Monday, March 17, 2014

​សមាជិក​ព្រឹទ្ធសភា​ CPP បដិសេធ​ការចោទប្រកាន់​របស់​ស​មាជិក​ព្រឹទ្ធសភា​ គណបក្ស ​សម រង្ស៊ី រឿង​រំខាន​វេទិកា​​



ដោយ៖​ ម៉ៅ ចរិយា​ | ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014 | 45 នាទី មុន


សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា សោកស្តាយ​ចំពោះ​ការចោទប្រកាន់​របស់​គ​ណ​បក្ស​សម រង្ស៊ី មក​លើ​គណបក្ស ពី​ទង្វើ​អុកឡុក និង​រំខាន​លើ​វេទិកា​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​តាកែវ កាល​ពី​កន្លងទៅ​។​
​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការចោទប្រកាន់​នេះ​ថា​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​។​ សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧​ខែ​មីនា ឲ្យដឹងថា សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា ក្នុងនោះ​មាន​ទាំង​សេរីភាព​ខាង​ការបញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ប្រព្រឹត្ត​ទៅ​ស្របតាម​ច្បាប់​ជា​ធរមាន​។​
​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី (SRP) បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ទង្វើ​អុកឡុក និង​រំខាន លើ​វេទិកា​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។
សេចក្តីថ្លែងការណ៍​របស់​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី ចាត់ទុក​ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ការអុកឡុក និង​រំខាន​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា នៅ​ភូមិ​លាយ​ឡ ឃុំ​ត្រាំកក់ ខេត្តតាកែវ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ ថា​ជា​ទង្វើ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេរីភាព​បញ្ចេញមិត និង​សេរីភាព​ជួបប្រជុំ​។​
​សេចក្តីថ្លែងការណ៍ បន្ត​ដោយ​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើ​អុកឡុក និង​រំខាន​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត និង​ស្នើ​ឲ្យ​សហគមន៍​ជាតិ​-​អន្តរជាតិ ជួយ​តាមដាន​ចំពោះ​ទង្វើ​នេះ​។​
​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ និង​សកម្មជន​របស់​ខ្លួន នៅ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ និង​ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ប៉ុន្តែ​មាន​ការរំខាន​ដោយ​ចាក់​មេក្រូ​បំពង​សំឡេង ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បី​ទិស​។
តែ​ទោះជា​យ៉ាងណា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន រហូត​ចប់​កម្មវិធី និង​មិន​មាន​ការប៉ះទង្គិចរ​វា​ង​ក្រុម​អ្នកគាំទ្រ​ទាំងពីរ​ឡើយ​៕
សរសេរ​មកកាន់​កញ្ញា ម៉ៅ ចរិយា តាមរយៈ chakriyamao168@gmail.com

No comments: