Saturday, September 26, 2015

អ៊ុំ សំអាន៖ ​រដ្ឋាភិបាល ​ប្រើ​ផែនទី​បោះបង្គោល ​ខុសគ្នា​នឹង​ផែនទី​ផ្ទៀងផ្ទាត់​​


លោក ​អ៊ុំ សំអាន ​ថា​រដ្ឋាភិបាល ​ប្រើ​ផែនទី​បោះបង្គោល ​ខុសគ្នា​នឹង​ផែនទី​ផ្ទៀងផ្ទាត់​​

VOD news, ដោយ ឡាយ សា​មាន​​ | ថ្ងៃសៅរ៍ ទី26 កញ្ញា 2015​
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស បាន​ លើកឡើង​ថា រដ្ឋាភិបាល​ប្រើ​ផែនទីបោន​ខ្នាត ១/១០០.០០០ ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ ដែល​ខ្ចី​មក​ពី ​បរទេស តែ​លោក​ថា ពេល​បោះបង្គោល​ព្រំដែន ​ប្រើ​ផែនទី​ខ្នាត​ផ្សេង​។​

លោក អ៊ុំ សំអាន​ ដែល​កំពុង​ស្ថិតនៅ​អាមេរិក បាន​សរសេរ​ក្នុង​បណ្តា​ញាស​ង្គ​ម​ហ្វេ​សប៊ុក ​របស់​លោកថា ពេល​ផ្ទៀងផ្ទាត់​ផែនទី រដ្ឋាភិបាល ​ប្រើ​ផែនទីបោន​ ខ្នាត ១/១០០.០០០ ប៉ុន្តែ​ពេល​បោះបង្គោល ​ប្រើ​ផែនទី UTM ខ្នាត ១/៥០.០០០​។ លោក​បន្តថា រដ្ឋាភិបាល​ប្រើ​ផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន​ ៤០​ ផ្ទាំង អម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ (​ទំព័រ​១២ ​នៃ​សន្ធិសញ្ញា ​ឆ្នាំ​១៩៨៥ និង​ប្រការ​៣​ ចំណុច​២​ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម ​ឆ្នាំ​២០០៥) និង​ផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន​២៦​ផ្ទាំង (​ចម្លង​ខ្សែ​ព្រំដែន​ពី​ផែនទីបោន​ខ្នាត ១/១០០.០០០ មក​លើ​ផែនទី UTM ខ្នាត ១/៥០.០០០)​។ លោក​បន្ថែមថា ផែនទី​ទាំងនេះ​ ផ្ទុយ​មាត្រា​២ ​នៃ​រដ្ឋធម្មនុញ្ញ ដែល​តម្រូវឲ្យ​ប្រើ​ផែនទី​ខ្នាត ១/១០០.០០០។​

​ទាក់ទង​នឹង​ការលើកឡើង​នេះ អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី សុំ​មិន​អត្ថាធិប្បាយ​លើ​ប​ញ្ហ​នេះ ដោយ​បញ្ជាក់​ថា កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​រួច​អស់ហើយ​។​

​សូម​រំ​ឮ​ក​ថា កន្លង​ទៅ​អង្គការ​សហ​ប្រជាតិ និង​ប្រទេស​បារាំង ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ ប្រើប្រាស់​សព្វថ្ងៃ តាម​ការស្នើសុំ​របស់​លោក ហ៊ុន សែន​។ ក្រោយ​ការផ្ទៀងផ្ទាត់​ទាំង​ពីរ​លើក មន្ត្រី​រដ្ឋាភិបាល អះអាងថា ផែនទី​ទាំងនោះ​គឺ​ដូចគ្នា​ទៅនឹង​ផែនទី​របស់​រដ្ឋាភិបាល​។ចំណែក ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា នឹង​ចាប់​ខ្លួន​ចំពោះ​ជន​ណាមួយ​ដែល​និយាយថា រដ្ឋាភិបាល​កំពុង​ប្រើ​ផែនទី​ក្លែងក្លាយ​សម្រាប់​ការងារ​ព្រំដែន​៕

No comments: