Monday, March 31, 2014

លោក កឹម សុខា ស្នើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ឆន្ទៈ​លើ​ជំនួប​កំពូល ដើម្បី​បន្ត​កិច្ច​ចរចា​​




ដោយ៖​ តាំង វីដា​ | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014, ម៉ោង 05:37 PM​
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ពី​ឆន្ទៈ​ពិត​លើ​សំណើ​ឲ្យមាន​ជំនួប​កំពូល ដើម្បី​កំណត់​លក្ខខណ្ឌ​ជាមុន សម្រាប់ឲ្យ​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​បន្ត​កិច្ច​ចរចា លើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​បន្តទៀត​។​
​ក្នុង​កម្មវិធី​តុមូល​របស់​វិទ្យុ​វី​អូ​ឌី នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា ជំនួប​ចរចា​កំពូល មាន​សារៈសំខាន់​ណាស់ សម្រាប់​ជា​កិច្ច​តម្រង់​ទិស​ឲ្យ​ក្រុមការងារ​គណបក្ស​ទាំងពីរ បន្ត​កិច្ចចរចា ដោយហេតុ​ថា របៀបវារៈ​ដែល​ក្រុម​គណៈកម្មការ​បក្ស​ទាំង​ពីរ​លើក​ឡើង គឺ​សុទ្ធតែ​ហួស​ដែន​សម្រេច​រៀងៗ​ខ្លួន ដែល​នាំឲ្យ​មាន​ផលវិបាក​ក្នុង​ការប​ន្ត​កិច្ច​ចរចា​។ លោក​ថា គណបក្ស​នេះ ចង់ឲ្យ​មាន​ជំនួប​កំពូល​ពិភាក្សា​ជា​អទិភាព លើ​ការស៊ើបអង្កេត​ការបោះឆ្នោត ឬ​ការកំណត់​កាលបរិច្ឆេទ​បោះឆ្នោត​ឡើងវិញ និង​ការដាក់ គជប ជា​ស្ថាប័ន​ធម្មនុញ្ញ​។
លោក កឹម សុខា បន្តថា គណបក្ស​នេះ បាន​ចាត់តាំង លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ច​រ​ចា និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត រង់ចាំ​ជួប​ជាមួយ​លោក ព្រុំ សុខា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្របសម្រួល​ឲ្យមាន​ជំនួប​កំពូល​។​
​ប៉ុន្តែ លោក ព្រុំ សុខា បដិសេធ​ឆ្លើយ ដោយ​អះអាង​ជាប់រវល់​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច លោក ឈាង វុន ធ្លាប់​ឲ្យដឹង​ដែរថា ជំនួប​កំពូល​នៃ​គណបក្ស​ទាំងពីរ អាច​ធ្វើទៅបាន លុះណាតែ​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​គណ​បក្ស​ទាំងពីរ អាច​សម្រេច​ការងារ​ជា​លទ្ធផល​នៃ​ជំនួប​កំពូល កាលពី​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ ជាមុនសិន​។​
​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច ស្នើឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ បង្ហាញ​ឆន្ទៈ​ពិត ពន្លឿន​ការដោះស្រាយ​បញ្ហា​នយោបា​យ​។ លោក​យល់ថា បើ​នៅ​តែ​មិន​មាន​ជំនួប​កំពូល គណបក្ស​ទាំង​ពីរ គប្បី​ស្វែងរក​យុទ្ធសាស្ត្រ ដើម្បី​រក​ច្រក​ចេញពី​ភាពជាប់គាំង​នេះ​។
ក្រោម​ស្មារតី​នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា ក្រុម​ការងារ​បច្ចេកទេស​ចរចា និង​ក្រុម​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ទាំងពីរ បានចាប់ផ្តើម​កិច្ចចរចា​ជា​បន្តបន្ទាប់ ដែល​បង្ហាញ​ពី​ភាព​ខិត​ចូលគ្នា ដោយ​មាន​របៀបវារៈ​រៀងៗ​ខ្លួន ប៉ុន្តែ​កិច្ចចរចា​នេះ ត្រូវបាន​ផ្អាក កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា បន្ទាប់​ពី​ក្រុមការងារ​គណៈកម្មការ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​សំណើរ​របស់​ក្រុមការងារ​គណៈកម្មការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​កំណត់កាល​បរិច្ឆេ​ទ​ការបោះឆ្នោត​ឡើងវិញ និង​ការដាក់ គជប ជា​ស្ថាប័ន​ធម្មនុញ្ញ ដោយ​ថា សំណើរ​នេះ​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នកសម្រេច​៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

No comments: