Wednesday, March 19, 2014

កម្មករ​ជិត​៧​ពាន់​នាក់ នៅ​រោងចក្រ​វី​ង​ស្តារ ខេត្ត​កំពង់ស្ពឺ បន្ត​តវ៉ា​ដោយ​បិទផ្លូវ​​



VOD HotNews: ដោយ៖​ ណាត សុភាព​ | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014 

កម្មករ​ប្រមាណ​ជា​៧០០០​នាក់ នៅ​រោងចក្រ​ដេរ​ស្បែកជើង​វី​ង​ស្តារ ក្នុង​ភូមិ​អង្គ​សុគន្ធា សង្កាត់​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្ត​តវ៉ា​ដោយ​បិទ​កំណាត់​ផ្លូវជាតិ​៣ រយៈពេល​ខ្លី ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ ២០ ​ចំណុច​។​

​កម្មករ​បាន​តវ៉ា ​៣ ​ថ្ងៃ​មក​ហើយ ដោយ​ទាមទារ ឲ្យ​ក្រុមហ៊ុន ផ្តល់​លុយ​បន្ថែម​មួយ​ម៉ោង​ចំនួន​២​ពាន់​រៀល ដំឡើង​ប្រាក់ លើកទឹកចិត្ត​ចំនួន​ ១៥ ​ដុល្លារ​ក្នុង​មួយខែ លុយ​ស្នាក់នៅ​ចំនួន ​១៥ ​ដុល្លារ​ក្នុង​មួយខែ រៀបចំ​ថ្នាំពេទ្យ​ឲ្យបាន​គ្រប់គ្រាន់ ទាមទារ​
ឲ្យ​ដក​ប្រធាន​ផ្នែក ជា​ជនជាតិ​ចិន ដែល​ប្រើ​ពាក្យសម្តី​មិន​សម រម្យ​លើក​ម្មករ កុំ​ឲ្យ​ក្រុមហ៊ុន​បង្ខំ​កម្មករ​ឲ្យធ្វើ​ការហួស​ម៉ោង ឈប់​កាត់​ប្រាក់ខែ អំឡុងពេល​ធ្វើ​កូដកម្ម សុំ​ដក​សន្តិសុខ​បុរស​ចេញពី​កៅ​បន្ទប់ទឹក​ស្ត្រី​ក្នុង​រោងចក្រ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​បាយ​ថ្ងៃត្រង់​ចំនួន​៥​ពាន់​រៀល​ជាដើម​។​

​តំណាង​កម្មករ​រោងចក្រ​វី​ង​ស្តារ អ្នកនាង សៀក យ៉ង់ ប្រាប់​VOD នៅ​កន្លែង​តវ៉ា​ថា រយៈពេល​៣​ថ្ងៃ មក​នេះ​ភាគី​រោងចក្រ​មិន​មាន​ការឆ្លើយតប​ចំពោះ​ការទាមទារ​របស់​កម្ម​ករ​ នៅឡើយ​ទេ​។ អ្នកនាង​ព្រមាន​ថា បើ​រោងចក្រ​នៅ​តែ​អូសបន្លាយមិនផ្តល់​ដំណោះស្រាយ​បែប​នេះ ក្រុម​កម្មករ​នៅ​តែ​បន្ត​តវ៉ា​។​

​អគ្គលេខាធិការរង​សហព័ន្ធ​សហជីព ដើម្បី​សិទ្ធិ​ការងារ លោក សំ វិសូ យល់ថា បើ​ថៅកែ​រោងចក្រ​មិន​ដោះស្រាយ​ជូន​កម្មករ​ទេ ធ្វើឲ្យ​ភាគី​ទាំងពីរ ខាត​ប្រយោជន៍​ទាំងសងខាង​។

​VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​រដ្ឋបាល​រោងចក្រ​វី​ង​ស្តារ លោក ពូ សី​ង បានទេ នៅ​ថ្ងៃ​ពុធ​នេះ​។​

​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា ពន្យល់ថា បើ​ករណី​ជម្លោះ​នៅតែ​បន្ត​អូសបន្លាយ​បែបនេះ មន្ត្រី​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ដោយ​អញ្ជើញ​ភាគី​ទាំងពីរ មក​ផ្សះផ្សា បើ​មិន​ព្រមព្រៀង​គ្នា​ទេ ក្រសួង​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជា​អ្នកសម្រេច ​។ ​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មិនអាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ​៕

No comments: