Saturday, May 7, 2016

ម៉ែន ណាត៖ ហ៊ុន សែន ធ្វើរឿងអយុត្តិធម៌ផ្ទួនៗ លើជនស្លូតត្រង់ និង អ្នកស្នេហាជាតិ!


ហ៊ុន សែន ធ្វើរឿងអយុត្តិធម៌ផ្ទួនៗ លើជនស្លូតត្រង់ និង អ្នកស្នេហាជាតិ!

អត្ថបទ ម៉ែន ណាត,  07th-5-2016

នៅទីណាក៏ដោយ ចិត្តយើងមិនអាចស្ងប់បានទេ ពីព្រោះយើងជាផ្នែកមួយ នៃយុត្តិធម៌សង្គម និង ជាជាតិសាសន៍របស់ខ្មែរ។

របបដឹកនាំលោក ហ៊ុន សែន តាំងពីទសវត្សទី៨០ មកទល់សព្វថ្ងៃ មិនដែលផ្តល់យុត្តិធម៌ ជូនជនស្លូតត្រង់ និង អ្នកទន់ខ្សោយ ម្តងណាទេ។ មានមនុស្សជាច្រើន ស្លាប់ និង ជាប់គុក ក្រោមការដឹកនាំរបស់របបនេះ យ៉ាងអយុត្តិធម៌ ហើយបូរណភាពទឹកដី ក៏បាត់បង់ ទៅប្រទេស ជិតខាង រួមទាំងកោះត្រល់ និងកោះក្រចកសេះផង។

ពួកយើង ជាមនុស្សជំនាន់ថ្មី បានលះបង់ជាច្រើន និង បាត់បង់ជីវិត មិត្តរួមការងារជាច្រើន ក្នុងការចូលរួមតវ៉ាមហាបាតុកម្ម ជួយ សម្តេចក្រុព្រះ និង លោក សម រង្ស៊ី ដើម្បីប្រឆាំង លោក ហ៊ុន សែន តាំងពីឆ្នាំ១៩៩៨។ ហើយមកដល់ឆ្នាំ២០១៣ ឆ្នាំ២០១៤ ក៏យើង ជួយបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និងលោក កឹម សុខា។ បក្សសង្គ្រោះជាតិ មិនបានគោរពកិច្ចសន្យា ជាមួយពលរដ្ឋ ប៉ុន្តែទៅចុះកិច្ចសន្យា ជាមួយលោក ហ៊ុន សែន ដោយប្រថុយប្រថាន ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ដើម្បីដោះស្រាយ បញ្ហាជាប់គាំង នយោបាយ។ពីចុងឆ្នាំ២០១៥ មកដល់ សព្វថ្ងៃនេះ ភាគីបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន មិនបានកាត់បន្ថយ ការធ្វើទុក្ខពលរដ្ឋ, បក្សប្រឆាំង និង ការរំលោភសិទ្ធិមនុស្សនោះទេ។

ជាលទ្ធផល ពួកយើង ខកបំណងដូចពលរដ្ឋឯទៀតដែរ ពីបក្សនយោបាយដែលពួកយើង បាន ជួយជ្រោមជ្រែងនោះ គេគិតតែ ប្រយោជន៍គណបក្ស របស់ពួកគេ ច្រើនជាងប្រយោជន៍ជាតិ និងពលរដ្ឋ។ ហើយភាគីរបស់លោក ហ៊ុន សែន ធ្វើនយោបាយ កាន់តែ សាហាវ កាន់តែទុច្ចរឹត និង ដូចខ្លាទ័លច្រក។ យើង កំពុងតែធ្វើកិច្ចការយុត្តិធម៌សង្គម ជួយជនរងគ្រោះ ការពារបូរណភាពទឹកដី និងប្រឆាំងអំពើពុករលួយ ជាដើម។ យើង នឹងសម្រេចចិត្ត ធ្វើកិច្ចការ នយោបាយដោយផ្ទាល់ ក្នុងពេលកំណត់ច្បាស់លាស់មួយ។

រំលឹក‬៖

- មិត្តរួមការងាររបស់យើង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងមហាបាតុកម្ម ឆ្នាំ១៩៩៨ ត្រូវបានកម្លាំងរដ្ឋាភិបាល ហ៊ុន សែន បាញ់សម្លាប់បាតុករ ៣២ នាក់ និង បាត់ខ្លួនជាង ១០០ នាក់
- មិត្តរួមការងាររបស់យើង នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី២២ មករា ២០០៤ លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ ក្រោមការបញ្ជា របស់ ខ្មោចលោក ហ៊ុក ឡងឌី និងពាក់ព័ន្ធដល់ ហេង ពៅ ផង។
- ថ្ងៃទី១៤ តុលា ២០០៥ ពួកយើង ត្រូវបានលោក ហ៊ុន សែន ប្រកាស ចាប់ខ្លួន ដោយសារយើង ប្រឆាំងនឹងសន្ធិសញ្ញាព្រំដែនបន្ថែម ដើម្បី កាត់ទឹកដីឲ្យយួន។ សមាសភាពមាន ខ្ញុំ ម៉ែន ណាត, លោក រ៉ុង ឈុន, លោក ជា មុន្នី, លោក ឆាំ ឆានី, លោក ប៉ាង សុខឿន, លោក អៀ ចាន់ណា
- ថ្ងៃទី២៦ តុលា ២០១៥ សមាជិកសភា ញ៉យ ចំរើន ដែលអតីតក្រុមការងាររបស់យើង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ត្រូវបានបាតុករហិង្សា របស់លោក ហ៊ុន សែន វាយឲ្យរបួសធ្ងន់ធ្ងរ ជាមួយសមាជិកសភា គង់ សុភា ដែលទាន់បានទទួល យុត្តិធម៌ នៅឡើយ។
- ថ្ងៃទី១១ មេសា ២០១៦ សមាជិកសភា លោក អ៊ុំ សំអាន ត្រូវបាន រដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់គុក ដោយរំលោភរដ្ឋធម្មនុញ្ញ ធ្ងន់ធ្ងរ។ លោក សំអាន គឺជាក្រុមការងាររបស់យើង តាំងពីឆ្នាំ១៩៩៨ ជាមួយលោក សារ៉ូ ស៊ីវុត្ថា, លោក ទូច វិបុល និង សមាជិកសភា ញ៉យ ចំរើន


(ពីឆ្វេង៖ សារ៉ូ ស៊ីវុត្ថា, ទូច វិបុល, ស៊ុន ណូរ៉ា, នៅ សំអាត)


No comments: