
ដាក់បញ្ចូលថ្ងៃ 4 April 2014, 17:49 AEST
នៅព្រឹកថ្ងៃទី៤ ខែមេសានេះ អ្នកស្រី មួរ សុខហួរ មន្រ្តីគណបក្សសង្រ្គោះជាតិ តែម្នាក់ឯងបានបង្ហាញវត្តមាននៅទីលានប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានកម្លាំងសន្ដិសុខចាប់បណ្តេញចេញ។ អ្នកស្រីបានទាមទារឲ្យមានការគោរពសិទ្ធិប្រើប្រាស់ទីលាននេះ។អ្នកស្រី មួរ សុខហួរបានបង្ហាញផែនការថា អ្នកស្រីនឹងធ្វើការតវ៉ាទៅមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិបញ្ចេញមតិនៅលើទីលានប្រជាធិបតេយ្យ។
អ្នកស្រី មួរ សុខហួរ បានបញ្ជាក់ថា ផែនការនេះ គឺសុំការឆ្លើយបំភ្លឺពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ករណីបំបិទសិទ្ធិចូលទីលានប្រជាធិបតេយ្យ។
(សំឡេងអ្នកស្រី មួរ សុខហួរ)
ការបង្ហាញផែនការតវ៉ាទៅថ្នាក់លើនេះ បានធ្វើឡើងក្រោយពេលអ្នកស្រី មួរ សុខហួរ តែម្នាក់ឯង បានកាន់សៀវភៅសិទ្ធិមនុស្សដើរចូលទីលានប្រជាធិបតេយ្យ នាព្រឹកនេះ ហើយត្រូវបានរុញអ្នកស្រីឲ្យចេញពីទីលានប្រជាធិបតេយ្យ។
អ្នកស្រីបានបញ្ចាក់ថា ទីលានប្រជាធិបតេយ្យ សាងសង់អស់ជាង១៨ម៉ឺនដុល្លា ជាលុយរបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែសព្វថ្ងៃ មានកម្លាំងឈុតខ្មៅបានកាន់កាប់ដោយមិនអនុញ្ញាតឲ្យមានការចូលទៅលាននេះទេ។
លោក នី ចរិយា មន្រ្តីស៊ើបអង្កេតនៃអង្គការអាដហុក បានបញ្ចេញប្រតិកម្ម ចំពោះ សកម្មភាពបិទទីលាននេះ។
(សំឡេងលោក នី ចរិយា)
លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងតាមទូរសព្ទបានទេ នៅព្រឹកនេះ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានបញ្ជាក់ថា លោកមិនអាចបំភ្លឺបានទេ ករណីមិនអនុញ្ញាតឲ្យអ្នកស្រីមួរ សុខហួរ ចូលទីលានប្រជាធិបតេយ្យនេះ។
(សំឡេងលោក ឡុង ឌីម៉ង់)
សូមបញ្ជាក់ថា ក្រោយមានបាតុកម្មរបស់កម្មករនៅផ្លូវវ៉េងស្រេង កាលពីខែមករាឆ្នាំនេះ រដ្ឋាភិបាលបានបិទទៅលាននេះ។ ប៉ុន្តែថ្មីៗនេះ ប្រមុខរដ្ឋាភិបាលបានប្រកាសអំពីការបើកឡើងវិញ។ តែសាលាក្រុងបានហាមឃាត់គណប្សសង្រ្គោះជាតិ ដែលចង់ធ្វើសមាជមហាជន កាលពីថ្ងៃទី៣០ ខែមីនា។
អ្នកស្រី មួរ សុខហួរ បានបញ្ជាក់ថា អ្នកស្រីមានបេសកកម្មចុះខេត្តសៀមរាប។ នៅពេលក្រោយចូលឆ្នាំខ្មែរ អ្នកស្រីនឹងបន្តមកទៅទីលាននេះជារៀងរាល់ថ្ងៃ៕
No comments:
Post a Comment