Wednesday, April 23, 2014

អាជ្ញាធរ រារាំង​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​សៀមរាប មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​សាលា​ខេត្ដ​ (ធ្វើបារាស្រ្តទាំងមន្រ្តីស៊ីវិល និង ទាំងយោធា)


គោយន្តរបស់អ្នកមានជម្លោះដីធ្លី ដែលត្រូវអាជ្ញាឃាត់ទុក (រូបថត៖ បូ សាវី)

ដោយ៖​ បូ សាវី​ | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014, ម៉ោង 03:18 PM​


យ៉ាងហោចណាស់ គោយន្ត​ប្រមាណ​១០​គ្រឿង និង​ពលរដ្ឋ​ជាង​១​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ត្រូវបាន​អាជ្ញាធរ រារាំង មិនឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​សាលា​ខេត្ដ​សៀមរាប ដើម្បី​សុំ​អន្ដរាគមន៍​ពី​អភិបាលខេត្ដ ករណី​ទំនាស់​ដីធ្លី ជាមួយ​យោធា​កងពល​លេខ​៥ និង​យោធភូមិ​ភាគ​ទី​៤​។
​អ្នកភូមិ​ទាំងនោះ មាន​ទាំង​កូនក្មេង ទាំង​មនុស្ស​ចាស់ និង​ទាំង​ស្ដ្រី​កូនខ្ចី ជិះ​គោយន្ដ​ចេញពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ដ​សៀមរាប ដោយ​មាន​យក​ម្ហូបអាហារ​តាម​មក​ជាមួយ ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរ​ខេត្ដ រារាំង និង​រក្សា​ទុក​មធ្យោបាយ​ធ្វើដំណើរ នៅ​ពាក់កណ្ដាល​ផ្លូវ ជា​បន្តបន្ទាប់។

តំណាង​ពលរដ្ឋ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន លោក ភួង សូរិយា ប្រាប់​VOD ថា ទោះបី​មាន​ការរារាំង​ពី​អាជ្ញាធរ​ក្ដី ក៏​ពលរដ្ឋ​១២៥​នាក់ នៅតែ​បន្ដ​ធ្វើ​ដំណើរ ទៅកាន់​សាលា​ខេត្ដ​សៀមរាប រហូត​មាន​ដំណោះស្រាយ «ប្រសិនជាការចរចាគ្មានតំណាងកងទ័ព ចុះហត្ថលេខាប្រគល់ដីឲ្យប្រជាពលរដ្ឋទេ ប្រជាពលរដ្ឋនៅតែទៅមុខទៀតអ៊ីចឹង»។
តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត លោក ជា ចាន់ បន្ថែមថា ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ជួប​ការលំបាក ដោយសារ​អាជ្ញាធរ បាន​ដក​មធ្យោបាយ​ធ្វើដំណើរ និង​ស្បៀងអាហារ ដែល​ទុក​នៅ​លើ​គោយន្ដ​នោះ​។ យ៉ាងនេះ​ក្ដី លោក​ថា ពួក​គាត់​មួយ​ចំនួន បាន​ទៅ​បណ្ដោះ​យក​គោយន្ដ​មក​តាម​ក្រោយ និង​មួយចំនួនទៀត ដឹក​ស្ដ្រី​មាន​កូនតូច ធ្វើដំណើរ​ទៅ​សាលា​ខេត្ដ​សៀមរាប ដើម្បី​សុំ​អន្ដរាគមន៍​ពី​អភិបាលខេត្ដ​លោក ឃឹម ប៊ុន​សុង «អ្នកកូនតូច ឬក៏ចាស់ជរាអី មានម៉ូតូពីរបីសម្រាប់ចល័ត ចល័តយកមកបណ្តាក់ខាងមុខៗ ដើម្បីបណ្តោះគ្នាមក។ គោលបំណង ទៅឲ្យដល់សាលាខេត្តសៀមរាប ប៉ុន្តែយើងមិនអាចសន្និដា្ឋនបានថា ឆ្លងកាត់ដំណាក់កាលទី៥ហ្នឹង រួចឬអត់ទេបង។ ប្រសិនជាមានដំណោះស្រាយ ដែលប្រជាជនទាំងអស់គ្នាឯកភាព អាចស្ងប់អារម្មណ៍ទាំងអស់គ្នាបាន នោះអាចត្រឡប់ទៅវិញ»។
VOD មិនទាន់​អាចទាក់ទង​អាជ្ញាធរ​ខេ​ត្ដ ដើម្បី​សុំ​ការអត្ថាធិបាយ ពី​ករណី​នេះ បាន​នៅឡើយ​ទេ​។ ប៉ុន្ដែ​ពលរដ្ឋ​ឲ្យដឹងថា អភិបាលរង​ខេត្ដ​សៀមរាប លោក ប៊ុន​ថា​ឬ​ទ្ធិ ចុះ​ដោះស្រាយ​ត្រង់​ចំណុច​ស្រុក​បន្ទាយស្រី​។
ទោះជា​យ៉ាងណា ការរារាំង និង​ទប់ស្កាត់​ពលរដ្ឋ​នេះ មិន​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ទេ ដោយ​គ្រាន់តែ​ប៉ះពាល់​ពាក្យសម្ដី និង​ប្រទាញប្រទង់​គ្នា​បន្ដិចបន្តួច ខណៈ​សមត្ថកិច្ច​ដកយក​យក​សម្ភារៈ និង​ពន្លត់​ម៉ាស៊ីន​គោយន្ដ​ពួកគេ​។
អ្នកសម្របសម្រួល​អង្គ​ការ លីកាដូ ប្រចាំ​ខេត្ដ​សៀមរាប លោក នូ ពុទ្ធិ កត់សម្គាល់ថា អាជ្ញាធរ​តែង​រារាំង​ពួកគេ​ជា​បន្ដបន្ទាប់ ដោយ​បារម្ភ​ខ្លាច​អាម៉ាស់​ដល់​ខ្លួន ដោយ​លើក​ហេតុផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​នៅ​តំបន់​ទេសចរណ៍​។ លោក​ថា ករណីនេះ ជា​រឿង​សាមញ្ញ​នៅក្នុង​សង្គម​ខ្មែរ​នា​ពេលបច្ចុប្បន្ន ខណៈ​ដែល​ពលរដ្ឋ​ស្វែងរក​ដំណោះស្រាយ​ពី​ថ្នាក់ដឹកនាំ​របស់​ពួកគាត់​។​
ទំនាស់​ដីធ្លី​នេះ កើតឡើង​នៅ​ដើមឆ្នាំ​២០១៣ ជាមួយ​យោធា​កងពល​លេខ​៥ និង​យោធភូមិ​ភាគ​ទី​៤ ដែល​មាន​ផ្ទៃដី​ទំហំ​ជិត​៧​រយ​ហិកតា ដោយ​មាន​ពលរដ្ឋ​រស់​នៅ​ចំនួន​ជាង​១២៥​គ្រួសារ ស្ថិតនៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន។ បើ​តាម​ពលរដ្ឋ​ឲ្យដឹងថា ពួកគេ​បាន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ បន្ទាប់​អាជ្ញាធរ​ស្កាត់​ជួប ដោយ​ធ្វើ​កិច្ចសន្យា នឹង​ទៅ​ដោះស្រាយ​ជូន​ពួកគេ នៅ​ថ្ងៃស្អែក​នេះ៕

No comments: