Friday, March 28, 2014


CNRP ប្តូរមកធ្វើសមាជមហាជននៅសួនច្បារមុខវត្តបុទុមវត្តីវិញ
ដោយ៖ ស៊ុន ណារិន | ថ្ងៃសៅរ៍ ទី29 ខែមិនា ឆ្នាំ2014 | 28 នាទី មុន

គណបក្សសង្គ្រោះជាតិ(CNRP) នៅថ្ងៃសៅរ៍នេះ ស្នើគណៈអភិបាលរាជធានីភ្នំពេញ សុំបរិវេណសួនច្បារមុខវត្តបុទុមវត្តី ដើម្បីរៀបចំសមាជមហាជននៅថ្ងៃអាទិត្យ ទី៣០ខែមីនា បន្ទាប់ពីក្រសួងមហាផ្ទៃ បដិសេធសំណើរសុំធ្វើនៅទីលានប្រជាធិបតេយ្យ។
សេចក្តីជម្រាបជូនសាលារាជធានី ឲ្យដឹងថា បន្ទាប់ពីពិធីឧទ្ទសកុសលដល់វិញ្ញាណក្ខន្ធវីរបាតុករនៅព្រឹកថ្ងៃអាទិត្យ គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើសមាជចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៧ល្ងាចនៅសួនច្បារមុខវត្តបុទុមវត្តី ដោយនឹងមានការសម្តែងមតិប្រជាពលរដ្ឋចូលរួមសមាជ និងសង្គមស៊ីវិលនានា។

គណបក្ស ស្នើសាលារាជធានីអនុញ្ញាតទីតាំងសួនច្បារមុខខវត្តបុទុមវត្តី ដើម្បីឲ្យគណបក្ស ធ្វើសមាជមហាជន និងសម្រួលទីតាំងមួយចំនួន នៅជុំវិញដើម្បីធានាការពារកសន្តិសុខ សុវត្ថិភាព ជូនដល់អង្គសមាជទាំងមូល។

ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ(CNRP)ធ្វើសមាជនៅទីលាន ប្រជាធិបតេយ្យ ឬទីកន្លែងសាធារណៈណាមួយនៅរាជធានីភ្នំពេញ ក្រោមហេតុផលថា ខ្លាចមានភាពចលាចល បង្កឡើងដោយជនឆ្លៀតឱកាសណាមួយ។សេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ខែមីនា ឲ្យដឹងថា បន្ទាប់ពីមន្ត្រីសាលារាជធានីភ្នំពេញ ជួបជាមួយគណបក្សសង្គ្រោះជាតិ ក្រសួងមហាផ្ទៃ សម្រេចគោលការណ៍មិនឲ្យធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ អាស្រ័យដោយអាជ្ញាធរ មានសមត្ថកិច្ច កំពុងស៊ើបអង្កេតហេតុការណ៍ ដែលនាំឲ្យកើតមានអំពើហិង្សា និងការខាតបង់នានា ក្នុងព្រឹត្តិការណ៍កន្លងមក មិនទាន់បញ្ចប់ជាស្ថាពរ។ សេចក្តីជូនដំណឹងបន្តថា ការមិនអនុញ្ញាតនេះ គឺដើម្បីបញ្ច្រៀសនូវភាពចលាចល ដែលអាចកើតចេញពីជនឆ្លៀតឱកាស មួយចំនួននោះ។ក្រសួង ក៏មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការរៀបចំសមាជមហាជន នៅ ទីតាំងសាធារណៈណាមួយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើយ។

ក្រសួងមហាផ្ទៃ ឲ្យដឹងទៀតថា គណបក្សសង្គ្រោះជាតិ អាចធ្វើពិធីជួបជុំមហាជននេះ ដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យនេះ នៅទីស្នាក់ការខ្លួន ឬទីតាំងឯកជនណាមួយ ដោយត្រូវសហការជាមួយសាលារាជធានីភ្នំពេញ ក្នុងការៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

No comments: