ្ងៃ មកកាន់ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែធ្នូ
អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក
ង្វៀន ភូត្រុង បានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយ
លើបញ្ហានានា ជាមួយព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ងួន ញ៉ិល
ប្រធានស្តីទីរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រទេសទាំង ២
ក៏បានព្រមព្រៀងគ្នា បន្តកិច្ចសហប្រតិបត្តិការ ល្បាតរួមគ្នាដើម្បី
ធានានូវស្ថិរភាពនៅតំបន់ផ្ទៃសមុទ្រ
និងទុកភារកិច្ចឲ្យ គណៈកម្មាធិការព្រំដែន ប្រទេសទាំង ២
ចាប់ផ្តើមពិភាក្សា ដើម្បីកំណត់ ខ្សែព្រំដែនសមុទ្រ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា
យោងតាមស្ថិតិក្រៅផ្លូវការ ដែលលោកទទួលបាន
មានជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ រវាងពី១ ទៅ ៣
លាននាក់ កំពុងរស់នៅ ក្នុងប្រទេសកម្ពុជា។
លោក យឹម សុវណ្ណ បានគូសបញ្ជាក់ថា ៖ «ភាគច្រើន
ពួកគេរស់នៅខុសច្បាប់។ ពួកគេស្របច្បាប់
លុះត្រាតែមានការឡាយព្រះហត្ថលេខា លើព្រះរាជក្រឹត្យពីព្រះ
មហាក្សត្រ»។
លោកបានអះអាងបន្តថា ជនអន្តោប្រវេសន៍វៀតណាម កាន់តែច្រើនថែមទៀត
អាចនឹងចូលមកប្រទេសកម្ពុជា ដោយសារតែ មានមន្ត្រីពុករលួយ
ហើយរដ្ឋាភិបាល ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់បរទេស។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ៖ «ខ្ញុំមិនរើសអើងពួកគេ
(ជនជាតិវៀតណាម) ទេ តែប្រទេសនីមួយៗ មានច្បាប់
ហើយយើង គួរគោរពទៅតាមច្បាប់»៕
No comments:
Post a Comment