ភ្នំពេញ: នៅថ្ងៃទី២៦ មេសា នេះ (២៦ មេសា ២០១២ - ២៦ មេសា ២០១៤) គឺជាខួបពីរឆ្នាំ នៃការបាញ់សម្លាប់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ក្រុមសកម្មជនព្រៃឈើ មកពីតាមបណ្តាខេត្តនានា រួមទាំងព្រះសង្ឃ បានធ្វើការជួបជុំគ្នា នៅទីរួមខេត្តកោះកុង ធ្វើដំណើរទៅកាន់ចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា កន្លែងដែលលោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ កាលពី ២ ឆ្នាំមុន ដើម្បីប្រារព្ធពិធីរំលឹកខួប។
លោកទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៍មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺជាចេតនាបំពុលបរិយាកាស និងសាធារណៈមតិ ដោយបានធ្វើការចោទប្រកាន់ថា ការស្លាប់របស់លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានកម្លាំងសមត្ថកិច្ច របស់រដ្ឋាភិបាល ជាអ្នកបាញ់សម្លាប់នោះ គឺជាការនិយាយបំផ្លើស និងគ្មានវិជ្ជាជីវៈ។
លោកបានបន្តថា នៅក្នុងរយៈពេល ២ ឆ្នាំ កន្លងផុតទៅហើយ លោកឈុត វុទ្ធី គឺត្រូវបានស្លាប់ និងមានប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនា ក៏បានស្លាប់ដែរ។ តាមរយៈកិច្ចសំភាសន៍ រវាងវិទ្យុអាស៊ីសេរី ជាមួយជាមួយលោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការ ការពារធនធានធម្មជាតិ និងបានផ្សាយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០០១៤។ ដោយបានស្រង់សំដីរបស់ លោកឈឹម សាវុធ បង្ហោះផ្សាយនៅក្នុងវេបសាយវិទ្យុអាស៊ីសេរីថា សំខាន់ បំផុតគឺយើងរំលឹកខួប នៃការបាញ់សម្លាប់របស់ រដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះ មិនទាន់ផ្តល់យុត្តិធម៌ឲ្យលោកឈុត វុទ្ធី គឺត្រូវបានសមត្ថកកិច្ច របស់រដ្ឋាភិបាល ជាអ្នកបាញ់សម្លាប់។ នេះតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី និងបានផ្សាយថា ប៉េអឹមដែលបានសម្លាប់នោះ ក៏ជាឃាតករសិប្បនិម្មិតផងដែរ។ ហើយការផ្សាយព័ត៌មានបែបនេះ គឺជាការផ្សាយព័ត៌មានមិនពិត និងពុំស្ថិតនៅក្នុងក្របខណ្ឌ នៃវិជ្ជាជីវៈរបស់ខ្លួននោះទេ និងមានចេតនាបំផ្លើសព័ត៌មាន ឲ្យសាធារណៈមតិ មានការយល់ច្រឡំ។
លោកបានលើកឡើងថា វិទ្យុអាស៊ីសេរី គឺមានចេតនាទាត់ចោល នូវការពិត របស់គណៈកម្មការស៊ើបអង្កេត ដែលបង្កើតឡើងដោយ រាជរដ្ឋាភិបាល មានខាង ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ដោយមានការសហការជាមួយ ព្រះរាជ អាជ្ញា ខេត្តកោះកុង ហើយបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីស្លាប់របស់លោកឈុត វុទ្ធី និងឈ្មោះ អ៊ិន រតនា។
លោកទិត សុធា បានបន្តថា រយៈពេល ២ ឆ្នាំ កន្លងផុតទៅហើយ គណៈកម្មការស៊ើបអង្កេត បានបិទបញ្ចប់សំណុំរឿងនឹងហើយ ដោយមានការចូលរួមត្រួតពិនិត្យ ដោយអ្នកជំនាញច្បាស់លាស់ណាស់។ ហើយសាក្សីដែលសំខាន់គឺ មានឈ្មោះ បាន បូរ័ត្ន ដែលជាសន្តិសុខ។ តុលាការក៏បានកាត់ឲ្យឈ្មោះ បាន បូរ័ត្ន ជាប់ពន្ធនាគារដែរ ពីបទមនុស្សឃាត ដោយអចេតនា។ ហើយរឿងនេះ ហេតុអីបានជាពាក់ព័ន្ធ ជាមួយនឹងឈ្មោះ បាន បូរ័ត្ន ពីព្រោះ បាន បូរ័ត្ន បានបញ្ជាក់ថា ការស្លាប់របស់លោកឈុត វុទ្ធី គឺកើតឡើងដោយសារ ការចូលទៅក្នុងក្រុមហ៊ុនរបស់គេ ដោយអត់មានការអនុញ្ញាត ហើយបន្ទាប់មក ក៏មានការឈ្លោះប្រកែកគ្នា ដោយពាក្យសំដី ជាមួយប៉េអឹមម្នាក់ ឈ្មោះ អ៊ិន រតនា ហើយក៏ឈានដល់ការបាញ់ប្រហារគ្នា។ ហើយការស្លាប់នោះ ជាឧប្បត្តិហេតុ ដោយការឈ្លោះគ្នា ដូច្នេះមិនអាចចោទប្រកាន់ ការស្លាប់របស់លោកឈុត វុទ្ធី គឺជាការគំរាមកំហែង ក្រុមអ្នកការពារព្រៃឈើ ឬមួយក៏អាជ្ញាធររដ្ឋាភិបាល ជាអ្នកបាញ់សម្លាប់នោះ គឺជាការចោទប្រកាន់មិនត្រឹមត្រូវ៕V/c
No comments:
Post a Comment