លោក ហ៊ុន សែន មិនខ្វល់នឹងសមាជមហាជនរបស់CNRP តែបញ្ជាក់ពាក្យ«ខន្តីញ៉ោម»
ដោយ៖ ស៊ុន ណារិន និងតាំង វីដា | ថ្ងៃព្រហស្បតិ៍ ទី27 ខែមិនា ឆ្នាំ2014, ម៉ោង 03:24 PM
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក ហ៊ុន សែន កាលពីកន្លងទៅ(រូបថតដោយណាត សុភាព)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសថា លោក មិនខ្វល់នឹងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ តែលោកព្រមានថា ការធ្វើបាតុកម្មណាមួយ កុំឲ្យតែផុតពីច្បាប់កំណត់ និងហួសកំណត់ពីការខន្តី។
ការបញ្ជាក់របស់លោក ហ៊ុន សែន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងជួបជុំអ្នកគាំទ្រខ្លួននៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យទី៣០ ខែមីនា តែមិនមែនជាបាតុកម្មទម្លាក់រដ្ឋាភិបាលនោះទេ។ លោកសម រង្ស៊ី ហៅថានោះជាសមាជប្រជាជន ដើម្បីស្តាប់យោបល់របស់អ្នកគាំទ្រ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីស្ទឹងអាតៃនៅខេត្ដពោធិ៍សាត់ លោក ហ៊ុន សែន ថ្លែងថា កុំឲ្យការបោះឆ្នោតមួយ ក្លាយជាការបែកបាក់ជាតិ បើទោះបីជាប្រជាពលរដ្ឋ គាំទ្រគណបក្សណាក៏ដោយ ព្រោះនោះជាសិទ្ធិរបស់ពលរដ្ឋ។ លោកបន្តថា ប្រជាពលរដ្ឋ មិនត្រូវឈ្លោះគ្នានៅក្នុងភូមិ ដោយសារតែរឿងគាំទ្រគណបក្សឡើយ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា ការធ្វើបាតុកម្មណាក៏ដោយ កុំឲ្យតែផុតពីច្បាប់កំណត់ ដែលនាំឲ្យមានហិង្សា។ លោកថ្លែងបន្ថែមដោយសំដៅទៅកាន់សមាជរបស់គណបក្សសង្គ្រោះជាតិថា លោកមិនខ្វល់នឹងបាតុកម្មទេ តែលោកបានសង្កត់ធ្ងន់ទៅលើពាក្យ «លោកក៏ចេះថាខន្តីញ៉ោមៗ អានេះក៏ចង់បញ្ជាក់ថា ច្បាប់វាមានកំណត់របស់វា មិនមែនបានសេចក្តីថា ទៅផុតពីច្បាប់បានទេ ប្រទេសមួយ មានរដ្ឋធម្មនុញ្ញ ប្រទេសមួយមានច្បាប់ តែទៅផុតចូលដល់ហិង្សាហើយ គឺវាអស់ខន្តីហើយ អាហ្នឹងគឺច្បាប់គេត្រូវធ្វើសកម្មភាពហើយ។ អាហ្នឹងគ្រាន់តែបញ្ជាក់ថា ខន្តីញ៉ោម ធ្វើម៉េចឲ្យនៅត្រឹមកម្រិតថា បើត្រឹមប៉ុណ្ណឹងហើយ ប៉ុណ្ណឹងដកឃ្លាទៅ គេប្រាប់ អាហ្នឹងគឺគេថាខ្ញុំផ្លែផ្កាចុងក្រោយទៀត ព្រោះឥឡូវឮគេថាអី មហាអីទៀតហើយ មិនដឹងមហាស្អីទៀតហើយ មហាក៏មហាទៅ»។
នៅថ្ងៃនេះ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសមាជប្រជាជននៅទីលានប្រជាធិបតេយ្យ តែស្នើឲ្យធ្វើនៅទីស្នាក់ការគណបក្ស ឬកន្លែងឯកជនណាមួយ។សាលារាជធានីភ្នំពេញ បានបញ្ជូនលិខិតសុំធ្វើសមាជនៅទីលានប្រជាធិបតេយ្យទៅក្រសួងមហាផ្ទៃជាអ្នកសម្រេច។
លោក សម រង្ស៊ី ប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថា លោកនៅតែបន្តធ្វើសមាជនៅថ្ងៃអាទិត្យ ដោយជឿជាក់ថា អាជ្ញាធរ នឹងមិនរឹតបន្តឹងខ្លាំងនោះទេ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងធ្វើអ្វីតាមឆន្ទៈរបស់អ្នកគាំទ្រ «អ្វីដែលយើងធ្វើ គឺស្របឆន្ទៈប្រជារាស្រ្ត។ បើថាប្រជារាស្ត្រលោក ឲ្យយើង បន្ធូរបន្ថយ ឬឲ្យយើងទៅមុខទៀត ឬមួយមានគំនិតអ្វីថ្មី ស្នើឲ្យយើងគិតពិចារណា យើងនឹងធ្វើតាមសំណើរ ប្រជារាស្ត្រទាំងអស់។ ដូច្នេះវាអត់មានអី ឲ្យយើងព្រួយបារម្ភ ហួសហេតុទេ ខ្ញុំជឿថាប្រជារាស្ត្រ លោកក៏មានសុភវិនិច្ឆ័យល្អដែរ»។
អ្នកវិភាគឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ការប្រមូលផ្តុំជួបជុំ ឬសមាជ ជាសិទ្ធិរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ ដូច្នេះបម្រាមរបស់រាជរដ្ឋាភិបាលមិនឲ្យជួបជុំមិនមែនជាច្បាប់ទេ ហើយក្រសួងមហាផ្ទៃត្រូវរៀបចំការពារសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ ផងដែរ «ជារួម ជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ មិនអាចអ្នកណាហាមឃាត់បាន ហើយច្បាប់ដែលរាជរដ្ឋាភិបាលលើកឡើង វាមិនមែនជាច្បាប់ វាជាអាកប្បកិរិយានយោបាយ បើច្បាប់ដូចជាអត់មានហាមអីទេ។ ជារួមត្រូវតែ មានកាតព្វកិច្ចត្រូវតែអនុញ្ញាត ឲ្យគេធ្វើ ហើយការពារនូវសុវត្ថិភាពរបស់គេ ពេញលេញ ក្នុងនាមជារដ្ឋឯករាជ្យមួយ»៕
សូមសរសេរមកកាន់ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com និងតាំង វីដា តាមរយៈ vida@vodhotnews.com
No comments:
Post a Comment