Sunday, September 20, 2015

​ម្តាយ ផង់ សីហា ជន​គំរាមសម្លាប់ សុខ ទូច អស់​សង្ឃឹមដាច់​អង្ករ​ច្រក​ឆ្នាំង​

Content image - Phnom Penh Post
អ្នកស្រី ជុំ សឹម ម្ដាយ​បង្កើត​របស់​ជនជាប់សង្ស័យ​គំរាម​សម្លាប់​លោកបណ្ឌិត សុខ ទូច

​ម្តាយ ផង់ សីហា ជន​គំរាមសម្លាប់ សុខ ទូច អស់​សង្ឃឹមដាច់​អង្ករ​ច្រក​ឆ្នាំង​

,​ ស៊ូ វុទ្ធី

ព្រៃវែង: អាស្រ័យ​នឹងកូន​ផ្ទះតូច​ទំហំ ២ ម៉ែtត្រ​កន្លះ​គុណ ៣ ម៉ែត្រ​កន្លះ សង់ផុត​ពី​ដីកម្ពស់​មួយ​ម៉ែត្រ​ដំបូល​ប្រក់​ស័ង្កសីជញ្ជាំង​បិទបាំងដោយ​ ស្លឹក​ត្នោត​គាប​បន្ទះ​ឫស្សី​របូត​រខេករខាក​ សង់​នៅ​លើ​ដី​ទួល​នៃ​ ​ភូមិកន្ទ្រង់​ឃុំស្តៅ​កោង ទឹកដី​ស្រុក​នេនទុំ (បាភ្នំ) ខេត្ត​ព្រៃវែង​ ស្ត្រីជា​ម្តាយ​ ផង់ សីហា ​ជន​ជាប់​ចោទគំរាមសម្លាប់​លោក សុខ ទូច​ កំពុង​បារម្ភ​ដាច់​បាយ បន្ទាប់ពី​កូន​នៅ​ដេក​ក្នុងគុក។​
គួររំឭកថា ផង់ សីហា ក្នុង​វ័យ ២៧ ឆ្នាំ ត្រូវ​សមត្តកិច្ច​នគរបាល​បាន​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ព្រំដែន​ច្រកទ្វារអន្ដរជាតិ​ប៉ោយប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ខេត្តបន្ទាយមានជ័យ ​នៅ​វេលាម៉ោង ១៧ ល្ងាច​ នា​ថ្ងៃ​ទី ៥​ ខែកញ្ញា​ ឆ្នាំ ២០១៥ នេះ​ ពីបទ​គំរាម​សម្លាប់លោក​បណ្ឌិត​ សុខ​ ទូច​ ប្រធាន​ក្រុម​ស្រាវជ្រាវព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ក្នុង​បណ្តាញ​ហ្វេសប៊ុក។

ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោនសម្លឹង​ឆ្នាំង​បាយ​ភ្លៀកៗ​មិន​ដាក់​ភ្នែក​ ស្រីវ័យ​កណ្ដាល​ ​ជុំ សឹម បាន​ពោល​បន្ដ​ថា៖ ​«​ឲ្យ​ខ្ញុំ​ទៅ​រំពឹងអ្វី បើ​កូន​ដេកគុក​ ម្តាយ​ស្រ្តី​មេម៉ាយគ្មាន​ដី​មួយដុំ ​រកតែអង្ករ​ច្រកឆ្នាំងមិន​បាន​ មុននេះ​ពឹង​តែប្រាក់​ កូន សីហា ផ្ញើមក​ចិញ្ចឹម​ម្តាយ»។ ​

ពោល​ទាំងទឹក​ភ្នែក​រលីង​រលោង​ពី​ជំងឺ​ប្រចាំកាយ​ច្រើនទាំង​លើស​ឈាម​ ខ្សោយ​បេះដូង​ មិន​ដែល​បាន​ចេញ​រកស៊ី​ឈ្នួល​ដក​ស្ទូងយកចំណូ​ល​មក​ទ្រទ្រង់ ​​ជីវភាព​បាន​ អ្នកស្រី​ ជុំ​ សឹម វ័យ ៤៧ ឆ្នាំ​បញ្ជាក់ពី​ភាពក្តុកក្តួល​អាណិត​កូន ដោយ​រៀបរាប់បន្ដ​ថា៖ «រហូត​មក​ដល់​ពេលនេះ​ ខ្ញុំ​មិនបាន​ទៅ​មើល​កូន សីហា ទៅ​ជា​យ៉ាងម៉េច​ទេ ហើយ​ក៏​មិនហ៊ាន​ទៅ​ឃើញមុខកូនដែរ បើ​ឃើញ​មាន​តែ​ខ្ញុំ​សន្លប់​នាំ​តែ​កូនឃើ​ញ​ពិបាកចិត្ត​ជា​ងនេះ​ទៀត»។

Content image - Phnom Penh Post
ជនសង្ស័យ ផង់ សីហា ថ្ងៃ​ចូល​បំភ្លឺ​នៅចំពោះមុខ​តុលាការ​។ 
អ្នកស្រី​ពោល​ថា៖​ «ដឹង​តែថា​ កូន​ខ្ញុំ​ត្រូវគេ​ចាប់ខ្លួន​ ថាគំរាម​សម្លាប់​ សុខ ទូច អ្នក​ស្រាវជ្រាវ​ផែនទី​កម្ពុជា»​ ប៉ុន្តែ​ស្ត្រី​ជា​ម្ដាយជន​សង្ស័យ​រូបនេះ​ក៏លើក​ឡើង​ដែរថា៖ ​«កូន​ខ្ញុំ គេ​មានលុយ​ឯណា​ទិញ​កាំភ្លើង​ បើ​ធ្វើ​កម្ម​ករសំណង់​រក​​តែ​​លុយ​ចិញ្ចឹមម្តាយ​ ចិញ្ចឹម​ប្រពន្ធ​កូន​មិនគ្រប់​ផង​។ ពេលនេះ​ប្រពន្ធ​ជិត​គ្រប់​ខែឆ្លងទន្លេ​ទៀត លុយ​សម្រាប់ប្រពន្ធ ​ទៅពេទ្យ​មិន​ដឹង​នៅ​ឯណា?​»។

អ្នកស្រី​បាន​ពោលទាំង​អួលដើមក​រំឭកពី​អតីត​កាលថា​៖​ ​«កូនៗ​ខ្ញុំពិត​ជាអភ័ព្វណាស់ ចាប់​កំណើតជាមួយ​ម្តាយ​ក្រីក្រ ហើ​យ ត្រូវឪពុក​ចុះ​ចោល​តាំងពី​ សីហា មិន​ទាន់​ដឹង​ក្តី​នោះ»។
អ្នក​ម្តាយ​របស់​ជន​ជាប់​ចោទ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច តាម​បណ្ដាញ​ហ្វេសប៊ុក​ រូបនេះ ក៏បានរៀបរាប់​ឲ្យ​ដឹង​​ទៀត​ថា៖ «សីហា មិន​បាន​រៀន​សូត្រ​ខ្ពស់ទេ គេ​រៀន​ត្រឹមថ្នាក់ទី ៤។ តាំងពី​តូចគេ​ដើរឡើ​ងត្នោត​ចិញ្ចឹមម្តាយ ​និង​ដើរ​ធ្វើ​សំណង់ទេ​។ គេក៏បាន​ចេញ​ទៅ​ធ្វើ​សំណង់​នៅ​ប្រទេស​ថៃ​ក៏​ច្រើន​ឆ្នាំហើយ​ដែរ​។ សព្វថ្ងៃ​​គេ​មានប្រពន្ធ​នៅ​ខេត្តកំពង់​ចាម​ និង​មានកូនពី​រ កូនទី​ពី​រនៅ​ក្នុងពោះ ​ជិត​គ្រប់ខែ។ ខាង​ប្រពន្ធ​នោះគ្នា​ក៏គ្មាន​អីដែរ​ ជីវភាព​ដូច​តែខ្ញុំ​ ចាំរំពឹងតែ សីហា ធ្វើសំណង់បាន​បួនដប់ ២០ ម៉ឺនផ្ញើ​មក​បានទិញ​អង្ករ​ អំបិល ​ប្រ​ហុក ​ទឹកត្រី​ហ្នឹង បើឲ្យ​ហូប​អាហារ​ឆ្ងាញ់​នោះ មិន​អាច​បំពេញ​ក្រពះ​ឆ្លងបាន​មួយ​​ខែៗ​ទេ»។​

អ្នក​ស្រី ជុំ សឹម បានពោល​ទាំង​អស់​សង្ឃឹម​​ថា៖ «ខ្ញុំ​ក៏មិន​ដឹងធ្វើម៉េច​ទេ ​មានតែ​ទ្រាំតាម​កម្ម​កូន​។ ប៉ុន្តែ​ខ្ញុំ​អាណិត​តែ​ប្រ​ពន្ធ​​គេ​ទេ កូនតូចផង កូន​ក្នុង​ពោះផង ណាមួយពិបាក​ចិត្ត​ គ្មាន​ប្រាក់​ឆ្លងទន្លេ​ ខ្ញុំសង្ឃឹមអី បើរក​តែ​ប្រាក់ទិញ​ថ្នាំ​មក​លេប​មិនបាន​ផង​ពេលនេះ បើអត់​ពី សីហា មានតែ​ក្រពះ​នៅក្រៀម​គ្រប់គ្នា​ហ្នឹង​»៕​

No comments: