អាស៊ីសេរី៖ ដោយ សួន សុផលមុន្នី ២៦ មេសា ២០១៤
ពលរដ្ឋខ្មែរ ៧នាក់ស្លាប់ និង ៧នាក់ទៀតរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។ មន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក កំពុងអន្តរាគមន៍ជួយពលរដ្ឋកម្ពុជា ដែលរងគ្រោះទាំងនោះ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ដូចគ្នាក្នុងប្រទេសថៃ ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរចំនួន ១០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ កាលពីពេលកន្លងទៅថ្មីៗនេះ។
នៅខែមេសា ឆ្នាំ២០១៤ នេះមានប្រជាពលរដ្ឋខ្មែរបានស្លាប់ និងរងរបួសជាបន្តបន្ទាប់ ខណៈដែលពួកគេធ្វើដំណើរតាមរថយន្តទៅរកការងារធ្វើនៅប្រទេសថៃ។ គិតពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ មានពលរដ្ឋខ្មែរចំនួន ១៧នាក់ហើយដែលស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទឹកដីថៃ។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ឈុន ណា ថ្លែងនៅថ្ងៃទី២៦ មេសា ថា កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកខ្លងយ៉ៃ ខេត្តឈុនបុរី ប្រទេសថៃ។ រថយន្តដែលជួបគ្រោះថ្នាក់នោះគេនៅពុំទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែតាមព័ត៌មានបឋម លោក ឈុន ណា បញ្ជាក់ថា មានពលរដ្ឋខ្មែរ ៧ស្លាប់ និងមានអ្នករបួសចំនួន ៩នាក់៖ «ដឹងថាស្លាប់ ៧នាក់ របួស ៩នាក់ យើងអត់បានដឹងអត្តសញ្ញាណ គ្រាន់តែបានដឹងជាព័ត៌មានសង្ខេប រឿងនេះខាងទូតជាអ្នកដំណើរការ យើងអត់បានដឹងគេប្រាប់ថា នៅក្នុងស្រុកខ្លងយ៉ៃ ខេត្តឈុនបុរី ប៉ុណ្ណឹងឯង»។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា មន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក បានចុះទៅដល់កន្លែងកើតហេតុភ្លាមបន្ទាប់ពីទទួលបានព័ត៌មានជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។ តាមព័ត៌មានបឋម លោកបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ស្លាប់ និង ៧នាក់ទៀតរងរបួស។ ក្នុងចំណោមអ្នកស្លាប់ ៧នាក់ មានប្រុស ៥នាក់ ស្រី ២នាក់។ មន្ត្រីស្ថានទូតខ្មែរបានស្គាល់អត្តសញ្ញាណ ហើយបានទាក់ទងទៅគ្រួសារសពរួចរាល់ហើយ៖ «ពីព្រោះគាត់សុទ្ធតែជាអ្នកស្គាល់គ្នាទាំងអស់ ហើយសាកសពមួយនោះ គ្រួសារឪពុកម្ដាយនៅថៃ គាត់បានទទួលយកទៅធ្វើបុណ្យនៅថៃ ហើយអ្នកផ្សេងទៀត យើងកំពុងទាក់ទងគាត់ តើថាគាត់ទៅយកសាកសពមកវិញ ឬមួយគាត់សម្រេចបូជា យកតែធាតុមកស្រុកខ្មែរវិញ ហើយអ្នករបួសនោះយើងបានទៅសួរសុខទុក្ខគាត់ដែរ ហើយយើងកំពុងទាក់ទងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីជួយផ្ដល់សំណងផ្សេងៗទៅឲ្យគាត់»។
គេនៅពុំទាន់បានដឹងច្បាស់ពីមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយ។ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ គ្រោះថ្នាក់ចរាចរណ៍ដូចគ្នាក៏បានកើតមានឡើងនៅក្នុងប្រទេសថៃ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះ បានបណ្ដាលឲ្យពលរដ្ឋខ្មែរ ១០នាក់ស្លាប់ និង ១២នាក់រងរបួស។ ក្នុងចំណោមអ្នករងគ្រោះទាំង ១២នាក់នោះមានពលរដ្ឋខ្មែរ ៥នាក់ និងជនជាតិថៃ ៧នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនៅក្នុងប្រទេសថៃ នេះបានបណ្ដាលឲ្យពលរដ្ឋខ្មែរចំនួន ១៧នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។
យ៉ាងណាក៏ដោយ មន្ត្រីស្ថានទូតខ្មែរប្រចាំក្រុងបាងកក កំពុងសហការជាមួយអាជ្ញាធរថៃ ស្រាវជ្រាវរកឯកសារពាក់ព័ន្ធទាំងឡាយ ដើម្បីយកទៅដោះស្រាយជាមួយក្រុមហ៊ុនធានារ៉ាប់រងនៅស្រុកថៃ ផ្ដល់សំណងជូនដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ៕
No comments:
Post a Comment