Monday, April 11, 2016

លោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសការចាប់ខ្លួន អ្នកតំណាងរាស្រ្ត លោក អ៊ុំ សំអាន


...........................
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសការចាប់ខ្លួន លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប នៃគណបក្សសង្គ្រោះជាតិ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនអ្នកតំណាងរាស្រ្ត លោក អ៊ុំ សំអាន ពីមណ្ឌលសៀមរាប នៃគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទល្មើសជាក់ស្តែង មិនសមហេតុផល។ ការចាប់ខ្លួន អ្នកតំណាងរាស្រ្ត រូបនេះ ធ្វើឡើងនៅវេលាម៉ោង ១២ និង ៣៨ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។

ការចាប់ខ្លួនលោក អ៊ុំ សំអាន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញ មាត្រា៨០ ស្តីអំពី អភ័យឯកសិទ្ធិរបស់សមាជិករដ្ឋសភា, រំលោភនីតិវិធីតុលាការ (គ្មានដីកាចាប់ខ្លួន) និងរំលោភ នីតិវិធីរដ្ឋបាល (ខុសម៉ោងរដ្ឋបាល។ នោះគឺជាជាវិធានការដូចមេដឹកនាំផ្តាច់ការ តែងតែអនុវត្ត ដើម្បីកំចាត់ ឬបង្ក្រាបក្រុមអ្នកប្រឆាំង។

បុព្វហេតុនៃការចាប់ខ្លួន កើតឡើងបន្តបន្ទាប់ ក្រោយពេលលោក អ៊ុំ សំអាន រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់ផែនទី ព្រំដែន ខ្មែរ-យួនមិនត្រឹមត្រូវ ជាមួយសន្ធិសញ្ញាព្រំដែននានា ក្នុង ទសវត្សទី៨០ ដែលធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដីទៅវៀតណាម ដោយគួបផ្សំនឹង ការឃើញផែនទីបោន ខ្នាត ១/១០០.០០០«ដូចមាត្រា២ រដ្ឋធម្មនុញ្ញ»ពីអង្គការសហប្រជាជាតិ។


​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា  មានការព្រួយបារម្ភជាខ្លាំង  ចំពោះការធ្លាក់ចុះយ៉ាងគំហុក លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា រយៈពេល ចុងក្រោយនេះ។ រដ្ឋាភិបាល ប្រើប្រាស់យន្តការរដ្ឋសភា និងតុលាការ ដើម្បីចាត់វិធានការចាប់ឃុំខ្លួនអ្នកនយោបាយ និងសកម្មជន នយោបាយ យ៉ាង អយុត្តិធម៌ ដែលនៅតែកើតមានជាហូរហែរ។  យើងបារម្ភថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងនាំកម្ពុជា ឲ្យធ្លាក់ចូលក្នុងរបបផ្តាច់ការជាថ្មី។

សូមអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាល សូមពិចារណាជាថ្មី ត្រូវទម្លាក់ចោលជាបន្ទាន់ ដោយ ដោះលែងលោក អ៊ុំ សំអាន និង ត្រូវដោះលែងសកម្មជននយោបាយជាង ១០ រូប ឲ្យមាន សេរីភាពឡើងវិញ ដើម្បីធានានិរន្តភាពលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា និងសុខសន្តិភាព ជូនប្រជាពលរដ្ឋខ្មែរ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦
ប្រធាន 
(ហត្ថលេខា)                                  
ម៉ែន ណាត




1 comment:

Saray said...

សូមឲ្យលោកអ្នកគ្រប់គ្រងបង្កើតផេកហ្វេសប៊ុកមួយមកដើម្បីងាយតាមដាន