Monday, March 17, 2014


មន្ត្រី​CNRP៖ គណបក្ស នឹង​កំណត់​អាទិភាព​នៃ​ប្រធានបទ​ពិភាក្សា ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ គឺ​កំណែទម្រង់​គជប​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014, ម៉ោង 02:30 PM​


លោក យឹម សុវណ្ណ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស នឹង​កំណត់​អាទិភាព​នៃ​ប្រធានបទ​ពិភាក្សា​សម្រាប់​កិច្ចចរចា​នៅ​សប្តាហ៍​​ក្រោយ ដែលជា​ចំណុច​អាទិភាព គឺ​កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​។
​ការលើកឡើង​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បាន​ឯកភាព​លើ​ចំណុច​ចំនួន​១៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​
ក្នុងបទសម្ភាសន៍ជាមួយVOD ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ចំណុច​ចំនួន​៧ ត្រូវបាន​លើកឡើង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​៧​ទៀត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បញ្ជាក់ថា អាទិ​ភាព​នៃ​ប្រធានបទ គឺ​កំណែ​ទម្រង់​​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដោយ​ធានា​ឯករាជ្យភាព និង​អព្យាក្រឹតភាព ព្រមទាំង​ការ​ដោះស្រាយ​វិវាទ​បោះឆ្នោត ដោយ​​មិន​ពាក់ព័ន្ធ​នឹង​គជប​។​លោកបន្តថា កំណែទម្រង់គជប ត្រូវតែមាន បើទោះ​ជា​ក្នុង​រូប​ភាព​ណាក៏ដោយ។
​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុង​ការជួប​ចរចា​បន្ត​ទៀត​នៅ​ថ្ងៃទី​២៤​ខែ​មីនា ក្រោយ​ពី​ការឯកភាព​លើ​ចំណុច​មួយចំនួន​។​
​គណៈកម្មការ​កែទម្រង់​ការបោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន ឯកភាពគ្នា​លើ​កំណែ​ទម្រង់​អង្គ​រៀបចំ​ការបោះឆ្នោត​(​គជប​) និង​យល់ព្រម​សិក្សា​ទៅលើ​ចំណុច​១៣​ផ្សេងទៀត​។ ចំណុច​ទាំង​នោះ រួមមាន​ការរៀបចំ​កា​រ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ អព្យាក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការដោះស្រាយ​វិវាទ ការសង្កេត ការណ៍​បោះឆ្នោត  អព្យាក្រឹតភាព​នៃ​មន្ត្រី​រាជការ និង​កម្លាំង​កម្លាំងប្រដាប់អាវុធ កាលបរិច្ឆេត​នៃ​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត កែសម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​នៅក្នុង​ច្បាប់បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះ ឆ្នោត​មេភូមិ និង​ការស្ទង់មតិ​។​
​គណបក្ស​សង្គ្រោះ​ជាតិ ទាមទា​ឲ្យ​គជប​ជា​ស្ថាប័ន​ធម្មនុញ្ញ​ដែល​ជ្រើសតាំង ដោយ​រដ្ឋសភា​តាម​សំឡេង​ពីរភាគបី​ទេ​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: