Sunday, May 8, 2016

ក្រុមការងារព្រំដែនកម្ពុជា នៅបារាំង៖ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ខុសច្បាប់


ក្រុមការងារព្រំដែនកម្ពុជា នៅបារាំង៖ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ខុសច្បាប់

អត្ថបទដោយ អ៊ុនសុខឡា, Vayo-FM TEAMS, 21-8-2016

យោងតាមសេចក្តីបញ្ជាក់ជំហររបស់ គណៈកម្មការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្រុមការងារ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីការប្រើប្រាស់ផែនទីព្រំដែន និងសន្ធិសញ្ញាខុសច្បាប់នានា ឆ្នាំ១៩៧៩ និងទសវត្ស៨០ ឲ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ១៩៩១ បាន លុបចោល សន្ធិសញ្ញាខុសច្បាប់នានា ទសវត្សទី៨០។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ «សន្ធិសញ្ញានោះ ដាក់ជាមោក្ខភាពរួចហើយ» ក្នុងលិខិតរបស់ខ្លួន ថ្វាយព្រះមហាក្សត្រ ថ្ងៃទី៣១ កក្កដា ឆ្នាំ២០០០។ ប៉ុន្តែលោក ហ៊ុន សែន បានយកសន្ធិសញ្ញាខុសច្បាប់ទាំងនោះ មកធ្វើជា សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ជាសន្ធិសញ្ញា តាមការចង់បានរបស់ វៀតណាម។

ក្រុមការងារកិច្ចការព្រំដែនកម្ពុជា ដែលមាន លោក ស៊ាន ប៉េងសែ ជាប្រធាន ទាមទារឲ្យលុប សន្ធិសញ្ញា២០០៥ នោះជាបន្ទាន់។


លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងទទួលស្គាល់ថា «ផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី សម្រាប់បោះបង្គោលព្រំដែន គឺផលិតដោយវៀតណាម ហើយការបោះបង្គោលព្រំដែន គឺប្រើផែនទី UTM ខ្នាត ១/៥០.០០០» ក្នុងសន្និសីទកាសែត ថ្ងៃទី០២ កក្កដា ២០១៥។

យោងតាមលិខិតដដែល គឺរកមិនឃើញឯកសារណាមួយនៅឡើយ ដែលបញ្ជាក់ថា កម្ពុជា មានផែនទីព្រំដែន នៅឆ្នាំ១៩១៤ ដូចការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី (ថ្លែងថ្ងៃទី១៣ សីហា ២០១៥) លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ថ្លែងថ្ងៃទី១៦ សីហា) និងលោក សុខ ទូច នៃរាជបណ្ឌិតសភាកម្ពុជា (ថ្លែងថ្ងៃទី១១ សីហា) ទេ។ គោលបំណង របស់រដ្ឋាភិបាលកម្ពុជា គឺមានចេតនា ជំរុញឲ្យមានការប្រែ មាត្រា២ រដ្ឋធម្មនុញ្ញ ដើម្បីឲ្យ ស្របតាម ការបោះបង្គោលព្រំដែន ៨៣%  រួចហើយ និងតាមផែនទី UTM ដែលខ្លួនកំពុងធ្វើ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ មានតែអនុក្រឹត្យ របស់អគ្គទេសាភិបាល ស្តីពីការកំណត់ព្រំដែន រវាងកម្ពុជា និងកូសាំងស៊ីន (កម្ពុជាក្រោម) អំពីខេត្តខ្មែរភាគឥសាន ពីតំបន់ដាក់ដាំ និងដាក់ហ៊ួត។ វាគ្មានបញ្ជាក់ពីផែនទីទេ បើតាមឯកសារព្រំដែន របស់លោក សារិន ឆាក។ ហើយការលើកឡើង ទាំងប៉ុន្មានរបស់ លោក ហ៊ុន សែន និងអ្នកឯទៀត គឺមិនមានមូលដ្ឋាន ច្បាប់រឹងមាំទេ។ នោះគ្រាន់ តែជាការបន្លប់ ស្ថានការណ៍ឯទៀត។

នៅក្នុងខ្លឹមសារនេះ ក៏បានបញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញ មាត្រា២ គឺជាមាត្រាសំខាន់ ដែលមិនត្រូវមាន ការកែប្រែណាមួយជាដាច់ខាត។ បើមានការកែប្រែមាត្រានេះ ដោយបើកឲ្យផែនទីផ្សេង ឬផែនទី UTM ខ្នាត ១/៥០.០០០ នោះកម្ពុជា នឹងបាត់បង់ប្រជុំ «កោះត្រល់» ជាផ្លូវការ ដោយ «អស់សិទ្ធិតវ៉ា» ជាមួយយួន ហើយយើង នឹងបាត់បង់ឯកសារ ដែលមានតម្លៃ ជាប្រវត្តិសាស្ត្រជាតិ និង អន្តរជាតិផង៕

No comments: