រឿងក្តីនៅ ICC មិនមែនជារឿងអស់សំណើចទេ
កងកម្លាំងកាងការពារក្រុមហ៊ុនដីសម្បទានបាញ់ប្រហារអ្នកតវ៉ានៅក្រចេះកាលឆ្នាំ២០១២។ រូបថត សហការី
លោកការីនិពន្ធជាទីរាប់អាន!
ខ្ញុំសូមយោងលើអត្ថបទកាសែត ភ្នំពេញ ប៉ុស្តិ៍ របស់លោក ដែលមានចំណងជើងថា «រឿងក្តីនៅ ICC អាចមានឱកាស» ចុះផ្សាយកាលពីថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០១៤។ អត្ថបទនេះ បានលើកឡើងអំពីការស៊ើបអង្កេតរបស់ខ្ញុំលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តដោយកងសន្តិសុខរបស់រដ្ឋ ចាប់តាំងពី ឆ្នាំ២០០២ មក ហើយការដាក់ «លិខិតទំនាក់ទំនង» មួយនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
ក្នុងអត្ថបទនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងមតិយោបល់ថា ការស៊ើបអង្កេត គឺជាគម្រោងនយោបាយ ដោយគណបក្សសង្គ្រោះជាតិ និងលើកឡើងថា៖ «គេ [គណបក្សសង្គ្រោះជាតិ] ព្យាយាមបំភ្លៃស្ថានការណ៍នយោបាយ»។
ការអត្ថាធិប្បាយរបស់គាត់ បានបង្ហាញអំពីការយល់ខុស ចំពោះតួនាទីរបស់គណបក្សសង្គ្រោះជាតិក្នុងការស៊ើបអង្កេតនេះ ហើយខ្ញុំសូមធ្វើការបំភ្លឺមួយចំនួន។ ខណៈដែលគណបក្សសង្គ្រោះជាតិ ដែលបានពឹងពាក់ក្រុមមេធាវី Global Diligence LLP ដើម្បីស៊ើបអង្កេតបទឧក្រិដ្ឋ ដែលបានប្រព្រឹត្តដោយកងកម្លាំងសន្តិសុខអាណតិ្តរបស់យើង គឺស៊ើបអង្កេតតាងនាមឲ្យជនរងគ្រោះ មិនមែនតាងនាមឲ្យគណបក្សសង្គ្រោះជាតិទេ។
លិខិតរបស់យើង ត្រូវបានដាក់តាងនាមឲ្យជនរងគ្រោះមិនមែនតាងនាមឲ្យគណបក្សនយោបាយទេ។ គណបក្សសង្គ្រោះជាតិពុំបានខិតខំប្រឹងប្រែងជះឥទិ្ធពលមកលើការវិភាគផ្លូវច្បាប់របស់យើងហើយក៏មិនបានជ្រៀតជ្រែកជាមួយនឹងការសម្រេចរបស់យើង ក្នុងការដាក់ពាក្យបណ្តឹងទៅ ICC ឡើយ។ គណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពជាអ្នកសម្របសម្រួលសម្រាប់ដំណើរការនេះ មិនមែនជាកូនក្តីផ្តល់ការណែនាំទេ។ ការពិត ដែលគណបក្សសង្គ្រោះជាតិ ខិតខំសម្រួលដើម្បីយុតិ្តធម៌ជូនជនរងគ្រោះ កម្ពុជា តាមរយៈនីតិវិធីច្បាប់អន្តរជាតិ មិនគួរជារឿងភ្ញាក់ផ្អើលទេ។ ជាតំណាងរាស្រ្តជាប់ឆ្នោតតាមលទិ្ធប្រជាធិបតេយ្យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មិនត្រឹមតែមានសិទិ្ធទេ ថែមទាំងមានកាតព្វកិច្ចត្រូវជួយជនរងគ្រោះស្វែងរកយុតិ្តធម៌ ខណៈនៅមានការប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ។ ជំនួយនេះមានសារៈសំខាន់ជាពិសេស នៅពេលដែលជនរងគ្រោះភាគច្រើនខ្វះធនធាន ដើម្បីពឹងពាក់មេធាវីដោយផ្ទាល់ ហើយដែលតុលាការ កម្ពុជា បានទទួលបរាជ័យជាបន្តបន្ទាប់ក្នុងការការពារប្រជាជនរបស់ខ្លួន ពីការប្រើប្រាស់អំណាចរដ្ឋដោយបំពាន។ ការធានាថា ជនរងគ្រោះទាំងនេះ មានលទ្ធភាពទទួលបានមធ្យោបាយសង្គ្រោះផ្លូវច្បាប់គួរឲ្យជឿជាក់ ទោះបីជានៅថ្នាក់ជាតិ ឬអន្តរជាតិក្តី គឺជាតួនាទីស្របច្បាប់សម្រាប់តំណាងរាស្រ្ត នៅក្នុងប្រទេសប្រជាធិបតេយ្យ។
លិខិតទំនាក់ទំនងរបស់យើងទៅ ICC នឹងពិចារណាលើការបណ្តេញប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ដោយប្រើហិង្សា អំពើមនុស្សឃាត ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម និងការឃុំឃាំងដោយខុសច្បាប់នូវជនទាំងឡាយ ដែលព្យាយាមការពារផ្ទះរបស់ខ្លួន នៅចំពោះអំណាចយោធា ការធ្វើទុក្ខបុកម្នេញមកលើជនជាតិដើម និងការបំផ្លិចបំផ្លាញរបៀបរបបរស់នៅរបស់ពួកគេ និងអំពើឧក្រិដ្ឋកម្មជាច្រើន ដែលបានប្រព្រឹត្តមកលើអ្នកការពារសិទិ្ធមនុស្សទាំងអស់នោះ ដែលព្យាយាមជំទាស់នឹងគោលនយោបាយដីធ្លី ដែលខុសច្បាប់ និងបំផ្លិចបំផ្លាញ។
សិទិ្ធលំនៅឋាន មានសារៈសំខាន់ណាស់ ចំពោះសន្តិសុខរបស់បុគ្គលណាក៏ដោយ ព្រមទាំងស្ថិរភាពសង្គម។ ពេលគេបដិសេធសិទិ្ធលំនៅឋានចំពោះមនុស្សច្រើនគ្នា សុខុមាលភាពរបស់បុគ្គល និងសណ្តាប់ធ្នាប់សង្គមត្រូវបានជំនួសដោយភាពក្រីក្រ និងជម្លោះ ពេលខ្លះ អាចបណ្តាលឲ្យកើតសង្គ្រាមទៀតផង។ នេះជាមូលហេតុ ដែលរដ្ឋភាគីនៃ ICC ចង់ការពារសិទិ្ធលំនៅឋាននេះ ដោយកំណត់យ៉ាងច្បាស់ថា ការផ្ទេរដោយបង្ខំ ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលអំពើនេះ បានប្រព្រឹត្តឡើងជាផ្នែកមួយនៃការវាយប្រហារយ៉ាងទូលំទូលាយឬ មានលក្ខណៈប្រព័ន្ធ។
ក្រុមអង្គការសិទិ្ធមនុស្សបានព្រមានថា ប្រជាពលរដ្ឋដល់ទៅ ៧ សែននាក់ បានទទួលរងផលប៉ះពាល់ដោយសារតែការចាប់យកដីធ្លី នៅ កម្ពុជា ចាប់តាំងពី ឆ្នាំ២០០១ មក។ ប្រសិនបើនេះជាការពិតមែន បានន័យថា ចំនួននេះស្មើនឹងប្រហែល ៤,៧ ភាគរយនៃប្រជាជនទាំងមូល។ ដើម្បីយល់ដឹងអំពីទំហំប្រសិនបើចំនួននេះ (គឺភាគរយនៃប្រជាពលរដ្ឋ) បានរងផលប៉ះពាល់នៅសហរដ្ឋអាមេរិក វាស្មើនឹងប្រជាពលរដ្ឋទាំងមូលនៅ New England ពោលគឺ រដ្ឋ Maine, Massachusetts New Hampshire, Rhode Island និង Vermont។ នៅចក្រភពអង់គ្លេស វាស្មើទៅនឹងប្រជាពលរដ្ឋទាំងមូល នៅ Wales។
កាលពីសប្តាហ៍មុន លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីថា ការស៊ើបអង្កេតរបស់យើងជារឿងកំប្លែង។
លោកអាចឃើញថា ព្រះរាជអាជ្ញា ICC មិនមានអារម្មណ៍កំប្លែងដូចលោកទេ៕ TK
No comments:
Post a Comment