ដាក់បញ្ចូលពេល 4 April 2014, 17:52 AEST
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានដឹកនាំប្រតិភូមួយក្រុមទៅចូលរួមកិច្ចប្រជុំគណៈកម្មាការទន្លេមេគង្គ នាប្រទេសវៀតណាម។
កិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃ (៤-៥ ខែមេសា) នេះ នឹងផ្តោតជាសំខាន់លើ «ទឹក ថាមពល និងសន្តិសុខស្បៀងនៅក្នុងបរិបទបម្រែបម្រួលអាកាសធាតុ សម្រាប់អាងទន្លេមេគង្គ»។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឲ្យដឹងថា កិច្ចប្រជុំនោះ នឹងពិភាក្សាទៅលើបញ្ហាមួយចំនួន ស្ដីពីកាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ និងតួនាទីរបស់គណៈកម្មាការទន្លេមេគង្គសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការប្រើប្រាស់ និងការអភិវឌ្ឍដោយចីរភាព ក្នុងបរិបទនៃតម្រូវការធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ។
យ៉ាងណាក៏ដោយ អង្គការទន្លេ ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ក៏ដូចជាអង្គការមួយចំនួននៅកម្ពុជា ក៏បានអំពាវនាវឱ្យបណ្តាប្រទេសទាំងឡាយ នៅតំបន់ទន្លេមេគង្គ ស្នើឱ្យប្រទេសឡាវ ផ្អាកការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ដោយថាធ្វើឱ្យប៉ះពាល់ដល់ប្រទេសផ្សេងទៀត នៅតំបន់ទន្លេមេគង្គក្រោម ក្នុងនោះមាន កម្ពុជា និង វៀតណាម៕
No comments:
Post a Comment