លោក អ៊ុំ សំអាន៖ លោកសុខ ទូចក្រឡាស់ពាក្យសំដី រឿងបង្គោលព្រំដែនបារាំង
VayoFM, អត្ថបទ
13-09-2015 | ដោយ ឆេង សូរិយា

លោកសុខ ទូចប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែន របស់រាជ្យបណ្ឌិតសភាកម្ពុជា បានក្រឡាស់ សំដី។ ក្រឡាស់ពាក្យសំដី ដែលពីមុននិយាយថា ផ្អែកតាមច្បាប់ រដ្ឋាភិបាលត្រូវបោះបង្គោលថ្មី លើទីតាំងបង្គោលបារាំងចាស់។ ប៉ុន្តែក្រោយការស្រាវជ្រាវ និងចុះពិនិត្យជាក់ស្តែងរកឃើញថា បង្គោល បារាំងជាបន្តបន្ទាប់ចំនួន ៦ និងរកឃើញបង្គោលថ្មី មិនបានបោះលើ ទីតាំងបង្គោលបារាំង គាត់ក្រឡាស់សំដីភ្លាមថា បង្គោលបារាំងទាំងនោះ នៅជា បង្គោលរណប ។ នេះ បើតាមការលើក ឡើងរបស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រតាមដានស្និទនឹងរឿងព្រំដែន បានបង្ហោះឲ្យដឹង នៅតាម បណ្តាញសង្គម ហ្វេសប៊ុករបស់ លោក។ លោក អ៊ុំ សំអាន បានបន្តឲ្យដឹងថា ក្រោយពីស្រាវជ្រាវមួយរយៈនេះ រកឃើញការពិត គាត់ មិនហ៊ាននិយាយការពិត ត្រូវនិយាយតាមជំហររដ្ឋាភិបាល។ តាមពិតបង្គោលបារាំង មិនបានស្ថិតនៅ បង្គោលរណបដូចលោក សុខ ទូច និយាយនោះទេ។
ការលើកឡើងរបស់លោក សុខ ទូច ផ្ទុយពីការអះអាងរបស់លោកស្រី កុយ ពិសី ដែលនិយាយថាបង្គោលបារាំងមិនអាចទទួលយកទាំងស្រុងនោះទេ ព្រោះបង្គោលបារាំងបោះមិនត្រឹមត្រូវ (បោះខុស បោះចូល ដីយួន) ។ តាមមាត្រា ២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងច្បាប់អន្តរជាតិស្តីពី ម្ចាស់កម្មសិទ្ធិកាន់កាប់ទឹកដីក្រោយសង្គ្រាម តម្រូវឲ្យយកមរតកអាណានិគមបារាំង (អនុសញ្ញាកម្ពុជា-កូសាំងសីុនឆ្នាំ១៨៧៣ បង្គោលបារាំង ១២៤ និងផែនទីបោន ខ្នាត 1/100.000 ) ប៉ុន្តែរដ្ឋាភិបាលបែរជាយកមរតកយួនទៅវិញ (សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ យកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥សម័យយួនត្រួតត្រាខ្មែរនិងផែនទីខ្នាត 1/100.000 ដែលមានត្រាយួនឆ្នាំ១៩៨៥ និងផែនទី UTM ខ្នាត 1/50.000 របស់ទាហានអាមេរិកាំងចំនួន៤០ផ្ទាំង) ។ មរតកយួននេះផ្ទុយពីច្បាប់ជាតិនិងច្បាប់អន្តរជាតិជាពិសេសផ្ទុយពី មាត្រា២និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុង ប៉ារីសឆ្នាំ១៩៩១។
វៀតណាម បានលើកបន្តុបរដ្ឋាភិបាលកម្ពុជា នាទសវត្សទី៨០ បង្ខំឲ្យកម្ពុជាស៊ីញ៉េក្រោមចុងកាណុង នូវសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២, ១៩៨៣ និង ១៩៨៥ ហើយនៅ ឆ្នាំ២០០៥ រដ្ឋសភាបានឧបកិច្ចឲ្យសន្ធិសញានាទសវត្សទី៨០ ឲ្យរស់ឡើងវិញ តាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងការមិនបោះបង្គោលថ្មី លើទីតាំងបង្គោលបារាំងចាស់នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅតាមជាយដែន ស្រែកយំបាត់បង់ដីស្រែចំការ។
រដ្ឋាភិបាល ត្រូវលុបចោលសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងត្រូវ យកមរតក អាណានិគមបារាំង គឺបង្គោលបារាំង ១២៤ ជាជាងយកមរតកវៀតណាម នាទសវត្សទី៨០។ លោក សុខ ទូច ផ្អាកការស្រាវជ្រាវ រកបង្គោលបារាំងមួយរយៈ មានអ្វីនៅពីក្រោយខ្នងការផ្អាកនេះ ការផ្អាកនេះដោយសាររកឃើញបង្គោលថ្មី មិនបោះនៅលើទីតាំង បង្គោលបារាំង ចាស់ (?)
វិទ្យុវាយោ មិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយពី លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ បញ្ហាព្រំដែនរបស់ រាជ្យបណ្ឌិតសភាកម្ពុជា បាន ឡើយនៅពេលនេះ។
No comments:
Post a Comment