
------------------------
លោក ជាម យៀប «ពីក្មេងវត្តទៅជាតំណាងរាស្ត្រ»
PP Post News: 18 March 2014 (វង្ស សុខេង)
កាលពីនៅបឋមវ័យលោក ជាម យៀប បានរស់នៅ ពឹងអាស្រ័យក្នុងវត្តអារាម រយៈពេលយ៉ាងតិច ១១ ឆ្នាំ នៅក្នុង ស្រុកកំណើតរបស់លោកក្នុង ភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយលោកបានបញ្ចប់ការសិក្សា នៅថ្នាក់ឧត្ដមសិក្សាផ្នែកប្រវត្តិវិទ្យា និងភូមិវិទ្យា។ លោកបាន ថ្លែងថា៖ «ខ្ញុំកើតក្នុងគ្រួសារក្រីក្រ ហើយឪពុកខ្ញុំជាចៅអធិការវត្ត នៅក្នុងភូមិខ្ញុំ ហើយខ្ញុំរស់នៅក្នុងវត្តរយៈពេល ១១ ឆ្នាំ ខ្ញុំមាន បងប្អូន ៧ នាក់ ហើយខ្ញុំជាកូន ទី៥ នៅក្នុងគ្រួសារខ្ញុំ»។
កាលពី ឆ្នាំ១៩៦៦លោក យៀប បានបញ្ចប់ការសិក្សា នៅ មហាវិទ្យាល័យគរុកោសល្យ ហើយបានបំពេញ ការងារជាគ្រូ
អនុវិទ្យាល័យ បង្រៀនខាងប្រវត្តិវិទ្យា និងភូមិវិទ្យានៅក្នុងខេត្ត របស់លោក ហើយមួយឆ្នាំក្រោយមក បានក្លាយជានាយក សាលា។ នៅចុង ឆ្នាំ១៩៧៤ កម្លាំងប្រដាប់អាវុធខ្មែរក្រហម បានបើកការវាយប្រហារនៅគ្រប់កន្លែងនៅក្នុងខេត្តនេះ លោក យៀប ប្រមូលបានគ្រូបង្រៀន ៣៨០ នាក់ ហើយបំពាក់ អាវុធ ធ្វើជាទាហានស្ម័គ្រចិត្តដើម្បីគាំទ្ររបប លន់ នល់ ប្រយុទ្ធនឹង របបខ្មែរក្រហមនៅក្នុងតំបន់ អ្នកលឿង។ ក្រោយពីធ្វើអន្តរាគមន៍ ដោយជោគជ័យចំពោះទាហាន ខ្មែរក្រហមពីការវាយប្រហារ បញ្ជាការដ្ឋានយោធានៅតំបន់ អ្នកលឿង នេះ លោក យៀប ត្រូវបានមេបញ្ជាការលោក នាំយកទៅជួបលោក លន់ នល់ នៅក្នុងរាជធានីភ្នំពេញ។ លោក បានថ្លែងថា៖ «ដោយសារជាសាស្ត្រាចារ្យ នៅជំនាន់នោះនៅ ពេលក្លាយជាទាហាន ខ្ញុំត្រូវដំឡើងឋានៈជាអនុសេនីយ៍ទោ ហើយចំណាយពេលជាង ១០ ខែសិក្សានៅក្នុងសាលា បណ្ឌិតយោធានៅក្នុង ខេត្តកំពង់ចាម»។
លោក យៀប បានឡើងជាមេបញ្ជាការគ្រប់គ្រងបញ្ជារថក្រោះ និងរថពាសដែកចំនួន ៣២ គ្រឿង និងកងប្រដាប់អាវុធ ៣០០ នាក់មុនពេលដែលខ្មែរក្រហមបានផ្ដួលរំលំរបប លន់ នល់។
នៅក្នុងរបបខ្មែរក្រហម លោក យៀប បានធ្វើដំណើរត្រឡប់ទៅ ខេត្តកំណើតលោកវិញ ហើយមានស្ថានភាពដូច មនុស្សផ្សេង ទៀតដែរ ប៉ុន្តែក្រោយមកត្រូវបានគេចាប់ខ្លួន និងធ្វើទារុណកម្ម ដោយទាហានខ្មែរក្រហមបន្ទាប់ពីរកឃើញថា លោកធ្លាប់ធ្វើជា ទាហាន លន់ នល់។ «គ្រប់ពេលបន្ទាប់ពីធ្វើទារុណកម្មហើយ ខ្ញុំតែងតែសន្លប់ប្រហែល ១០ ម៉ោង»។
នៅចុង ឆ្នាំ១៩៧៧ លោក យៀប និងអ្នកទោសមួយចំនួនទៀត ត្រូវបង្ខំឲ្យជីករណ្ដៅកប់ខ្លួនឯង ប៉ុន្តែជាសំណាងល្អនៅពេលនោះ លោកបានសម្រេចចិត្តទាត់ឆ្មាំសន្តិសុខ មានវ័យក្មេង តូចឲ្យធ្លាក់ ចូលព្រៃឫស្សី ហើយរួចផុតពីការសម្លាប់។ «ខ្ញុំបានចំណាយពេល ៣ យប់ ដើម្បី គេចខ្លួនទៅប្រទេស វៀតណាម ហើយត្រូវបានចាប់ ខ្លួនម្ដងទៀត បន្ទាប់ពីទៅដល់ព្រំដែន វៀតណាម ហើយពួកគេបានបញ្ជូនខ្ញុំ ទៅដាក់គុករយៈពេល ១៩ ខែ»។ នៅពេលទាហាន វៀតណាម បានគ្រប់គ្រងប្រទេស កម្ពុជា លោក យៀប ត្រូវបានដោះលែង ឲ្យចេញពីគុកនៅប្រទេស វៀតណាម ហើយបានត្រឡប់មក ខេត្តព្រៃវែង វិញ។ «នៅ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានធ្វើការនៅក្នុង កិច្ចការនយោបាយនិងឃោសនាការ ខ្ញុំបានចំណាយពេល ប្រហែល ១០ ខែ ដើម្បីបង្រៀនមន្ត្រីជាង ៦០០០ នាក់នៅក្នុងភូមិ ឃុំ និងស្រុកដោយបណ្ដុះបណ្ដាល ពួកគេឲ្យយល់ពីគោល នយោបាយថ្ងៃ ទី២ ធ្នូ និងគោលនយោបាយរបស់ គណបក្ស ប្រជាជនកម្ពុជា»។
លោកបានរត់គេចទៅ វៀតណាម នៅ ឆ្នាំ១៩៧៧ ដោយ ត្រឡប់មកវិញនៅ ឆ្នាំ១៩៧៩។ លោក យៀប ត្រូវបានតែងតាំង ជាអភិបាលខេត្ត និងជាអនុប្រធានបក្សប្រចាំ ខេត្តព្រៃវែង ហើយ លោកបានធ្វើការរយៈពេល ៧ ឆ្នាំនៅក្នុងខេត្តនេះ។ លោកត្រូវ បានតែងតាំងជាអភិបាល ខេត្តព្រៃវែង និងជាអនុរដ្ឋមន្ត្រីនៃ ទីស្ដីការគណៈរដ្ឋមន្ត្រីពី ឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៧ និងជា រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ពី ឆ្នាំ១៩៨៨ ដល់ ឆ្នាំ១៩៩៣។ លោកបានជាប់ឆ្នោតជាតំណាងរាស្ត្រ ខេត្តព្រៃវែង និងបានធ្វើ ជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភាតាំងពី ឆ្នាំ១៩៩៣ ហើយបានធ្វើជាប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម។ នៅ ឆ្នាំ២០០៥ លោកត្រូវបានតែងតាំង ជាសមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ លោក ជាម យៀប បានបញ្ចប់ឧត្ដមសិក្សាផ្នែក ចិត្តគរុកោសល្យ ទស្សនវិជ្ជា នៅ ឆ្នាំ១៩៨៩ ហើយ ឆ្នាំ២០០០ បានបញ្ចប់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ NCGU សហរដ្ឋអាមេរិក និងនៅ ឆ្នាំ២០០៤ បានបញ្ចប់ថ្នាក់ បណ្ឌិតមួយទៀត។ លោកអាចនិយាយភាសាបារាំង អង់គ្លេស និង វៀតណាម។
លោក យៀប ក្នុងវ័យ ៦៨ឆ្នាំ បានទទួលរង្វាន់និងគ្រឿង ឥស្សរិយយសជាតូបការ និងគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍» ពីព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ។ លោកក៏បានទទួល មេដាយ ពីអន្តរជាតិជាឯកអគ្គរាជទូតសន្តិភាពផងដែរ។ លោក យៀប បានធ្វើការនៅក្នុងសភាជាតិរយៈពេល ៣៣ ឆ្នាំ និងសរសេរ សៀវភៅបាន ១១ ក្បាលពាក់ព័ន្ធនឹងសមាជិកសភាតាំងពី ឆ្នាំ១៩៤៦ រដ្ឋសភាជាតិ រដ្ឋធម្មនុញ្ញកម្ពុជា និងសេដ្ឋកិច្ចជាដើម។ លោក ជាម យៀប បានបន្ថែមថា៖ «ខ្ញុំមានការរឹតបន្តឹង កូនប្រុស ស្រីរបស់ខ្ញុំ ហើយពួកគេទាំងអស់ បានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិត និងអនុបណ្ឌិត។ ពួកគេបានបម្រើការងារនៅ តាមស្ថាប័នរដ្ឋផ្សេងៗក្នុងជួររដ្ឋាភិបាលដូចជាមន្ត្រីគយ នៅ ក្រុងព្រះសីហនុ ធនាគារជាតិ វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកាល់ម៉ែត ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ និងធ្វើជាអភិបាលរង ខេត្តបាត់ដំបង»៕ PN
No comments:
Post a Comment