Sunday, September 20, 2015

ហ៊ុន សែន បញ្ជា​ឲ្យ​បន្ត​បោះ​បង្គោល​ព្រំដែន និង​ឲ្យ​ចាប់​អ្នកណា​ហ៊ាន​ប្រឆាំង


 
 ហ៊ុន សែន បញ្ជា​ឲ្យ​បន្ត​បោះ​បង្គោល​ព្រំដែន និង​ឲ្យ​ចាប់​អ្នកណា​ហ៊ាន​ប្រឆាំង
ភ្នំពេញថ្ងៃទី៩ កញ្ញា ២០១៥, http://monoroom.info/news/post/6315
 
ក្រៅពីការបង្គាប់បញ្ជា ឲ្យបន្តបោះបង្គោលព្រំដែន និងឲ្យចាប់ខ្លួននរណាក៏ដោយ ដែលហ៊ាន ប្រឆាំងនោះ លោក ហ៊ុន សែន ថែមទាំងបានបង្ហាញ នូវឯកសារជាភស្តុតាង និងជាទឡ្ហីករណ៍ ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា រួម​ទាំង​ផែន​ទី«ផ្លូវការ» របស់រដ្ឋាភិបាលកម្ពុជា កំពុង ប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែន កម្ពុជា​-វៀតណាម។
 
ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានខ្លាំងៗ ឲ្យចាត់វិធានការ«តាមច្បាប់» ទៅ កាន់បុគ្គលណា ឬក្រុមណាក៏ដោយ ដែលនៅតែបន្តចោទរដ្ឋាភិបាល របស់លោក ថា បាន ប្រើប្រាស់ ផែនទីក្លែងក្លាយ ឬផែនទី​ចោរ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ នៅកម្ពុជា បានបង្គាប់ ទៅគ្រប់មន្ត្រីមានសមត្ថកិច្ច​ទាំង​អស់ ឲ្យធ្វើការចាប់ខ្លួនជននោះ ឬក្រុមនោះភ្លាមៗ នៅនឹងកន្លែង ដោយគ្មានការលើកលែងឡើយ ទោះជន​ឬ​ក្រុមនោះ លើកឡើងថា រដ្ឋាភិបាល កំពុងរំលោភសិទ្ធិ នៃការបញ្ចេញមតិ ឬសិទ្ធិក្នុងការចូលរួម ធ្វើនយោបាយ​នោះក៏ដោយ។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ចាប់ខ្លួនអ្នកណាក៏ដោយ ដែលហ៊ាននិយាយថា រដ្ឋាភិបាល ប្រើ​ប្រាស់​ផែនទីក្លែងក្លាយ។ បើទុកសភាពការណ៍ដូច្នេះ នឹងមានសង្គ្រាមកើតឡើង។ (...) បើខុស ពីគណបក្ស​ប្រជាជន​កម្ពុជាដឹកនាំនោះ ប្រទេសនឹងមានសង្គ្រាម។ ដូច្នេះខ្ញុំសូមបញ្ជាក់ថា មិនអត់ មានឲ្យនរណាមួយ ហ៊ានប្រើ​ពាក្យ​ថាផែនទីក្លែងក្លាយ ផែនទីចោរ គឺមិនលើកលែងទេ។ មន្ត្រីអនុវត្តច្បាប់ ត្រូវចាប់នៅនឹងកន្លែង ព្រោះអ្នកឯង​បំពាន​ច្បាប់។»

នាយករដ្ឋមន្ត្រីកម្ពុជា នៅតែអះអាងថា រដ្ឋាភិបាលរបស់លោកសព្វថ្ងៃ កំពុងប្រើប្រាស់ ផែនទី ផ្លូវការរបស់ខ្លួន ក្នុងការកំណត់បោះបង្គោលព្រំដែន កម្ពុជា-វៀតណាម ជាផែនទីបោនខ្នាត ១ លើ ១០០ ពាន់ ហើយលោក ហ៊ុន សែន បានបង្គាប់ឲ្យមន្រ្តី ជំនាញខាងព្រំដែន បន្តចរចា និងបោះ បង្គោលព្រំដែន ជាមួយប្រទេសវៀតណាម ដោយមិនបង្អង់រង់ចាំអ្វីទៀតឡើយ។ លោកថា ផែនទីនេះ ជាផែនទីស្របច្បាប់ពេញលេញ ទាំងច្បាប់ជាតិ និង​ទាំងច្បាប់អន្តរជាតិ។ រីឯការ ចោទប្រកាន់ លើរដ្ឋាភិបាលកម្ពុជា ថាបានប្រើផែនទីក្លែងក្លាយ ឬផែនទីមិន​ត្រឹម​ត្រូវ ឬរហូត ដល់ ការប្រើពាក្យថា ផែនទីចោរ គឺជាការមួលបង្កាច់ គ្មានមូលដ្ឋាន មកលើរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា។

ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ខាងលើនេះ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី៨ ខែកញ្ញានេះ តាមកញ្ចក់​ទូរទស្សន៍ជាតិ នៅមុន​មួយ​ថ្ងៃ នៃ​គម្រោងវិលត្រឡប់ មកប្រទេសកម្ពុជាវិញ របស់ លោក គឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ និង​ជា​អនុប្រធានទីមួយ នៃរដ្ឋសភា បន្ទាប់ពី ការចាកចេញទៅក្រៅប្រទេស ដែលមាន​រយៈពេលវែងមួយ។ លោក ហ៊ុន សែន បានលើកជា សំនួបន្តថា តើបុគ្គល ឬក្រុមអ្នករិះគន់រដ្ឋាភិបាល រួមទាំង​មន្រ្តី​ជាន់​ខ្ពស់ នៃគណបក្ស​សង្គ្រោះជាតិ ទាំងនោះ ហ៊ានទទួលខុសត្រូវបែបណា ចំពោះមុខប្រវត្តិសាស្ត្រ នូវ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន មក​លើ​រដ្ឋាភិបាល?

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ក្នុងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនអាច ទាក់ទង ដើម្បីសុំការបញ្ជាក់ពីការថ្លែងរបស់លោក ហ៊ុន សែន នាំបាននៅឡើយ ដោយទូរស័ព្ទ មិន អាចភ្ជាប់​ទំនាក់ទំនង​បាន។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់មួយរូប នៃគណបក្សសង្គ្រោះជាតិ បានថ្លែងឡើង ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ​ថា លោក ហ៊ុន សែន ហ៊ាននិយាយបែបនេះ តែនៅក្រោយ លទ្ធផល នៃការផ្ទៀងផ្ទាត់ផែនទី ដែលបារាំង​យក​មក​នោះ (ដែលថា ត្រូវគ្នា ឬដូចគ្នា) ប៉ុណ្ណោះ។ ឬមានន័យម្យ៉ាងទៀតថា «អាប៉ោងបើកគ្របហើយ ទើបលោក (នាយក​រដ្ឋមន្រ្តី) ហ៊ានចាក់។ តើភាគរយប៉ុន្មាន ដែលអាចនឹងគិតថាខុសនោះ?» នេះបើតាមមន្ត្រីដដែល​នោះ។

កន្លងមក លោក អ៊ុំ សំអាន តំណាងរាស្រ្តមកពី គណបក្សសង្គ្រោះជាតិ ធ្លាប់បានសរសេរ ក្នុង ទំព័រហ្វេសប៊ុក​របស់លោកថា លោកធ្លាប់បានស្នើ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញផែនទី UTM ខ្នាត ១ លើ ៥០ ពាន់ ចំនួន៤០ផ្ទាំង អមសន្ធិសញាឆ្នាំ១៩៨៥ (រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា ដែល​វៀតណាម​បន្ដុបឡើង) ដោយសាររដ្ឋាភិបាលកម្ពុជា បានប្រើផែនទី ទាំង ៤០ ផ្ទាំងនោះ ដើម្បីបោះបង្គោល​ដែរ។ រីឯ​ផែនទី ខ្នាត ១ លើ ១០០ពាន់ (ដែលជាផែនទី យកជាបានការ) គ្រាន់តែប្រើអម ទៅនឹងផែនទី នៃសន្ធិសញ្ញា​ឆ្នាំ១៩៨៥​ប៉ុណ្ណោះ៕

No comments: