Wednesday, May 11, 2016

លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភា ដើម្បីបំភ្លឺ រឿង កងទ័ពវៀតណាម លើដីសម្បទានខ្មែរ ៤ ម៉ឺនហិចតា ព្រំដែនខេត្តរតនគីរី

លោក អ៊ំុ សំអាន ជាប់ឃុំទាំង«មានអភ័យឯកសិទ្ធិ» ដែល មិនដែលមាន ក្នុង ប្រទេសប្រជាធិបតេយ្យ។ លិខិតរបស់លោក សំអាន មិនទាន់ទទួល បានការឆ្លើយបំភ្លឺ ពីមន្រ្តីរដ្ឋាភិបាលផង ត្រូវបានរដ្ឋាភិបាល ចាប់ឃុំខ្លួន។


លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភា ដើម្បីបកស្រាយ រឿង កងទ័ពវៀតណាម លើដីសម្បទាន

VOD News: ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦​ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងបញ្ជូនមន្ត្រីរបស់ខ្លួន ទៅឆ្លើយ ផ្ទាល់មាត់ នៅរដ្ឋសភាតាម សំណើរបស់តំណាងរាស្រ្ត បក្សប្រឆាំង លោក អ៊ុំ សំអាន ដែលកំពុងជាប់ពន្ធនាគារ ទាក់ទង នឹងការលើកឡើងថា មានកងទ័ពវៀតណាម នៅលើដីសម្បទានសេដ្ឋកិច្ច ក្នុងខេត្តរតនគិរី។

កាលពីថ្ងៃទី១០ ខែមីនា រដ្ឋសភាបានបញ្ជូនលិខិត របស់ លោក អ៊ុំ សំអាន ទៅកាន់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយក្នុងលិខិតនោះ តំណាងរាស្រ្ត មានបំណងសួរនាំ រដ្ឋាភិបាល ទាក់ទងនឹងមានព័ត៌មានចុះផ្សាយថា កងទ័ពវៀតណាម មានមូលដ្ឋាន នៅលើ ដីសម្បទាន សេដ្ឋកិច្ច ប្រហែលជា ៤ ម៉ឺនហិចតា ក្នុងខេត្តរតនគិរី។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ផ្ញើទៅកាន់ប្រធាន រដ្ឋសភាលោក ហេង សំរិន ហើយវីអូឌី ទើបតែទទួលបាន នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថា លោកនឹងបញ្ជូន សមាសភាពរដ្ឋាភិបាល ទៅរដ្ឋសភាទាក់ទងនឹង សំណួររបស់លោក អ៊ុំ សំអាន នៅពេលដែល លោក មានវត្តមាន នៅក្នុងកិច្ចប្រជុំសភា។

លោកនាយករដ្ឋមន្ត្រីសរសេរថា៖ “…ចំពោះករណីនេះ រាជរដ្ឋាភិបាលនឹងបញ្ជូន សមាសភាព រដ្ឋាភិបាល ទៅបំភ្លឺដោយផ្ទាល់មាត់ ជូនម្ចាស់សំណួរ នៅរដ្ឋសភា តាមកាលបរិច្ឆេទ សមរម្យណាមួយ ដែលរៀបចំដោយរដ្ឋសភា នៅពេលដែល ឯកឧត្តម អ៊ុំ សំអាន មានវត្តមាន ក្នុងកិច្ចប្រជុំនោះ”

ជំនួយការលោក អ៊ុំ សំអាន គឺលោក ម៉ាំ ម៉ាជីកូ ប្រាប់វីអូឌីថា កាលពីម្សិលមិញ លោកបានទៅជួប លោក អ៊ុំ សំអាន នៅពន្ធនាគារ។ លោកថា លោក អ៊ុំ សំអាន ចង់ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបំភ្លឺដោយផ្ទាល់ ជាងជាងចាត់អ្នកតំណាង ដោយថា លកនាយករដ្ឋមន្ត្រី ជាអ្នកទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងរដ្ឋាភិបាល។

លោក ម៉ាំ ម៉ាជីកូ បន្តថាការបំភ្លឺនេះអាចធ្វើទៅបាននៅពេលដែលលោក អ៊ុំ សំអាន រួចពីការឃុំខ្លួន បណ្តោះអាសន្ន និងរួចពីពិន័យរដ្ឋបាល ដែលហាមលោក មិនឲ្យ ចូលប្រជុំសភាចំនួន ១៥ ដង។ លោកឲ្យដឹងដែរថា គិតចាំពីថ្ងៃលោក អ៊ុំ សំអាន ទទួលពិន័យរហូត មកដល់ពេលនេះ រដ្ឋសភា បានប្រជុំចំនួន ៩ ដងរួចហើយ។

គួររំឭកថា កាលពីចុងខែកក្កដា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ម្រេចដាក់ ពិន័យរដ្ឋបាល លើតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ក្រោមហេតុផលថា លោក បានសរសេរលើហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់កិត្យានុភាព រដ្ឋសភា និងជេរប្រមាថ ប្រធានរដ្ឋសភា។

គួរបញ្ជាក់ដែរថា លោក អ៊ុំ សំអាន បច្ចុប្បន្ន កំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ដោយ ស្ថិតនៅក្រោមការពិនិត្យ ពីបទញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ (បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម) និងបទញុះញង់ ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៥ និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ ជាមួយបទចោទញុះញង់ ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ លោក អ៊ុំ សំអាន អាចជាប់ពន្ធនាគារពី ៦ ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលទៅ ៤ លានរៀល។ ចំពោះបទល្មើសញុះញង់ ឲ្យមានការរើសអើង លោក អាចជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន ទៅ ៦ លានរៀល៕

1 comment:

saakzitorn said...

កុំជឿរអាខ្វាក់ ហ៊ុន សែន ជាចោរ ជាជនក្បត់ជាតិ វាជាសត្វក្រពើ៕