លោក អ៊ុំ សំអាន រកឃើញផែនទីជាង ២០ ផ្ទាំងនៅ UN
Phnom Penh Post, Fri, 9 October 2015, មាស សុខជា
ភ្នំពេញៈ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំង បានប្រកាសថា លោកបានរកឃើញផែនទីផ្លូវការ នៅបណ្ណាល័យអង្គការសហប្រជាជាតិ ដែលជាផែនទី សម្រាប់កំណត់បង្គោលព្រំដែន ដោយ លោក បានជំរុញឲ្យរដ្ឋាភិបាល ខ្ចីផែនទីទាំងនោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ឡើងវិញជាមួយនឹងផែនទីបច្ចុប្បន្ន ដែលកំពុងប្រើប្រាស់ ដើម្បីកំណត់បង្គោលព្រំដែន ជាមួយនឹងវៀតណាម។
ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីសហរដ្ឋអាមេរិក តាមហ្វេសប៊ុកកាលពីម្សិលមិញ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានអះអាងថា លោក បានរកឃើញផែនទី Bonne 1/100.000 ជាង ២០ ផ្ទាំងនៅបណ្ណាល័យ Dag Hammrskyjold របស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ផែនទីទាំងនោះគឺជាផែនទីផ្លូវការ ព្រោះវាបោះពុម្ពដោយក្រុមភូមិសាស្រ្ត Indochina នៅឆ្នាំ ១៩៥២ និង ១៩៥៣ ជាផែនទី ដែលមានចែងក្នុងមាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានតម្កល់នៅអង្គការសហប្រជាជាតិនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ១៩៥៤ រយៈពេលជាង ២ ខែបន្ទាប់ពីសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវស្តីពីឯករាជភាព និងអធិបតេយ្យបូរណភាពទឹកដីនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤។
លោកបានថ្លែងថា៖ «ផែនទីទាំងនេះគឺជាផែនទីដែលបានទទួលស្គាល់នៅសន្និសីទអន្តរជាតិនៅទីក្រុង ហ្សឺណែវ នៅឆ្នាំ ១៩៥៤ ដូច្នេះរដ្ឋាភិបាលត្រូវប្រើផែនទី Bonne ទាំងនេះដើម្បីបោះបង្គោលព្រំដែនព្រោះផែនទី Bonne ទាំងនេះត្រូវបានទទួលស្គាល់ដោយវៀតណាម ឡាវ និងប្រទេសមហាអំណាចទាំង ៥ នៅសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤»។
ប៉ុន្តែលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនបានចាត់ទុកផែនទីដែល លោក សំអាន រកឃើញថាជាផែនទីមិនផ្លូវការដែលមិនអាចប្រើដើម្បីកំណត់បង្គោលព្រំដែនបានទេហើយថាលោក សំអាន គួរបញ្ឈប់លើកពីបញ្ហាផែនទីទៀតព្រោះបញ្ហាផែនទីត្រូវបានបញ្ចប់រួចហើយ ហើយរដ្ឋាភិបាលបានបំពេញតួនាទីរបស់ខ្លួនរួចហើយក្នុងការផ្ទៀងផ្ទាត់ផែនទីទាំងនោះ។
លោកបានបញ្ជាក់ថា៖ «យើងបានតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ បើទោះបីជា យើងប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់អាមេរិកលើវៀតណាមខាងត្បូង និងកម្ពុជាប៉ុន្តែផែនទី ១៨ ផ្ទាំងដែលអង្គការសហប្រជាជាតិឲ្យយើងខ្ចី គឺជាផែនទីតែមួយគត់ដូច្នេះគ្មានអ្វីផ្សេងទៀតកុំស្នើឲ្យយើងធ្វើនេះធ្វើនោះយើងមានគ្រប់គ្រាន់ហើយ»។
លោកបន្តថា លោក សំអាន យកផែនទីពីកន្លែងណាមួយដែលជាផែនទីគ្មានអត្ថប្រយោជន៍ ដើម្បីមករំខានរដ្ឋាភិបាលដោយលោក វ៉ា គឹមហុង បានប្រាប់លោក សំអាន ថាកុំឲ្យរំខានរដ្ឋាភិបាលទៀត។
ប៉ុន្តែ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានស្វាគមន៍ផែនទី Bonne របស់លោក សំអាន ដែលរកឃើញនៅបណ្ណាល័យអង្គការសហប្រជាជាតិហើយលោកហៅលោក សំអាន ជាវីរបុរសប្រសិនបើការអះអាងរបស់លោកគឺជាការពិតហើយហ៊ានយកផែនទីទាំងនោះមកកម្ពុជា។ លោក សុខ ទូច បានលើកឡើងថា៖ «ប្រសិនបើឯកឧត្តម សំអាន ពិតជាស្នេហាជាតិគាត់បញ្ជូនផែនទីទាំងនេះមកកម្ពុជា ឬគាត់មកកម្ពុជាជាមួយនឹងផែនទីទាំងនេះគាត់នឹងក្លាយជាវីរបុរសរបស់ប្រជាជនខ្មែរដែលគាត់រកឃើញផែនទី Bonne»។
ប៉ុន្តែលោកបញ្ជាក់ថា៖ «ខ្ញុំសូមលោក [អ៊ុំ សំអាន] កុំយកបញ្ហាផែនទីបញ្ហាព្រំដែនជាតិមកធ្វើជាបញ្ហានយោបាយ។ យើងត្រូវតែមានការពិតព្រោះវាជាផលប្រយោជន៍ជាតិ»។ លោក ទូច បន្ថែមថា៖ «បញ្ហាជាតិប្រសិនបើផែនទីទាំងនោះគឺពិតយើងត្រូវទទួលយក។ ប្រសិនបើលោក សំអាន មាន [ផែនទីទាំងនោះ] សូមយកមកគ្មានបញ្ហា។ ប្រសិនបើរដ្ឋាភិបាលមិនយក ខ្ញុំនឹងយកហើយ ខ្ញុំនឹងយក ខ្ញុំនឹងធ្វើបញ្ហានេះព្រោះជាបញ្ហាជាតិ»៕ TK
No comments:
Post a Comment