Thursday, May 12, 2016

លោក ខ្មែរ សុវណ្ណភូមិ៖ នយោបាយទាល់ច្រករបស់គណបក្សប្រជាជន

ដោយ៖ លោក ខ្មែរ សុវណ្ណភូមិ
ជាធម្មតាគណបក្សប្រជាជនតែងមានភាពងាយស្រួលក្នុងការបំបែកគណបក្សដៃគូបដិបក្ខរបស់ខ្លួនខ្លាំងណាស់ក្នុងរយៈពេលកន្លងមក។ វិធីមួយងាយជាងគេគឺ ការចងសម្ភ័ន្ធភាព និងផ្តល់តួនាទី ឬលាភសក្ការៈ ឲ្យដៃគូបដិបក្ខ។ យុទ្ធសាស្រ្តនេះស៊ីភីភីបានប្រើយ៉ាងជោគជ័យជាមួយគណបក្សហ្វ៊ុនប៉ិចរហូតដល់រលាយពីពិភពនយោបាយ ដោយសារតែពលរដ្ឋជាច្រើនតែងមិនចង់ឃើញមេដឹកនាំបក្សប្រឆាំងទៅស្និទ្ធស្នាលរួមគ្រែជាមួយបក្សប្រជាជនដែលពួកគាត់គិតថាជាបក្សរណបយួនឡើយ។ សម្រាប់ពេលនេះគឺសភាពការណ៍ខុសគ្នាទាំងស្រុង ថ្វីត្បិតមេដឹកនាំបក្សប្រឆាំងទៅចូលរួមសភា ទៅហូបបាយរួមតុ និងអង្គុយយថត Selfie ជាមួយមេដឹកនាំបក្សប្រជាជន ក៏បក្សប្រជាជនមិនអាចនៅស្ងប់ និងអាចទទួលបានជោគជ័យពីនយោបាយនេះបានដែរ។ មូលហេតុគឺ៖
១) នៅពេលមេដឹកនាំបក្សសង្រ្គោះជាតិបង្កើតភាពស្និទ្ធស្នាលជាមួយបក្សប្រជាជន នោះបក្សប្រជាជនបានបន្ធូរការគៀបសង្កត់បក្សសង្រ្គោះជាតិ។ ការណ៍នេះ នាំឲ្យបក្សសង្រ្គោះជាតិមានឧ៌កាសចុះជួបពលរដ្ឋកាន់តែខ្លាំង និងនិយាយពីគោលនយោបាយរបស់ខ្លួនកាន់តែច្រើន ពលរដ្ឋកាន់តែចូលរួម និងការគាំទ្រកាន់តែកើនឡើង។ មេដឹកនាំបក្សសង្រ្គោះជាតិក៏នៅតែនិយាយរិះគន់រដ្ឋាភិបាលដូចមុន។ បញ្ហានេះ នាំឲ្យបក្សប្រជាជនមិនអាចទទួលយកបាន និងជាការខាតបង់នយោបាយមួយដ៏ធំ។ ដូច្នេះ ត្រូវតែបង្កើតបញ្ហា និងប្រើល្បិចកលអាក្រក់ផ្សេងវិញម្តងដើម្បីរំខានសកម្មភាពនេះ។
២) នៅពេលបក្សប្រជាជនព្យាយាមប្រើវិធីអាក្រក់ វាមិនបានធ្វើឲ្យពលរដ្ឋដកការគាំទ្របក្សសង្រ្គោះជាតិនោះទេ ពោលរឹតតែអាណិត និងកាន់តែចង់ផ្លាសប្តូរ ដោយបានឃើញភាពអយុត្តិធម៌ពីបក្សប្រជាជន។ ក្នុងសភាពបែបនេះ បក្សប្រជាជនរឹតតែខាត ដោយពេលនេះមិនខាតត្រឹមថ្នាក់ជាតិទេ តែខាតដល់ថ្នាក់ការទូតឬនយោបាយអន្តរជាតិថែមទៀត។ សង្រ្គោះជាតិកាន់តែមានការគាំទ្រ និងបក្សប្រជាជនកាន់តែទាល់ច្រក និងអាម៉ាស់។ តើកត្តាអ្វីជំរុញឲ្យមានសភាពការណ៍បែបនេះប្រែប្រួល? តាមពិតមេដឹកនាំបកសង្រ្គោះជាតិ មិនបានដើរតួនាតីសំខាន់ប៉ុន្មានក្នុងរឿងនេះទេ ពោលអ្នកគាំទ្របក្សសង្រ្គោះជាតិ ឬមហាជនទៅវិញទេ។ ព្រោះសំលេងមហាជនតែងដាក់សម្ពាធទាំងមេដឹកនាំបក្សប្រឆាំង និងមេដឹកនាំបក្សប្រជាជន។ ពេលមេដឹកនាំបក្សសង្រ្គោះជាតិដើរមិនត្រូវផ្លូវ ឬស្និទ្ធស្នាលជាមួយបក្សប្រជាជនហួសព្រំដែន ចង់ភ្លេចតួនាទីជាបក្សប្រឆាំង គឺមហាជន ឬអ្នកគាំទ្រជាអ្នកដាស់តឿន និងខ្លះវាយប្រហារមិនសំចៃ។ អ្នកគាំទ្របក្សសង្រ្គោះជាតិ គឺសកម្ម ហ៊ានបញ្ចេញយោបល់គ្រប់ពេល ព្រោះ ភាគ ច្រើនជាយុវជនជំនាន់ថ្មី។ ទាំងនេះហើយដែលធ្វើឲ្យមេដឹកនាំ បក្្សសង្រ្គោះជាតិ មិនភ្លេចតួនាទី ហើយចៀសផុតពីគន្លងផ្លូវហ្វ៊ុនស៊ីនប៉ិចបាន។ តែវាជាអកុសលសម្រាប់បក្សប្រជាជនទៅវិញ ព្រោះបក្សប្រជាជនមិនមានយុទ្ធសាស្រ្តអ្វីថ្មី ឬគំនិតអ្វីថ្មីល្អ ក្រៅពីទង្វើ ថោកទាបនោះទេ ហើយយុទ្ធសាស្រ្ត ឬទង្វើថោកទាបបែបនេះ មិនអាចប្រើការបានជោគជ័យជាមួយយុវជនសម័យថ្មីឡើយ។ ដូច្នេះវាជាពេលទាល់ច្រករបស់បក្សប្រជាជនយ៉ាងពិតប្រាកដ ទោះជាធ្វើស្និទ្ធក៏ខាត និងទោះជាធ្វើអាក្រក់បំបែកបំបាក់គេក៏រឹតតែខាត និងទីបំផុតអាចវិនាសខ្លួនឯង។

No comments: