បទសម្ភាសន៍ជាមួយលោក គល់ បញ្ញា នាយកប្រត្តិបត្តិអង្គការខុមហ្វ្រែល ជុំវិញបញ្ហាកែទម្រង់ប្រព័ន្ធបោះឆ្នោត
ដោយ៖ ពេជ្រ សុធារី | ថ្ងៃព្រហស្បតិ៍ ទី27 ខែមិនា ឆ្នាំ2014 | 1 ម៉ោង មុន
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (រូបថត៖ តាំង វីដា)
កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅនេះ នៅក្នុងជំនួបចរចារវាងក្រុមការងារគណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទៅលើការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា បានឈានដល់ភាពទាល់ច្រកជាថ្មី ដោយមិនបានចេញនូវសេចក្តីថ្លែងការណ៍រួមណាមួយ។ ភាពទាល់ច្រកនេះ កើតឡើងខណៈដែលគណៈកម្មការគណបក្សសង្គ្រោះជាតិ ទាមទារឲ្យដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឋិតនៅក្រោមការការពាររបស់រដ្ឋធម្មនុញ្ញ ប៉ុន្តែត្រូវបានគណៈកម្មការគណបក្សប្រជាជនកម្ពុជា បដិសេធ ដោយរងចាំឲ្យមានការសម្រេចពីថ្នាក់ដឹកនាំកំពូល។
សូមស្តាប់បទសម្ភាសន៍របស់កញ្ញា ពេជ្រ សុធារី ការីនិពន្ធព័ត៌មានអនឡាញ ជាមួយលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ដូចតទៅ៖
១. ទាក់ទងនឹងករណីនេះ តើលោកបណ្ឌិត យល់ថា ការដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប ជាស្ថាប័នធម្មនុញ្ញនេះ មានអត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
លោក គល់ បញ្ញា៖ «ប្រទេសច្រើនណាស់ដែលគេរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ទៅជាស្ថាប័នរដ្ឋធម្មនុញ្ញ ប្រទេសច្រើនហើយ គ្រាន់តែប្រទេសមួយនៅអាស៊ានយើងហ្នឹង គ្រាន់តែខ្ញុំដឹង នៅជិតយើងហ្នឹង ថៃ ប៉ុន្តែមានប្រទេសច្រើនណាស់ មិនមែនមានតែប្រទេសថៃមួយទេ ប្រទេសច្រើនណាស់ ដែលគេបានផ្តល់សិទ្ធិអំណាចទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ឡើងកម្រិតដល់ស្ថាប័នរដ្ឋធម្មនុញ្ញ ដើម្បីឲ្យស្ថាប័ននេះ ធ្វើការងារ ដឹកនាំ គ្រប់គ្រងចាត់ចែងការបោះឆ្នោតឲ្យបានសេរីនិងយុត្តិធម៌ ជាពិសេសនៅបញ្ហាមួយចំនួន ដែលទាក់ទិនទៅនឹងស្ថាប័នរដ្ឋាភិបាល ដែលអាចឲ្យគេមានឥទ្ធិពលទៅលើស្ថាប័នរដ្ឋាភិបាលហ្នឹងផង ព្រោះសព្វថ្ងៃ ការចាត់ចែងការបោះឆ្នោតនៅយើងនេះ គឺថាស្ថាប័ន គជប នេះឋិតនៅបង្គាប់របស់ស្ថាប័នរដ្ឋាភិបាលទេ ដូចក្រសួងមហាផ្ទៃ ដូចក្រសួងព័ត៌មាន ពេលខ្លះ គជប ហ្នឹង គាត់មិនអាចទៅធ្វើអីបានជាមួយនឹងក្រសួងអស់ហ្នឹងទេ ព្រោះក្រសួងអស់ហ្នឹងគាត់នៅមានឥទ្ធិពលនៅពេលបោះឆ្នោតហ្នឹង ដូចជាបញ្ហាសន្តិសុខ បញ្ហាព័ត៌មាន អញ្ចឹងហើយបានជាមានការជ្រៀតជ្រែកពីក្រសួងអស់ហ្នឹង ទៅលើកិច្ចការងាររបស់ គជប ហ្នឹង អញ្ចឹងហើយបានជាគេលើកស្ថាប័ន គជប ឲ្យទៅជាស្ថាប័នធម្មនុញ្ញ ដើម្បីឲ្យគាត់មានអំណាចទៅលើក្រសួងអស់ហ្នឹងវិញ ក្នុងការដែលដាក់បញ្ជា ឬក៏ការជំរុញឲ្យក្រសួងអស់ហ្នឹងត្រូវគោរពការងាររបស់ខ្លួន ការសម្រេចចិត្តរបស់ខ្លួន ឲ្យស្របទៅតាមការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ គេរហូតទៅដល់មានអំណាចក្នុងការប្រឆាំងនឹងសេចក្តីសម្រេចនានា សកម្មភាពនានារបស់រដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ គេមានអំណាចដល់ប៉ុណ្ណឹងទៀត ដែល គជប ក្លាយជាស្ថាប័នរដ្ឋធម្មនុញ្ញហ្នឹង»។
២. ចុះប្រសិនបើមិនដាក់ស្ថាប័ន្ថ គជប ទៅជាស្ថាប័ន្ធធម្មនុញ្ញទេ តើនឹងអាចជួបបញ្ហាអ្វីខ្លះដែរ?
លោក គល់ បញ្ញា៖ «បើយើងជ្រុលតែធ្វើ ឲ្យការរៀបចំការបោះឆ្នោតមួយបានត្រឹមត្រូវ យើងខិតខំធ្វើ ពិនិត្យមើលស្ថាប័នហ្នឹងឲ្យបានរឹងម៉ាំ មិនមែននិយាយតែរឿងឯករាជ្យ អព្យាក្រឹតទេ ឲ្យវាមានរឹងម៉ាំ មានអំណាច។ បើយើងជ្រុលតែកែទម្រង់ហើយ ធ្វើឲ្យជាស្ថាប័នមួយរឹងម៉ាំទៅ។ យើងមើលគំរូនៅប្រទេសថៃ ប្រទេសជិតខាងយើង គេខិតខំធ្វើរឿងអស់ហ្នឹង ដែលវាបានស្ថាប័ន គជប មួយ ដែលរៀបចំការបោះឆ្នោតទៅ គណបក្សឈ្នះក៏គេមានកិត្តិយស គណបក្សចាញ់ហ្នឹង ក៏គេសុខចិត្តចាញ់ទៅលើការបោះឆ្នោតហ្នឹងដែរ អញ្ចឹងទៅ វាធ្វើឲ្យការចាត់ចែងការបោះឆ្នោតយើងកាន់តែល្អប្រសើរជាងមុន»។
៣. ក្រៅពីប្រទេសថៃ តើមានប្រទេសណាផ្សេងទៀតទេ ដែលជួបវិបត្តិឬបញ្ហាដូចនៅកម្ពុជា?
លោក គល់ បញ្ញា៖ «ប្រទេសថៃគ្មានវិបត្តិទេ ប៉ុន្តែគេមានវិបត្តិពីមុនៗមក ពីដើមមក នៅអាស៊ានយើងច្រើនណាស់ ប្រទេសកំពុងមានបញ្ហា ដូចនៅម៉ាឡេ ដូចនៅសឹង្ហបុរី អីហ្នឹង គឺថាមានវិបតិ្តបញ្ហារឿងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹងដែរ»។
៤. តើប្រទេសទាំងនោះដោះស្រាយយ៉ាងម៉េចដែរ?
លោក គល់ បញ្ញា៖ គេកំពុងឋិតនៅក្នុងការកែទម្រង់ដែរ កែទម្រង់ដំណើរការបោះឆ្នោតហ្នឹងទៀត ដោយសារប្រទេសអស់ទាំងនោះនៅមិនទាន់មានលក្ខណៈបើកចំហរ ប៉ុន្តែយើងឃើញមានប្រទេសនៅអាស៊ានយើងនេះ ដូចជានៅប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ជាពិសេសនៅប្រទេសឥណ្ឌូនេស៊ីតែម្តង គេបានធ្វើការកែលម្អស្ថាប័នរៀបចំការបោះឆ្នោតគេហ្នឹង ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញហើយ ហើយរបៀបរើសសមាជិក គជប ហ្នឹងក៏គេមានការរៀបចំការរើសបើកទូលាយដែរ ហើយឥឡូវនេះ ការចាត់ចែងការងាររបស់ គជប នេះ គឺថាគេមានការទុកចិត្តពីគណបក្សប្រកួតប្រជែង។ ឥណ្ឌូនេស៊ី គេមានការកែលម្អបានច្រើនណាស់ អំពី ការរៀបចំការបោះឆ្នោត តាំងពីប្រព័ន្ធបោះឆ្នោត តាំងពីស្ថាប័នរៀបចំការបោះឆ្នោត បញ្ជីឈ្មោះបោះឆ្នោត គេបានធ្វើការកែលម្អច្រើន ហេតុនេះហើយបញ្ហានៅក្នុងការបោះឆ្នោតនៅឥណ្ឌូនេស៊ី ត្រូបានកាត់បន្ថយ ហើយម្នាក់ៗគេមានជំនឿទុកចិត្តទៅលើការចាត់ចែងការបោះឆ្នោត។ ឥណ្ឌូនេស៊ី អាចជាពិសោធន៍មួយល្អ នៅក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតមួយឲ្យបានត្រឹមត្រូវ។
៥. ងាកមកកាន់កម្ពុជាវិញ ជំនួបចរចារបស់គណៈកម្មការចម្រុះរបស់គណបក្សទាំងពីរ បានទាល់ច្រក នៅចំណុចដាក់ស្ថាប័ន គជប ឲ្យឋិតនៅក្រោមការការពាររបស់រដ្ឋធម្មនុញ្ញ អញ្ចឹងតើលោកយល់ថា មានវិធីសាស្ត្រអ្វីផ្សេងទេក្រៅពីនេះទេ ដើម្បីទម្លាយភាពទាល់ច្រកនៃជំនួបចរចានេះ?
លោក គល់ បញ្ញា៖ មើលទៅមិនមែនទាល់ច្រកទេ រឿងគ្រាន់តែថា មិនទាន់អាចសម្រេចបាន ដោយសារគាត់គឺថា កិច្ចការហ្នឹងសម្រេចនៅថ្នាក់លើ ប៉ុន្តែគេអាចជជែកនៅថ្នាក់លើទៀត។ វាបញ្ហាត្រង់ថា សមាជិកគណៈកម្មការដែលនៅក្នុងហ្នឹង គាត់អត់មានសិទ្ធិអំណាចពេញលេញ ក្នុងការសម្រេចចិត្តទៅលើកិច្ចការរៀបចំកែទម្រង់ហ្នឹង ហើយបើសិនជាគាត់មានសិទ្ធិអំណាចពេញលេញ ប្រហែលជាគាត់អាចជជែកគ្នា ពីមូលហេតុ ពីហេតុផល ដែលដាក់ស្ថាប័នហ្នឹងជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយដែលរៀបចំស្ថាប័នហ្នឹង ឲ្យមានការជ្រើសរើសមួយឲ្យមានតម្លាភាព ជាពិសេសឲ្យមានការគាំទ្រពីគណបក្សនៅក្នុងរដ្ឋាភិបាលក្តី គណបក្សក្រៅរដ្ឋាភិបាលក្តី ឲ្យបានរឹងម៉ាំ ទៅលើរឿងការជ្រើសរើស គជប ហ្នឹង អញ្ចឹងគាត់អាចជជែកគ្នា ព្រោះឥឡូវនេះពីរបក្សហ្នឹងគាត់មកជជែកគ្នាហើយ អញ្ចឹងគាត់ចង់បាន គជប មួយដែលគាត់អាចទុកចិត្តបានទាំងពីរបក្សហ្នឹង អញ្ចឹងគាត់គិតគ្នាត្រូវធ្វើម៉េច ហើយនិងចង់ឲ្យអំណាចទៅ គជប ហ្នឹង គេអាចជជែកគ្នាបាន ប៉ុន្តែគ្រាន់តែថាកិច្ចការអស់ហ្នឹង មើលទៅត្រង់គាត់អត់មានអំណាចពេញលេញ សមាជិកនៅក្នុងគណៈកម្មការចម្រុះហ្នឹង គាត់អត់មានអំណាចពេញលេញ ក្នុងការសម្រេចចិត្តថា តើ គជប ហ្នឹងក្លាយជាស្ថាប័នរដ្ឋធម្មនុញ្ញ ឬមួយ គជប ហ្នឹងត្រូវការអនុម័តពីសភា ២ភាគ៣ ហើយកំណែទម្រង់របៀបម៉េចហ្នឹង គាត់អត់មានអំណាចក្នុងការសម្រេចចិត្តរឿងហ្នឹង ម្លោះហើយធ្វើឲ្យការជជែកគ្នាហ្នឹងចេះតែពន្យាទៀតទៅ អញ្ចឹងទៅប្រហែលជាត្រូវការជជែកគ្នាក្នុងកម្រិតណាមួយទៀតទៅ ដើម្បីធ្វើឲ្យការសម្រេចចិត្តហ្នឹងបានលឿន។
៦. ឧបមាថា បញ្ហានេះ ឡើងទៅដល់ថ្នាក់កំពូលហើយ ប៉ុន្តែនៅតែមានភាពជាប់គាំង ដូចថាមិនអាចដោះស្រាយអីបាន តើអាចមានវិធីសាស្ត្រអីផ្សេងទេ?
លោក គល់ បញ្ញា៖ ខ្ញុំគិតថា បើដល់ថ្នាក់កំពូលហើយ ប្រហែលជាយល់ហើយ ព្រោះមានបញ្ហាខ្លះ រឿងអស់នេះវាមិនមែនជារឿងនយោបាយសុទ្ធសាធទេ វាជារឿងបច្ចេកទេសសុទ្ធសាធ អញ្ចឹងគាត់អាចស្តាប់គេអ្នកឯកទេសមកស្រាប់ទៅ ថាហេតុអីបានគេដាក់ស្ថាប័នហ្នឹង ជាស្ថាប័នរដ្ឋធម្មនុញ្ញ ហេតុអីបានគេឲ្យអំណាច តួនាទីទៅ គជប កាន់តែច្រើន នៅពេលរៀបចំការបោះឆ្នោត គេអាចពន្យល់អំពីមូលហេតុ សារៈសំខាន់បំផុតនៅក្នុងរឿងហ្នឹង អញ្ចឹងរឿងហ្នឹងជាឯកទេស វាមិនមែនតែជារឿងតែផលប្រយោជន៍នយោបាយ ប៉ុន្តែរឿង ២ភាគ៣ ដែលអនុម័តក្នុងសភា អាហ្នឹងគាត់ជជែកគ្នាទៅ មធ្យោបាយផ្សេងទៀតទៅ។ គេអាចរកមធ្យោបាយពង្រឹងគណៈកម្មការជ្រើសរើសមួយឲ្យរឹងម៉ាំអីអញ្ចឹងទៅ ឲ្យសិទ្ធិអំណាចទៅគណៈកម្មការជ្រើសរើសហ្នឹងទៅ ហើយគណៈកម្មការជ្រើសរើសហ្នឹងដែលមានសមាសភាពពីពីរបក្សហ្នឹងទៅ ឧទាហរណ៍ទៅ អាហ្នឹងក៏អាចជាមធ្យោបាយដែរ អាចពង្រឹង អាចបន្ថយនូវការអនុម័ត ២ភាគ៣។ ប៉ុន្តែ ២ភាគ៣ហ្នឹងជានិមតិ្តរូបនៃការស្រុះស្រួលគ្នានៃគណបក្សទាំងពីរហ្នឹង វាមិនបានមួយរយភាគរយ ប៉ុន្តែយ៉ាងហោចណាស់ ក៏បាន ២ភាគ៣ នៃតំណាងគណបក្សនៅក្នុងសភាហ្នឹងដែរ នេះជាការពិត អញ្ចឹងទៅ គេអាចជជែកគ្នាបាន ព្រោះគាត់យកគោលការណ៍ថា ធ្វើម៉េចឲ្យបក្សទាំងពីរហ្នឹងទុកចិត្ត។ ២ភាគ៣ ក៏ជានិមិត្តរូបដែរ ជានិមិត្តរូបនៃការស្រុះស្រួលគ្នាដែរ ព្រោះថាបើយើងដាក់ទៅក្នុងគណៈកម្មការជ្រើសរើស ក៏ត្រូវតែឲ្យសិទ្ធិអំណាចទៅ គណៈកម្មការជ្រើសរើសហ្នឹងទៅ។ បើសិនថា យើងថា ២ភាគ៣ហ្នឹងអត់ចាំបាច់ទេ យកតែ ៥០បូក១ ទៅបាន អញ្ចឹងក៏ថាបាន ប៉ុន្តែដល់ពេលក្នុងគណៈកម្មការជ្រើសរើសហ្នឹង មានសមាសភាពពីរបក្សហ្នឹង គេអាចទៅគិតគូរធ្វើម៉េចដើម្បីឲ្យគណៈកម្មការជ្រើសរើសហ្នឹង អាចឲ្យមានពីរបក្សហ្នឹងចូលរួមសម្រេចដែរ គេអាចនិយាយពីការស្រុះស្រួលគ្នាជាឯកច្ឆ័ន ហើយនិង ២ភាគ៣ នៅក្នុងគណៈកម្មការជ្រើសរើសហ្នឹងទៅ អាហ្នឹងក៏អាចកាត់បន្ថយនៅក្នុងរឿងការអនុម័តនៅក្នុងសភាហ្នឹងដែរ។ គណៈកម្មការជ្រើសរើសហ្នឹងដែរលមានសមាសភាពពីរបក្សហ្នឹងដដែល អញ្ចឹងបានន័យ គេពង្រឹងគណៈកម្មការជ្រើសរើសហ្នឹងវិញ ហើយគណៈកម្មការជ្រើសរើសហ្នឹងដាក់ទៅ សភាគ្រាន់តែអនុម័តគ្រាន់តែជាបង្ហាញថាអនុម័តទេ ប៉ុន្តែខ្លឹមសារមែនទែន មិនមែនត្រូវការផ្លាស់ប្តូរអី ឬមិនបោះឆ្នោតឲ្យទេ ព្រោះដោយសារគណៈកម្មការជ្រើសរើសហ្នឹង គេបានស្រុះស្រួលគ្នាពីរបក្សហ្នឹងហើយ ដោយយកគោលការណ៍ ២ភាគ៣ហើយ មិនចាំបាច់ទៅសុំ ២ភាគ៣នៅក្នុងសភា អាហ្នឹងក៏គេអាចធ្វើបានអញ្ចឹងដែរ ប៉ុន្តែត្រូវតែឲ្យសិទ្ធិអំណាចទៅលើគណៈកម្មការជ្រើសរើសហ្នឹង ត្រូវតែដកចេញពីការជ្រើសរើសបច្ចុប្បន្ននេះ ដែលឆ្លងកាត់តាមក្រសួងមហាផ្ទៃ ហើយនិងគណៈរដ្ឋមន្ត្រីហ្នឹង ដកចេញទៅ ហើយបង្កើតគណៈកម្មការជ្រើសរើសមួយ ដែលមានសមាសភាពពីរបក្សហ្នឹងចូលគ្នា នៅក្នុងគណៈកម្មការជ្រើសរើសហ្នឹង ឧទាហរណ៍ថាយើងមាន ៧នាក់ ឧទាហរណ៍អញ្ចឹងទៅ ឬក៏មាន៩នាក់ អញ្ចឹងពីរបក្សហ្នឹងត្រូវមានតំណាងនៅក្នុងគណៈកម្មការជ្រើសរើសហ្នឹង ធ្វើម៉េចឲ្យមានលទ្ធភាពត្រួតពិនិត្យគ្នាទៅវិញទៅមកទៅ ហើយសុំគោលការណ៍សម្រេច ២ភាគ៣ នៅក្នុងគណៈកម្មការជ្រើសរើសហ្នឹងទៅ នៅពេលរើសបេក្ខជនដើម្បីក្លាយជាសមាជិក គជប អាហ្នឹងក៏ជាមធ្យោបាយមួយដែរ។
សូមអគុណលោកបណ្ឌិត គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ដែលបានផ្តល់បទសម្ភាសន៍ជាមួយ VOD៕
សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
No comments:
Post a Comment