
សហគមន៍មានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ លើកបដាតវ៉ាខាងមុខវត្តព្រះពុទ្ធទាមទារឲ្យដោះលែងមនុស្ស ២៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។ RFA/Sochivy
អាស៊ីសេរី៖ ដោយ វណ្ណ វិចារ 2014-04-25
តុលាការសម្រេចលើកសំណុំរឿង លោក វន់ ពៅ និងមនុស្ស ២២នាក់ផ្សេងទៀត ទៅបើកសវនាការបន្តនៅថ្ងៃទី៦ ខែឧសភា។ ក្នុងសវនាការមួយថ្ងៃនេះ តុលាការបានបញ្ចប់ការសាកសួរជនជាប់ចោទចំនួន ៤នាក់ និងបន្តសាកសួរមេទាហានម្នាក់ដែលជាសាក្សីនៅកងទ័ពពិសេសឆត្រយោង៩១១។ សាកសួរមេបញ្ជាការរូបនេះមិនទាន់បានបញ្ចប់ផង មន្ត្រីអនុរក្សពន្ធនាគារ បានសុំទៅចៅក្រមឲ្យពន្យារពេលសវនាការ ហើយចៅក្រមជំនុំជម្រះក៏ព្រមតាមតែម្តង។
តុលាការបានបញ្ចប់ការសាកសួរជនជាប់ចោទចំនួន ៤នាក់ និងបន្តសាកសួរមេទាហានម្នាក់ដែលជាសាក្សីនៅកងទ័ពពិសេសឆត្រយោង៩១១។ សាកសួរមេបញ្ជាការរូបនេះមិនទាន់បានបញ្ចប់ផង មន្ត្រីអនុរក្សពន្ធនាគារ បានសុំទៅចៅក្រមឲ្យពន្យារពេលសវនាការ ហើយចៅក្រមជំនុំជម្រះក៏ព្រមតាមតែម្តង។
អង្គជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការសំណុំរឿងសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង ២២នាក់ ដែលចាប់ខ្លួននៅរោងចក្រ យ៉ាក ជីន និងនៅផ្លូវវ៉េងស្រេង នាម៉ោងជិតជាង ៤រសៀលថ្ងៃទី២៥ ខែមេសា។ ការពន្យារពេលសវនាការនេះ ដោយសំអាងថា ពុំមានពេលវេលាគ្រប់គ្រាន់ និងអាជ្ញាធរបារម្ភពីសុវត្ថិភាពជនសង្ស័យ ប្រសិនបើសវនាការបន្តដល់យប់។ ជារួម សវនាការត្រូវបានបន្ទច់បង្អាក់ដោយមន្ត្រីពន្ធនាគារ ដែលទាមទារយកជនត្រូវចោទត្រឡប់ទៅមន្ទីរឃុំឃាំងវិញ។
សវនាការនៅព្រឹកថ្ងៃទី២៥ ខែមករា ចៅក្រមជំនុំជម្រះ លោក កែ មុនី នៅបន្ទប់សវនាការទី១ បានប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួន បង្គាប់ឲ្យជនជាប់ចោទចំនួន ៤នាក់ ឆ្លើយបំភ្លឺជុំវិញហេតុការណ៍ដែលកើតឡើងនៅព្រឹកថ្ងៃទី២ ខែមករា ប៉ុណ្ណោះ។ ចំពោះហេតុការណ៍ដែលកើតឡើងនៅពេលថ្ងៃត្រង់វិញ មិនត្រូវបានអនុញ្ញាតឲ្យនិយាយនោះឡើយ។ នៅចំពោះមុខអង្គសវនាការ ជនជាប់ចោទទាំងបួននាក់ បានឆ្លើយបដិសេធថា ខ្លួនមិនបានបង្កបទល្មើសដូចការចោទប្រកាន់ទេ អ្នកខ្លះឆ្លើយថា គ្រាន់តែដើរកាត់កន្លែងកើតហេតុ អ្នកខ្លះទៀតប្រាប់ថា ខ្លួនភ័យខ្លាចពេលឃើញទាហានចូលបង្ក្រាប ហើយក៏រត់ ហើយក៏ត្រូវកងទ័ពចាប់ខ្លួនវាយសំពងតែម្តង។
ទោះជាយ៉ាងណាក្តី តំណាងអយ្យការលោកព្រះរាជអាជ្ញារង លី សុផាណា បានសាកសួរជនជាប់ចោទជាសំណួរច្រំដែលមួយចំនួន ហើយពេលខ្លះក៏ប្រើសំឡេងឮៗដាក់ជនជាប់ចោទទៀត។ មេធាវីការពារជនជាប់ចោទបានលើកឡើងពីភាពភ័យខ្លាចរបស់កូនក្តីខ្លួន ជុំវិញប្រសាសន៍របស់តំណាងអយ្យការនេះ ប៉ុន្តែតំណាងអយ្យការតបវិញថា នេះជាសម្ដីធម្មជាតិប៉ុណ្ណោះ មិនមានបំណងសម្លុត ឬបំភ័យជនជាប់ចោទទេ។
បន្ទាប់ពីចប់ការសាកសួរជនជាប់ចោទ ៤នាក់រួច មន្ត្រីសង្គមស៊ីវិលដែលតាមដានឃ្លាំមើលសវនាការនេះ បានរិះគន់ថា របៀបសួរចម្លើយរបស់តំណាងអយ្យការ និងចៅក្រម ភាគច្រើនជាសំណួររបៀបដាក់បន្ទុក និងហាក់មានភាពលម្អៀង។ សង្គមស៊ីវិលបន្តថា តំណាងអយ្យការ និងចៅក្រមស៊ើបសួរ ហាក់មិនបានស៊ើបអង្កេតល្អិតល្អន់នោះទេ។
សវនាការនៅព្រឹកថ្ងៃទី២៥ ខែមករា ត្រូវបានចៅក្រមបង្គាប់ឲ្យសម្រាកនៅវេលាម៉ោង ១១ និង ៣០នាទី ហើយបើកសវនាការបន្តនៅវេលាម៉ោង ២ និង ៣០នាទីរសៀល ប៉ុន្តែពេលបើកសវនាការជាក់ស្តែង ចៅក្រមជំនុំជម្រះ លោក កែ មុនី បានពន្យារពេលសវនាការជិតកន្លះម៉ោង ក្រោមហេតុផលថា ត្រូវពិនិត្យឯកសារសំណុំរឿងមិនចប់។
សវនាការនៅពេលរសៀល ចៅក្រមបានសាកសួរប្រធានក្រុមដឹកនាំការបង្ក្រាបការតវ៉ានៅក្បែររោងចក្រ យ៉ាក ជីន លោកវរសេនីយ៍ទោ ជូ អេង។ ក្នុងពេលនោះ មេធាវីការពារជនសង្ស័យ បានព្យាយាមដេញដោលខ្លាំងនៅពេល លោក ជូ អេង អះអាងថា កម្លាំងរបស់លោកដែលមានចំនួនពី ៣០ ទៅ ៤០នាក់ ប្រដាប់ដោយខែល និងដំបងជ័រ និងថាពុំមានដំបងដែកឡើយ។ ហើយកម្លាំងទាហានក៏មិនបានវាយដំលើជនសង្ស័យ ឬប្រើហិង្សានោះទេ។ នៅពេលនោះ មេធាវីជនជាប់ចោទបានសួរដេញដោលខ្លាំងជុំវិញការប្រើប្រាស់ហិង្សាទៅលើកម្មករ ហើយក៏បានបង្ហាញរូបថតពីរសន្លឹក ដែលទាហានវាយលើជនសង្ស័យដោយដែកបំពង់ទីបទៀតផង និងទាមទារចាក់ផ្សាយវីដេអូឃ្លិបភស្តុតាងជាសាធារណៈ។ ប៉ុន្តែតំណាងអយ្យការ និងចៅក្រមបានរួមគ្នាបដិសេធ ដោយមិនឲ្យចាក់វីដេអូនេះទេ ព្រោះសំអាងថា ចាំចាក់ផ្សាយនៅពេលក្រោយ។ សវនាការកំពុងតែក្តៅគគុក ស្រាប់តែអនុរក្សពន្ធនាគារស្នើសុំបញ្ជូនជនជាប់ចោទទៅដាក់គុកវិញ ចៅក្រមក៏ព្រមតាមតែម្តង។
ចំពោះសវនាការនៅបន្ទប់សវនាការទី២ ដែលមាននាទីជម្រះក្តីសំណុំរឿងអំពើហិង្សាផ្លូវវ៉េងស្រេង វិញ ចៅក្រមជំនុំជម្រះមិនទាន់បានសាកសួរជនជាប់ចោទណាសោះឡើយ ដោយចៅក្រមសាកសួរតែលើសាវតារដើមបណ្ដឹងរដ្ឋប្បវេណី ដែលមានជាង ៣០នាក់ប៉ុណ្ណោះ ហើយក៏សម្រេចលើកសវនាការទៅកាត់ក្តីបន្តនៅថ្ងៃទី៦ ខែឧសភា ដូចគ្នា។ ភាគីសាច់ញាតិជនជាប់ចោទ បានពណ៌នាថា នេះជារបៀបពន្យារពេលរបស់តុលាការ។
នៅពេលឡើងឡានត្រឡប់ទៅពន្ធនាគារវិញ លោក ចាន់ ពុទ្ធិស័ក្ត និង លោក វន់ ពៅ បានស្រែកអំពាវនាវផងដែរ។
មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ចាត់ទុកថា សំណុំរឿងនេះជាសំណុំរឿងនយោបាយ៖ ។
សវនាការត្រូវបែងចែកជា ៣បន្ទប់ ដែលរួមមាន បន្ទប់សវនាការទី១ បុរស ១០នាក់ ដែលបានចាប់ខ្លួននៅមុខរោងចក្រ យ៉ាក ជីន កាលពីថ្ងៃទី២ ខែមករា។ បន្ទប់សវនាការទី២ ករណីបុរស ៣នាក់ដែលបានចាប់ខ្លួននៅផ្លូវវ៉េងស្រេង កាលពីព្រឹកថ្ងៃទី៣ ខែមករា និងករណីបុរសទាំង ១០នាក់នោះក៏ត្រូវបានចាប់ខ្លួននៅផ្លូវវ៉េងស្រេង នៅថ្ងៃនោះផងដែរ។ ចំណែកបន្ទប់សវនាការទី៣ ករណីមនុស្សពីរនាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅគល់ស្ពានស្ទឹងមានជ័យ។ ក្នុងសវនាការ ក៏មានអ្នកអង្កេតការណ៍ជាតិ អន្តរជាតិ តំណាងស្ថានទូតមួយចំនួនប្រចាំកម្ពុជា និងក្រុមគ្រួសារជនជាប់ចោទតាមដានយ៉ាងយកចិត្តទុកដាក់។ ប៉ុន្តែ ដោយសារបន្ទប់សវនាការចង្អៀត សាច់ញាតិជនជាប់ចោទជាច្រើននាក់មិនបានស្តាប់សវនាការទេ។
ប៉ូលិសរឹតបន្តឹងចរាចរណ៍ខាងក្រៅបរិវេណអគារតុលាការគ្រប់ផ្លូវចេញចូល
ដោយ ម៉ម មុនីរតន៍
ពេញមួយថ្ងៃនៅថ្ងៃសវនាការក្នុងសំណុំរឿងអ្នកទាំង ២៣នាក់នេះ នៅខាងក្រៅបរិវេណអគារតុលាការឯណេះវិញ គ្រប់ផ្លូវចេញចូល កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយរាប់រយនាក់ និងរបាំងការពារយ៉ាងតឹងរ៉ឹងបំផុត។ អ្នកដំណើរដែលត្រូវហាមមិនឲ្យចូលចេញ ឬឆ្លងកាត់ដូចសព្វមួយដងទេ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រុមអ្នកសង្កេតការណ៍ អ្នកសារព័ត៌មាន និងអ្នកចង់ស្ដាប់សវនាការដោយផ្ទាល់ ក៏ត្រូវបានរឹតបន្តឹងថែមទៀតផង។
No comments:
Post a Comment