អាស៊ីសេរី៖ដោយ សូត សុខប្រាថ្នា ២៦ មេសា២០១៤
នៅព្រឹកថ្ងៃទី២៥ មករា ប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ ជាង ២០០នាក់ បាននាំគ្នាចេញទៅតវ៉ាប្រឆាំងការបណ្ដេញចេញពីដីធ្លី និងផ្ទះសម្បែងពីសំណាក់អាជ្ញាធរ ក្នុងនោះប្រជាពលរដ្ឋពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទពីបទញុះញង់ និងរំខានដំណើរការអនុវត្តច្បាប់របស់អាជ្ញាធរ។ ប៉ុន្តែ ប្រជាពលរដ្ឋព្រមានថានឹងធ្វើការតវ៉ារហូតដល់សាលាខេត្តតែម្តង បើគ្មានការដោះលែងមនុស្ស និងមិនព្រមដោះស្រាយរឿងដីធ្លីជូនពួកគាត់នោះទេ។
ប្រជាពលរដ្ឋពីរនាក់នៅភូមិថ្មសំលៀង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តអមដោយព្រះរាជអាជ្ញាធររងខេត្ត ចាប់ខ្លួនពីបទញុះញង់ និងបង្កការរំខានដល់សកម្មភាពរបស់អាជ្ញាធរកំពុងអនុវត្តច្បាប់។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិថ្មសំលៀង ឃុំដំរីផុង លោក ឈួន រ៉ា បានឱ្យដឹងនៅថ្ងៃទី២៥ មេសា ថា សមត្ថកិច្ចចម្រុះប្រមាណជា ៣០ ទៅ ៤០នាក់ បានចុះមកបណ្ដេញប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ដែលបានធ្វើការតវ៉ាទៅនឹងការបណ្ដេញចេញពីផ្ទះ និងដីរបស់ខ្លួន។ លោកបន្តទៀតថា ការតវ៉ានោះមានប្រជាពលរដ្ឋពីរនាក់ ម្នាក់ឈ្មោះ ស៊ឹម ផល និងម្នាក់ទៀតឈ្មោះ ផា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបានវាយដំ ហើយបញ្ជូនទៅស្នងការខេត្តទៀតផង។
លោក ឈួន រ៉ា៖ «ពួកខ្ញុំអត់អស់ចិត្តទេ ព្រោះពួកខ្ញុំដើរចេញពីកន្លែងហ្នឹងអត់បានទេ ទៅកន្លែងណាក៏អត់មានដីមានអីទេ ក៏សុទ្ធតែប៉ះពាល់ដល់ក្រុមហ៊ុនសម្បទាន។ ចង់និយាយថា នៅស្រុកខ្មែរនេះសុទ្ធតែដីរបស់ក្រុមហ៊ុនទាំងអស់បង អត់មានថា ខ្ញុំដើរចង់ ២៤ខេត្តក្រុងដែរ សុទ្ធតែដីក្រុមហ៊ុន។ អ៊ីចឹងក្រុមហ៊ុនកុងត្រា ៩៩ឆ្នាំ តាំងពីជីតាជីទួតខ្ញុំមក ៩៩ឆ្នាំរហូត ឥឡូវដល់ខ្ញុំចង់ងាប់ទៀតហើយនៅតែ ៩៩ឆ្នាំដដែលទៀតបង»។
ប្រភពដដែលបន្តថា ក្រោយមកឃើញអាជ្ញាធរមកប្រាប់តំណាងប្រជាពលរដ្ឋឱ្យយល់ព្រមផ្ដិតមេដៃ ដើម្បីបញ្ឈប់ការតវ៉ានៅដីដែលកាន់កាប់ដោយខុសច្បាប់ នោះអាជ្ញាធរនឹងធ្វើការដោះលែងតំណាងប្រជាពលរដ្ឋទាំងពីរនាក់នោះត្រឡប់មកវិញ។ ដោយឡែកប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់ភាគច្រើនមិនយល់ព្រមតាមសំណើរបស់អាជ្ញាធរនោះឡើយ គឺពួកគាត់ចង់ឱ្យដោះលែងទាំងមនុស្ស និងដោះស្រាយរឿងដីធ្លីនៅតំបន់នោះជូនពួកគាត់។ លោកបញ្ជាក់ថា ដីដែលមានបញ្ហានោះមានទំហំពី ៣០០ ទៅ ៤០០ហិកតារ ដែលមានប្រជាពលរដ្ឋប្រមាណជា ៣០០គ្រួសារ បានដាំដំឡូងនៅទីនោះ។
ទាក់ទងនឹងបញ្ហានេះ អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក ខ័ណ្ឌ ចំណាន បញ្ជាក់ថា ប្រជាពលរដ្ឋទាំងពីររូបនោះត្រូវបានអាជ្ញាធរ ដោយមានបញ្ជាពីព្រះរាជអាជ្ញាធររងខេត្តក្រចេះ ក្នុងការចាប់ឃាត់ខ្លួនបណ្ដោះអាសន្ន ក្រោមហេតុផលថា ពួកគាត់បានបង្កភាពញុះញង់ដើម្បីសាកសួរទៅតាមនីតិវិធី៖ «បាទ! អាហ្នឹងជាក់ស្តែង ចាំមើលយើងអនុវត្តតាមនីតិវិធីទៅ ហើយគាត់ពាក់ព័ន្ធ ឬមិនពាក់ព័ន្ធ គឺវាអាស្រ័យទៅនឹងការសន្និដ្ឋានរបស់ព្រះរាជអាជ្ញាធរ និងការកសាងសំណុំរឿងរបស់នគរបាលយុត្តិធម៌»។
លោកបន្ថែមទៀតថា មិនទាន់ឃើញមានប្រតិកម្មតបពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែខាងលោកបានពន្យល់ណែនាំទៅដល់ប្រជាពលរដ្ឋទាំងនោះតាមនីតិវិធី ចំពោះការកាន់កាប់ដីដោយខុសច្បាប់របស់ពួកគាត់ គឺការកាន់កាប់ក្រោយបទបញ្ជាសូន្យមួយរបស់រដ្ឋាភិបាល។ លោកបញ្ជាក់ថា អាជ្ញាធរមិនចង់ប្រជាពលរដ្ឋទាំងនោះក្លាយជាជនល្មើស និងក្លាយជាប្រជាពលរដ្ឋដែលមិនបានគោរពច្បាប់តទៅទៀតនោះឡើយ។
ដោយឡែកមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តក្រចេះ អ្នកស្រី ធីម ណារីន មានប្រសាសន៍ថា តាមការអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ឃើញថា ប្រជាពលរដ្ឋទាំងនោះពិតជាបានទន្ទ្រានយកដីក្រោយបទបញ្ជាសូន្យមួយរបស់រដ្ឋាភិបាលមែន ប៉ុន្តែពួកគាត់ទាំងនោះ គឺមានតម្រូវការចាំបាច់ក្នុងការទន្ទ្រានយកដីបន្ថែម ពីព្រោះការវាស់វែងរបស់ក្រុមនិស្សិតនៅពេលកន្លងទៅ គឺមិនអាចឱ្យពួកគាត់មានលទ្ធភាពធ្វើអ្វីផ្សេងនោះទេ។ អ្នកស្រីបន្តថា មូលហេតុនៃការចាប់ខ្លួននោះ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះមិនយល់ព្រមទទួលយកគោលការណ៍របស់ខេត្ត ដែលតម្រូវឱ្យពួកគាត់ទទួលយកសំណងជាថវិកាក្នុងមួយហិកតារពី ៣០០ដុល្លារ ជាថ្នូរនឹងការចាកចេញពីដីដែលធ្លាប់កាន់កាប់នោះ។ អ្នកស្រីបញ្ជាក់ថា មានលក្ខខណ្ឌមួយចំនួនដែលព្រះរាជអាជ្ញាធររងខេត្តក្រចេះ អាចនឹងយល់ព្រមដោះលែងមនុស្សទាំងពីរនោះ ប្រសិនបើប្រជាពលរដ្ឋអនុវត្តតាម។
អ្នកស្រី ធីម ណារីន៖ «ក្នុងនោះអាដហុក យើងក៏បានអន្តរាគមន៍ទៅលោកព្រះរាជអាជ្ញាធររង លោក ហាក់ ហ៊ាន់ ជាបន្ទាន់ដែរ ដើម្បីឱ្យគាត់មានការយោគយល់ ប៉ុន្តែ លោក ហាក់ ហ៊ាន់ បានផ្តល់អនុសាសន៍បីមកអាដហុក យើងវិញ។ គាត់ថា ខាងអាដហុកយើងចូលរួមអន្តរាគមន៍ទៅប្រជាពលរដ្ឋ។ ទីមួយគាត់ថា ឱ្យប្រជាពលរដ្ឋត្រូវតែបញ្ឈប់សកម្មភាពតវ៉ាជាបន្ទាន់ គាត់នឹងដោះលែងពីរនាក់ហ្នឹង ហើយទីពីរ ឱ្យប្រជាពលរដ្ឋទទួលយកការដោះដូររបស់ក្រុមការងារខេត្ត និងចំណុចទីបី គាត់ថាកុំឱ្យប្រជាពលរដ្ឋកុំប្រើហិង្សាណាមួយរបស់ក្រុមហ៊ុន»។
យ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋ ២០ភាគរយយល់ព្រមតាមលក្ខខណ្ឌរបស់ព្រះរាជអាជ្ញារងនេះ ប៉ុន្តែ ៨០ភាគរយផ្សេងទៀត មិនយល់ព្រមឡើយ ហើយប្រជាពលរដ្ឋទាំងពីរនោះក៏មិនទាន់ដោះលែងដែរ នៅថ្ងៃទី២៥ មេសា។ សមាគមន៍ការពារសិទ្ធិមនុស្សអាដហុក សំណូមពរឱ្យប្រជាពលរដ្ឋទាំងនោះរក្សាភាពស្ងៀមស្ងាត់ ហើយមិនត្រូវបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬសម្ភារៈរបស់ក្រុមហ៊ុនឡើយ ប៉ុន្តែចំពោះការតវ៉ារឿងដីធ្លីដែលជាតម្រូវការចាំបាច់របស់ពួកគាត់ដោយសន្តិវិធីណាមួយនោះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់៕
No comments:
Post a Comment