VOD: ដោយ៖ ខាន់ លក្ខិណា, ថ្ងៃទី11 កញ្ញា 2015, វីដេអូ៖ http://ki-medianews.blogspot.no/2015/09/blog-post_32.html
អ្នកតំណាងរាស្ត្រម្នាក់នៃគណបក្សសង្គ្រោះជាតិទទូចឱ្យ លោក សុខ ទូច ប្រធាន ក្រុមស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភា បងា្ហញ ពីទីតាំងបង្កោល ព្រំដែនចាស់របស់បារាំង និងបង្គោលដែលដាំថ្មី ថា តើការបោះបង្គោល បច្ចុប្បន្ន ស្របគ្នាដែរឬដូចម្ដេច។
លោក អ៊ុំ សំអាន អ្នកតំណារាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិត នៅសហរដ្ឋអាមេរិក បានសរសេរនៅ លើហ្វេសប៊ុក របស់លោកនៅថ្ងៃនេះ ដោយទទូចទៅលោក សុខ ទូច ឲ្យបង្ហាញ ពីការប្រៀបធៀប ទីតាំងបង្គោល ព្រំដែនចាស់ និងបង្គោលដែល រដ្ឋាភិបាលកម្ពុជាកំពុងបោះជាមួយវៀតណាម។ សារក្នុងទំព័រ FaceBook របស់លោក អ៊ុំ សំអាន ដែលនិយាយ ទាក់ទិននឹង បេសកម្មរបស់លោក សុខ ទូច មានសេចក្ដីដូចនេះថា៖ “លោកស្រី កុយ ពិសី និយាយថាបង្គោលព្រំដែនបារាំងចាស់ចំនួន១២៤ មិនអាចទទួលយក បាន ទាំងស្រុងនោះទេ ហើយការបោះបង្គោល បច្ចុប្បន្នមិនធ្វើនៅលើ ទីតាំង បង្គោលបារាំងចាស់ទាំងអស់ដែរ ព្រោះបង្គោលបារាំងទាំងនោះ មិនបោះ ត្រូវខ្សែបន្ទាត់ព្រំដែន ប៉ុន្តែ លោកបណ្ឌិត សុខ ទូច និយាយថា ផ្អែកតាម ច្បាប់រដ្ឋាភិបាល ត្រូវ បោះបង្គោលថ្មី លើទីតាំងបង្គោលបារាំងចាស់ អញ្ចឹង ហើយគាត់ខំ រុករកបង្គោលបារាំង។ ខ្ញុំជឿថាលោកបណ្ឌិត សុខ ទូច នឹង ក្រឡាស់សំដីគាត់វិញនៅបន្ទាប់ពីគាត់ផ្ទៀងផ្ទាត់ផែនទី និងផែនដី រកឃើញថា បង្គោលថ្មីមិនបានបោះនៅទីតាំងបង្គោលបារាំងចាស់ ព្រោះគាត់មិនអាច និយាយខុសពីជំហររដ្ឋាភិបាលនោះទេ”។
លោក សុខ ទូច ដែលជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែន នៃ រាជបណ្ឌិត្យសភា អះអាងថា លោកកំពុង ស្រាវជ្រាវ និងធ្វើការ ផ្ទៀងផ្ទាត់រវាងផែនទី និង ផែនដីពិតនៅតាមព្រំដែនកម្ពុជា- វៀតណាម។ រយៈពេល ប៉ុន្មានថ្ងៃ លោក បានចុះទៅស្រាវជ្រាវ បង្គោលព្រំដែនជាមួយវៀតណាម ដែលបានបោះ ជំនាន់បារាំង ហើយបានបង្ហោះឱ្យឃើញខ្លះៗ បង្គោលជំនាន់បារាំង លើបណ្ដាញ សង្គម របស់លោក ប៉ុន្តែមិនបានបញ្ជាក់ថានៅឃុំណា ស្រុកណា ឬបង្គោលលេខ ប៉ុន្មាននោះទេ។ លោក សុខ ទូច មានប្រសាសន៍ប្រាប់ VOD ថា លោកនឹងបង្ហាញ ការពិត ទៅកាន់ជនរួមជាតិខ្មែរ អំពីលទ្ធផលនៃបេសកកម្ម របស់លោក។ ប៉ុន្តែ លោកបញ្ជាក់ថា បង្គោលរបស់ បារាំងដែល រេចរឹលច្រើនអស់ហើយនោះ គឺគ្រាន់ តែជាបង្គោលរណប របស់ បង្គោលថ្មីប៉ុណ្ណោះ៖ “ចប់ទៅ ខ្ញុំសរសើរហើយ ខ្ញុំសរសេរនៅហ្នឹង ហើយគ្រាន់ជម្រាបជនរួមជាតិទាំងអស់ បង្គោលដែល បារាំង បោះហ្នឹង ក្លាយជាបង្គោលរណបរបស់បង្គោលសព្វថ្ងៃហ្នឹងឯង យើងមិន អាចបោះបង្គោលថ្មី ទៅលើបង្គោលចាស់ហ្នឹងទេ”។
តែបែបនេះក្ដីលោក អ៊ុំ សំអាន ឆ្លើយតាមសារបណ្ដាញសង្គម របស់ លោកថា ការអះអាងរបស់លោក សុខ ទូច គឺផ្ទុយពីខ្លឹមសារ រដ្ឋធម្មនុញរបស់កម្ពុជា និងសន្និសញ្ញាបារាំងកូសាំងស៊ីន។ លោកថា៖ “បង្គោលបារាំងចាស់ហ្នឹង គឺជាបង្គោលផ្លូវការ ដែលបង្គោលហ្នឹង គេបោះទៅតាមផែនទីបោន ខ្នាត ១/១០០ ០០០ ដែលមានចែង ក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ។ ដូច្នេះបង្គោលហ្នឹង បង្គោលផ្លូវការ មិនមែនបង្គោលរណបទេ ដល់និយាយបង្គោលរណប អ៊ីចឹង មានន័យថា បង្គោលសព្វថ្ងៃហ្នឹងបោះទៅតាមអី? បោះទៅតាម យួន ដែលគេកំណត់ថ្មីហ្នឹង បោះទៅតាមសន្ធិសញ្ញា ១៩៨៥ ដែល យួនកំណត់ថ្មី ហ្នឹងមិនមែនបង្គោល ផ្លូវការទេ”។
បង្គោលរបស់អាណាព្យាបាលបារាំង មានចំនួន ១២៤ បង្គោល ដែលបាន បោះតាំងពីខេត្តរនគិរី មកដល់ ខេត្តកំពត ហើយប ង្គោលថ្មីដែលរដ្ឋាភិបាល កម្ពុជា និងវៀតណាមកំពុងដំណើរការ បោះគឺបាន៨៣ភាគរយ ក្នុងចំណោម ៣៧៥ បង្គោល៕
(លោក សុខ ទូច)
(លោក អ៊ុំ សំអាន)
No comments:
Post a Comment