ដោយ៖ ឡេង ចាន់រតនា | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014, ម៉ោង 04:35 PM
គណបក្សសង្គ្រោះជាតិ ថ្កោលទោសចំពោះការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរ ទៅលើការជួបជុំរបស់ប្រជាពលរដ្ឋ ដឹកនាំដោយប្រធានវិទ្យុសំបុកឃ្មុំ ដែលទាមទារសិទ្ធិក្នុងការប្រើប្រាស់ហ្រេ្វកង់វិទ្យុ និងទូរទស្សន៍ពីក្រសួងពត៌មាន នៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមីនានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ លើកឡើងថា រាល់ការទាមទារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងការជួបជុំ ឬសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ ឬសាធារណៈនានា តែងរងនូវការគំរាមកំហែង និងការទប់ស្កាត់ ពីសំណាក់អាជា្ញធរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែល ចាត់ទុកទង្វើនេះ ថាជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពក្នុងការជួបជុំ ការសម្តែងមតិរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្ដរជាតិ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានស្នើឲ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់អំពើហិង្សាតាមគ្រប់រូបភាពទៅលើប្រជាពលរដ្ឋ និងអំពាវនាវដល់សមាគមន៍អន្ដរជាតិ ជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពិនិត្យឡើងវិញ និងដាក់សម្ពាធទៅលើរាជរដ្ឋាភិបាល ឲ្យគោរពនូវគោលការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងអនុវត្ដន៍តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់កម្លាំងសមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទនេះ បានប្រើហិង្សាបំបែកប្រជាពលរដ្ឋជាង ១០០នាក់ ដែលជាអ្នកគាំទ្រប្រធានវិទ្យុសំបុកឃ្មុំ បណ្តាលឲ្យបុរសពីរនាក់រងរបួលក្បាល នៅក្បែរស្ពាននាគ ខណៈដែលពួកគេព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មទាមទារជាថ្មីម្តងទៀត សុំដំឡើងហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុនៅតាមខេត្ត៕
សូមសរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com

No comments:
Post a Comment