Friday, April 4, 2014

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​៖ ការទទួលយក​ជនភៀសខ្លួន ជា​រឿង​របស់​កម្ពុជា​​



ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី4 ខែមេសា ឆ្នាំ2014, ម៉ោង 09:13 AM​

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott ថ្លែងថា ការទទួលយក​ជនភៀសខ្លួន​មួយចំនួន ដែល​មាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី ជា​រឿង​របស់​កម្ពុជា ខណៈ​កិច្ចព្រមព្រៀង​ស្នើសុំ កំពុងស្ថិត​នៅ​ក្នុង​ការ​ពិចារណា​របស់​កម្ពុជា​។
​លោក Tony Abbott នៅតែ​ស្ទាក់ស្ទើរ​ក្នុងការ​និយាយ​អំពី​កិច្ចព្រមព្រៀង​ការតាំង​លំនៅ​របស់​ជនភៀសខ្លួន​ជាមួយ​ប្រទេស​​កម្ពុជា តែ​លោក បាន​បដិសេធ​ក្នុង​ការច្រានចោល​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា ខណៈ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ លោក​​Scott Morrison បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ដំណោះស្រាយ​ថ្នាក់​តំបន់​សម្រាប់​ការរត់ពន្ធ​មនុស្ស​។​
​សារ​ព័ត៌មាន​The Guardian ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្តី​របស់​លោក​Abbott​ថា ការរត់ពន្ធ​មនុស្ស គឺជា​បញ្ហា​ក្នុង​តំបន់ ដែល​​តម្រូវ​ឲ្យមាន​ការដោះស្រា​យ​តាមរបៀប​ក្នុង​តំបន់​។ លោក​បញ្ជាក់ថា​«​តើ​កម្ពុជា នឹង​ទទួល​ស្គាល់​មនុស្ស​(​ជន​ភៀស​ខ្លួន​) ពិត​ជា​បញ្ហា​សម្រាប់​កម្ពុជា​»​។​
​រដ្ឋមន្ត្រី​អន្តោប្រវេសន៍ លោក Scott Morrison ដែល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់តាំងពី​ខែ​កុម្ភៈ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក បាន​ធ្វើដំណើរ​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ខែ ស្តីពី​កិច្ចព្រមព្រៀង​មួយ​អំពី​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​។​
​លោក Tony Abbott បន្តថា រាល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​អាច​ផ្តល់​ទៅ​អូស្ត្រាលី គឺ​ការ​ការ​ស្វាគមន៍​​ពិតប្រាកដ​មួយ​។ លោក​បញ្ជាក់ថា ប្រទេស​អូស្ត្រាលី កំពុងតែ​ចរចា​ជាមួយ​ដៃគូ​ក្នុង​តំបន់​ក្រោម​ដំណើរការ​បាលី​(Bali Process)​។
​នៅពេល​សាកសួរ​ពី​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង បាន​បង្វែរ​សំណួរ​ដាក់គ្នា​ទៅវិញទៅមក​។​VOD មិនទាន់​អាច​ទាក់ទង​លោក ស ខេង ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។​
​កន្លងទៅ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បដិសេធ​ក្នុង​ការទទួលយក​សំណើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ស្នើ​ឲ្យ​កម្ពុជា ទទួលយក​ជនភៀសខ្លួន​ដែល​មាន​បំណង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស អូស្ត្រាលី​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vohotnews.com

No comments: