Wednesday, May 11, 2016

ទស្សនៈចំពោះគោលនយោបាយ ឈានទៅការកែទម្រង់កម្ពុជា ថ្ងៃអនាគត


យុទ្ធនាការជជែកដេញដោលចំហ (Debate)

(ក្រុមពិគ្រោះយោបល់៖ ប៉ាង សុខខឿន, លោក ម៉ែន ណាត, លោក ទូច វិបុល។ អត្ថបទ ម៉ែន ណាត)

ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ ក្នុងគណបក្សមួយ ដោយបើកចំហ ដោយមាន ការប្រគួតប្រជែងស្មើភាពគ្នា ជ្រើសរើសតំណាងរបស់ខ្លួន ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ។ ការណ៍នេះ គេធ្វើតាមរយៈ ការជជែកដេញដោលជាចំហ (Debate) ក្នុងចំណោម សមាជិក ឬអ្នកចូលរួម ដើម្បីចំម្រាញ់បេក្ខភាពនីមួយៗ ចេញពីឆន្ទៈពលរដ្ឋ និងចូលរួម។ គណៈកម្មធិការវាយតម្លៃ ត្រូវពិភាក្សាលំអិត អំពីគោលការណ៍នេះ ទៅតាម ស្ថានភាពជាក់ស្តែង ផ្សារភ្ជាប់ទីតាំងភូមិសាស្រ្ត និងប្រពៃណីទំលៀមទំលាប់ របស់ពលរដ្ឋ។

 ឯកសារនេះ កំណត់មូលដ្នានគ្រឹះនៃយុទ្ធានាការដេញដោលជាចំហ និង កំណត់រយៈពេល ជាក់លាក់ ក្នុងកម្មវិធីនយោបាយ ដែល ជាយន្តការថ្មី សម្រាប់ប្រទេសកម្ពុជា។ មេដឹកនាំបក្សនយោបាយ នឹងលែងក្លាយជាអ្នកនិយាយតែម្នាក់ឯង ឬជាគ្រូឧទ្ទេសន៍ ថ្លែងឲ្យ ពលរដ្ឋចំហមាត់ស្តាប់ ទៀតហើយ។ ពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីយុទ្ធនាការ អាចជ្រើសរើស តំណាងរបស់ខ្លួន។ ពលរដ្ឋ និង បេក្ខជនជាតំណាង គឺជាអ្នកផ្តល់យោបល់ផ្ទាល់ និង ជាអ្នកបង្ហាញ អំពីសមត្ថភាព ព្រមទាំងគោលការណ៍ទទួលខុសត្រូវនានា ដើម្បីអភិវឌ្ឍមូលដ្ឋាន និង មណ្ឌល របស់ខ្លួន សម្រាប់ក្រោយពេលជាប់ឆ្នោត ជាតំណាងរាស្រ្ត ឬជាសមាជិកក្រុមប្រឹក្សាណាមួយ។ យុទ្ធនាការនេះ ត្រូវបញ្ចប់ ឲ្យបានមុន គណបក្សនយោបាយ បញ្ជូនបញ្ជីឈ្មោះបេក្ខជន ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមការកំណត់។ ទម្រង់នៃយុទ្ធនាការ នីមួយៗ មានលក្ខណៈដូចគ្នា ដូចបានបញ្ជាក់ខាងក្រោម៖
- ឧទាហរណ៍៖ បេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ និង ខេត្ត/ក្រុង ត្រូវធ្វើជាមួយគ្នា និង ត្រូវរៀបចំ យុទ្ធនាការរយៈពេល ៦ ខែ គឺពីខែធ្នូ ដល់ខែឧសភា សម្រាប់ អាណត្តិនីមួយៗ។
- ឧទាហរណ៍៖ បេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងបេក្ខភាព នាយករដ្ឋមន្រ្តី ត្រូវធ្វើ និងត្រូវរៀបចំយុទ្ធនាការ រយៈពេល ៥ គឺពីខែសីហា ដល់ខែធ្នូ សម្រាប់ អាណត្តិនីមួយៗ។

នេះជាចំណែកមួយនៃឯកសារ ដែលកំពុងចងក្រង ហើយឯកសារនេះ នឹងក្លាយជាមូលដ្ឋានគំនិត ដ៏សំខាន់ សម្រាប់ពលរដ្ឋខ្មែរ និង យុវជនជំនាន់ថ្មី ដែលមានបំណងធ្វើនយោបាយ ទៅថ្ងៃក្រោយ។

No comments: