Thursday, April 14, 2016
រឿងពិតនៅកម្ពុជា៖ ប្រវត្តិអ្នករងគ្រោះ រឿងទឹកដីកម្ពុជា-យួន ដោយរបប ហ៊ុន សែន
រឿងពិតនៅកម្ពុជា៖ ប្រវត្តិអ្នករងគ្រោះបន្ថែមរឿងទឹកដីកម្ពុជា-យួនដោយរបប ហ៊ុន សែន
..........................
ក្នុងការផ្សាយមុននេះបន្តិច ខ្មែរ សុវណ្ណភូមិ បានលើកយកអ្នករងទោស ដោយសារ រឿងទឹកដី កន្លងមក និងថ្មីៗនេះ ដូចជាលោក សម រង្ស៊ី លោក ហុង សុខហួរ លោក ព្រំ ជា អ្នកស្រី មាស ស្រី និងលោក អ៊ុំ សំអាន ដែលទើបនឹងចាប់ខ្លួន កាលពីយប់កន្លងទៅនេះក្នុងរបប ហ៊ុន សែន។ ក្នុងអត្ថបទនេះ ខ្មែរ សុវណ្ណភូមិ នឹងបង្ហាញមនុស្សមួយចំនួនទៀត ដែលទទួលទោស ដូចគ្នា ក្នុងរឿងទឹកដី នេះផងដែរ។ អ្នកទាំងនោះមានដូចជា៖
- លោក រ៉ុង ឈុន ៖ លោក រ៉ុង ឈុន ជាគ្រូបង្រៀន ជាប្រធាន សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ២០០៥ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ (រដ្ឋាភិបាល) ដោយសារលោកបាន ចុះហេត្ថលេខារួមលើ សេចក្តីថ្លែងការណ៍ របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រិះគន់អំពី សន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់ កម្ពុជា-យួន ២០០៥ ដែល ហ៊ុន សែន បានចុះហត្ថលេខាជាមួយយួននៅថ្ងៃទី១០ តុលា ២០០៥ ហើយលោកត្រូវបានកាត់ទោសឲ្យជាប់គុកចំនួន៥ឆ្នាំ តែត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ នៅថ្ងៃទី២០ មករា ២០០៦។
- លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា ៖ លោក ម៉ែន ណាត ជាប្រធាន សមាគមមន្រ្តីរាជការកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា, លោក ឆាំ ឆានី ជាប្រធាន សមាគមកសិករកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក អៀ ចាន់ណា ជាអគ្គលេខាធិការរង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ អ្នកទាំងបីនាក់ បានចុះ ហត្ថលេខារួមលើ សេចក្តីថ្លែងការរួមរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្តីអំពី សន្ធិសញ្ញា បំពេញបន្ថែមខុសច្បាប់ កម្ពុជា-យួន ២០០៥ ជាមួយលោក រ៉ុង ឈុន ដែល ហ៊ុន សែន បាន ចុះហត្ថលេខា ជាមួយយួននៅថ្ងៃទី១០ តុលា ២០០៥ នេះផងដែរ។ លោកទាំងបី បានភៀសខ្លួន មកប្រទេសថៃ បន្ទាប់ពីការតាមចាប់ខ្លួន របស់រដ្ឋាភិបាល ហ៊ុន សែន ហើយ ទទួលបាន សិទ្ធិជ្រកកោន នយោបាយ នៅប្រទេ សន័រវ៉េស្សន៍ នាខែ មករា ២០០៦។
- លោក ប៉ាង សុខឿន ៖ លោក ជាប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ជាប្រធាន ក្រុមប្រឹក្សាយុវជនកម្ពុជា ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាសាស្រ្តចារ្យ នៅ សាកលវិទ្យាមេគង្គកម្ពុជា។ បន្ទាប់ពីមានជំនួបជាមួយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ២០០៤ លោក បានដឹកនាំយុវជនជាច្រើន ចុះទៅសិក្សា និងត្រួតពិនិត្យព្រំដែន ជាញឹកញាប់ បានតវ៉ាបញ្ហាសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២ ១៩៨៣ និង១៩៨៥ ផងដែរ និងបានជំរុញឲ្យ មានចលនាតស៊ូមតិ រឿងតំលៃប្រេងសាំង ដ៏ថ្លៃនៅកម្ពុជាថែមទៀត។ លោក ត្រូវបានគេ គំរាមសំលាប់ និងរងការតាមចាប់ខ្លួនពីរដ្ឋាភិបាល។ លោក បានភៀសខ្លួនមក ប្រទេសម៉ាឡេស៊ី និងទទួូលបានសិទ្ធិជ្រកកោននយោបាយ នៅប្រទេស ស៊ុយអែត ដើមឆ្នាំ២០០៦។
- លោក ជា មុន្នី ៖ លោក ជា មុន្នី ជាប្រធានសហជីពសេរីកម្មករកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយលោក ជា មុន្នី ក៏បានចុះហេត្ថលេខារួម លើសេចក្តីថ្លែងរួម ការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្តីអំពីសន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់ កម្ពុជា-យួន ២០០៥ នោះផងដែរ។ លោក ត្រូវបានរដ្ឋាភិបាលភ្នំពេញ តាមចាប់ខ្លួនផងដែរ ខណៈពេលលោក ជា មន្នី កំពុងមកចូលរួមសន្និសីទ នៅប្រទេសអង់គ្លេស តែលោក បានវិលចូលមកកម្ពុជាវិញ នៅថ្ងៃទី១ កុម្ភៈ២០០៦ បន្ទាប់ពីបានភៀសខ្លួនមួយរយៈ ដោយមានការជួយសម្រួលពី សយ សុភាព ជាមួយ ហ៊ុន សែន និង ដោយលោក ជា មុន្នី បានសរសេរលិខិតមួយច្បាប់ទៅ ហ៊ុន សែន ពន្យល់អំពីរឿងនេះ ហើយជាពិសេស ក្រោយពេលអ្នក ដែលត្រូវបានជាប់ឃុំ ត្រូវបានដោះលែង។
- លោក កឹម សុខា ៖ លោក កឹម សុខា ជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាអតីតប្រធានគណបក្សសិទ្ធិមនុស្សកម្ពុជា និងបច្ចុប្បន្នជាអនុប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែធ្នូ ២០០៥ ពីបទបរិហារកេរ្តិ៍ ដោយសារតែ នៅកន្លែង វេទិកា សិទ្ធិមនុស្ស របស់លោកមានបដារសរសេរ ដោយដៃមួយផ្ទាំង របស់ពលរដ្ឋដាក់នៅទីនោះ មានន័យថា «ហ៊ុន សែន លក់ដីឲ្យយួន»។ សូមបញ្ជាក់ថា លោក ប៉ា ងួនទៀង និងលោក យ៉េង វីរៈ ក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយមិនដឹងខ្លួន ពីបទចោទដូចគ្នា ដោយលោក ប៉ា ងួនទៀង ជាថ្នាក់ដឹកនាំ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយលោក យ៉េង វីរៈ អតីតនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងបច្ចុប្បន្ន ជាប្រធាន គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ជាអ្នកចូលរួម និងសហការជាមួយលោក កឹម សុខា ក្នុងវេទិការ នាពេលនោះ។ លោក កឹម សុខា ត្រូវបានដោះលែងនៅថ្ងៃទី១៧ មករា ២០១៦ ដំណាលគ្នា លោក ម៉ម សូណង់ដូ លោក ប៉ា ងួនទៀង និងលោក យ៉េង វីរៈ បន្ទាប់ពីមានការអន្តរាគមន៍ ពី សហគមអន្តរជាតិដ៏ខ្លាំងក្លា ជាពិសេសបន្ទាប់ពី បេសកជនពិសេសរបស់ មេរិកលោក Christopher Hill បានមកជួប ហ៊ុន សែន ដោយផ្ទាល់នៅទីក្រុងភ្នំពេញ។
- លោក ម៉ម សូណង់ដូ ៖ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធាន គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នាពេលនេះ ត្រូវបានអាជ្ញាធររបប ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី១១ ខែតុលា ២០០៥ ទោសពីបទបរិហារកេរ្តី៍និងញុះញង់ ដោយសារលោក ម៉ម សូណង់ដូ បាន ចាក់ផ្សាយ នូវបទសម្ភាសន៍របស់ លោកជាមួយ លោក ស៊ាន ប៉េងសែ អំពីសន្ធិសញ្ញា បំពេញបន្ថែមកម្ពុជា-យួន ២០០៥ ដែល ហ៊ុន សែន បានចុះហត្ថលេខា ជាមួយយួន នៅថ្ងៃទី១០ តុលា ២០០៥ នោះ។ លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោស ឲ្យជាប់គុកចំនួន ២០ ឆ្នាំ តែត្រូវបានដោះលែងប៉ុន្មានខែ ក្រោយមក បន្ទាប់ពីមានអន្តរាគមន៍ ពីអន្តរជាតិដ៏ខ្លាំងក្លា។
នេះជាព័ត៌មាន ដែលកូនខ្មែរ យុវជនខ្មែរ និងពលរដ្ឋខ្មែរត្រូវដឹង និងត្រូវចោទសួរខ្លួនឯងថា ហេតុអ្វីបានជាទង្វើស្រឡាញ់ទឹកដី ត្រូវមានទោសទៅវិញ ក្នុងរបប ហ៊ុន សែន? តើ ហ៊ុន សែន កំពុងបម្រើអ្នកណា?
ដោយ៖ ខ្មែរ សុវណ្ណភូមិ; ថ្ងៃទី១១ មេសា២០១៦
Subscribe to:
Post Comments (Atom)
No comments:
Post a Comment