មន្រ្តីព្រំដែនរដ្ឋាភិបាល លោកស្រី កុយ ពិសី និយាយថា បង្គោលព្រំដែន បារាំងចាស់ចំនួន ១២៤ មិនអាចទទួលយកបានទាំងស្រុងនោះទេ ហើយការបោះបង្គោលបច្ចុប្បន្ន មិនធ្វើនៅលើទីតាំងបង្គោលបារាំងចាស់ ទាំងអស់ដែរ ព្រោះបង្គោលបារាំងទាំងនោះ មិនបោះត្រូវខ្សែបន្ទាត់ព្រំដែន។
....................
បេសកកម្មរបស់ក្រុមការងារ លោក សុខ ទូច
ក្នុងការរុករកបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលបានបោះកាលពីសម័យបារាំង
(រូបថត៖ ហ្វេសប៊ុក)
តំណាងរាស្ត្របក្ស អ៊ុំ សំអាន ទទូចឲ្យបង្ហាញទីតាំងបង្គោលព្រំដែនចាស់ និង បង្គោលថ្មី
VOD News: ដោយ៖ ខាន់ លក្ខិណា | ថ្ងៃសុក្រ ទី11 កញ្ញា 2015
មានសម្លេង៖ http://vodhotnews.com/32031អ្នកតំណាងរាស្ត្រ ម្នាក់នៃគណបក្សសង្គ្រោះជាតិទទូចឱ្យ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ កិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភា បងា្ហញពីទីតាំងបង្កោលព្រំដែនចាស់ របស់បារាំង និង បង្គោលដែលដាំថ្មី ថាតើការបោះបង្គោលបច្ចុប្បន្ន ស្របគ្នាដែរឬដូចម្ដេច។
លោក អ៊ុំ សំអាន អ្នកតំណារាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅ សហរដ្ឋអាមេរិក បានសរសេរនៅលើហ្វេសប៊ុក របស់លោកនៅថ្ងៃនេះ ដោយទទូចទៅ លោក សុខ ទូច ឲ្យបង្ហាញពីការប្រៀបធៀប ទីតាំងបង្គោលព្រំដែនចាស់ និងបង្គោល ដែលរដ្ឋាភិបាលកម្ពុជា កំពុងបោះ ជាមួយវៀតណាម។
សារក្នុងទំព័រ FaceBook លោក អ៊ុំ សំអាន ដែលនិយាយទាក់ទិននឹងបេសកម្ម របស់លោក សុខ ទូច មានសេចក្ដីដូចនេះថា៖ “លោកស្រី កុយ ពិសី និយាយថាបង្គោលព្រំដែន បារាំងចាស់ចំនួន ១២៤ មិនអាចទទួលយកបានទាំងស្រុងនោះទេ ហើយការបោះបង្គោលបច្ចុប្បន្ន មិនធ្វើនៅលើទីតាំងបង្គោលបារាំងចាស់ ទាំងអស់ដែរ ព្រោះបង្គោលបារាំងទាំងនោះ មិនបោះត្រូវខ្សែបន្ទាត់ព្រំដែន ប៉ុន្តែលោកបណ្ឌិត សុខ ទូច និយាយថា ផ្អែកតាមច្បាប់ រដ្ឋាភិបាលត្រូវបោះ បង្គោលថ្មី លើទីតាំងបង្គោល បារាំងចាស់។ អញ្ចឹងហើយគាត់ ខំរុករកបង្គោលបារាំង។ ខ្ញុំជឿថាលោកបណ្ឌិត សុខ ទូច នឹងក្រឡាស់សំដីគាត់វិញ នៅបន្ទាប់ពីគាត់ផ្ទៀងផ្ទាត់ផែនទី និង ផែនដីរកឃើញថា បង្គោលថ្មី មិនបានបោះនៅទីតាំងបង្គោលបារាំងចាស់ ព្រោះគាត់ មិនអាចនិយាយខុសពីជំហរ រដ្ឋាភិបាល នោះទេ”។
លោក សុខ ទូច ដែលជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភា អះអាងថា លោកកំពុង ស្រាវជ្រាវ និងធ្វើការផ្ទៀងផ្ទាត់រវាងផែនទី និងផែនដីជាក់ស្តែង នៅតាមព្រំដែន កម្ពុជា-វៀតណាម។ រយៈពេល ប៉ុន្មានថ្ងៃ លោកបានចុះទៅស្រាវជ្រាវបង្គោលព្រំដែន ជាមួយវៀតណាម ដែលបានបោះជំនាន់បារាំង ហើយបានបង្ហោះឱ្យឃើញខ្លះៗ បង្គោលជំនាន់បារាំងលើបណ្ដាញសង្គមរបស់លោក ប៉ុន្តែមិនបានបញ្ជាក់ថា នៅឃុំណា ស្រុកណា ឬបង្គោលលេខប៉ុន្មាន នោះទេ។
លោក សុខ ទូច មានប្រសាសន៍ប្រាប់ VOD ថា លោកនឹងបង្ហាញការពិត ទៅកាន់ជនរួមជាតិខ្មែរ អំពីលទ្ធផលនៃ បេសកកម្មរបស់លោក។ ប៉ុន្តែលោកបញ្ជាក់ថា បង្គោលរបស់បារាំង ដែលរេចរឹលច្រើនអស់ហើយនោះ គឺគ្រាន់តែជាបង្គោលរណបរបស់បង្គោលថ្មីប៉ុណ្ណោះ៖ “ចប់ទៅ ខ្ញុំសរសើរហើយ ខ្ញុំសរសេរនៅហ្នឹង ហើយគ្រាន់ជម្រាបជនរួមជាតិទាំងអស់ «បង្គោលដែល បារាំង បោះហ្នឹង ក្លាយជា បង្គោលរណប របស់បង្គោលសព្វថ្ងៃ» ហ្នឹងឯង យើងមិនអាចបោះបង្គោលថ្មី ទៅលើបង្គោលចាស់ហ្នឹងទេ”។
តែបែបនេះក្ដីលោក អ៊ុំ សំអាន ឆ្លើយតាមសារបណ្ដាញសង្គម របស់លោកថា ការអះអាងរបស់លោក សុខ ទូច គឺផ្ទុយពីខ្លឹមសារ រដ្ឋធម្មនុញ របស់កម្ពុជា និងសន្និសញ្ញាបារាំង កូសាំងស៊ីន។ លោកថា៖ “បង្គោលបារាំងចាស់ ហ្នឹង គឺជាបង្គោលផ្លូវការ ដែលបង្គោលហ្នឹង គេបោះទៅតាមផែនទីបោន ខ្នាត ១/១០០ ០០០ ដែលមានចែងក្នុង មាត្រា២ នៃរដ្ឋធម្មនុញ្ញ។ ដូច្នេះបង្គោលហ្នឹង បង្គោលផ្លូវការ មិនមែនបង្គោលរណបទេ។ ដល់និយាយបង្គោលរណប អ៊ីចឹងមានន័យថា បង្គោលសព្វថ្ងៃហ្នឹង បោះទៅតាមអី? បោះទៅតាមយួន ដែលគេកំណត់ថ្មីហ្នឹង បោះទៅតាមសន្ធិសញ្ញា ១៩៨៥ ដែលយួនកំណត់ថ្មី ហ្នឹងមិនមែនបង្គោលផ្លូវការទេ”។
បង្គោលរបស់អាណាព្យាបាល បារាំង មានចំនួន ១២៤ បង្គោល ដែលបាន បោះតាំងពី ខេត្តរនគិរី មកដល់ ខេត្តកំពត ហើយបង្គោលថ្មី ដែលរដ្ឋាភិបាលកម្ពុជា និងវៀតណាម កំពុងដំណើរការបោះគឺបាន ៨៣ ភាគរយ ក្នុងចំណោម ៣៧៥ បង្គោល៕
No comments:
Post a Comment