ដោយ៖ ម៉ៅ ចរិយា | ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014, ម៉ោង 04:00 PM
ស្តាប់សំឡេង៖ | ចម្លងទុក |
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) នៅថ្ងៃចន្ទនេះ ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ចាត់វិធានការលើនាយកសាលាបឋមសិក្សាថ្លុកដង្កោ ក្នុងឃុំផ្ទះរុង ខេត្តពោធិ៍សាត់ ដែលរងការចោទថា បៀតបៀនកេរខ្មាស់លើអ្នកគ្រូបង្រៀនម្នាក់។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បន្ថែមលើលិខិតនោះថា សកម្មភាពបែបនេះគឺជាទង្វើអសីលធម៏ ហើយលោកស្នើឲ្យក្រសួងជួយអន្តរាគមន៍លើរឿងនេះ ដើម្បីកុំឲ្យមានការប្រព្រឹត្តបែបនេះទៀត «ត្រង់ហ្នឹង យើងឃើញវាអសីលធម៌ហើយ ចំពោះថា្នក់ដឹកនាំមួយ ហើយប្រើសកម្មភាពទៅលើបុគ្គលិកខ្លួនឯង ហើយខ្ញុំគិតថាក្រសួងត្រូវមានវិធានការចំពោះនាយកនេះ ទៅតាមនីតិវិធីច្បាប់។ ការបៀតបៀនផ្លូវភេទ វាជារឿងបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែទោះបីយ៉ាងណា ក្រសួងសាម៉ីហ្នឹង ត្រូវតែមានវិធានការ ចំពោះលោកនាយកសាលាហ្នឹង ចៀសវាងបញ្ហាកើតឡើងបន្តទៀត»។
អ្នកគ្រូ រស់ សាវី ប្រាប់ឲ្យ VOD ថានាយកសាលាឈ្មោះ តែ សាវេត បានបៀតបៀនកេរខ្មាស់ និងប្រើពាក្យសម្តីមិនសមរម្យទៅលើគាត់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
អ្នកគ្រូបន្តថា ខ្លួនធ្លាប់ព្រមានទៅកាន់លោកនាយកសាលារូបនេះ ឲ្យបញ្ឈប់ទង្វើមិនសមរម្យនេះ តែលោកនាយកសាលារូបនោះ មិនព្រមបញ្ឈប់ទង្វើខ្លួនទេ ដូច្នេះហើយទើបអ្នកគ្រូសម្រេចចិត្តប្តឹងទៅក្រសួងអប់រំ «ហៅចេញពីបន្ទប់ទៅ នៅក្នុងទីចាត់ការហ្នឹង គាត់ថា “ចូលមកនេះមក ចូលឲ្យជ្រៅបន្តិចមក មកដាក់មួយ” ពីមុនមកគាត់ចេះតែថា ដាក់មួយដែរ ដល់អ៊ីចឹង ខ្ញុំក៏តថា កុំធ្វើអ៊ីចឹងណា កុំយកកេរខ្មាសមកធ្វើអ៊ីចឹង ខ្ញុំអត់ហ៊ានធ្វើការជាមួយទេ ពីមុនៗមក ចេះតែថាប្រយ័ត្នខ្លួនឯងខ្លះ កុំលេងសើចច្រើន ព្រោះយើងសុទ្ធតែចាស់ៗអស់ហើយ មានប្តី មានប្រពន្ធ មានកូនដូចគ្នា។ ខ្ញុំច្រើនតែនិយាយអ៊ីចឹងដែរ»។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ករណីនេះគឺជាទង្វើខុសច្បាប់ ហើយចាត់ចូលក្នុងបទល្មើសព្រហ្មទណ្ឌ ដែលជាដែនសម្ថតកិច្ចរបស់តុលាការ តែលោកថា មន្ត្រីក្រសួងអប់រំនឹងស៊ើបអង្កេតករណីនេះ «គ្មានដឹងថា រឿងហ្នឹង វាយ៉ាងម៉េចទេ នៅហ្នឹងទាំងអស់គ្នា អ៊ីចឹងត្រូវមានការស្រាវជ្រាវ ដើម្បីឲ្យមានការស្រាវជា្រវនោះឯករាជ្យ ទាល់តែអាជ្ញាធរ ទាល់តែក្រសួង អ្នកច្បាប់ ឬក៏គេត្រូវការអី យើងជួយ»។
VOD មិនអាចទាក់ទងលោក តែ សាវេត នាយកសាលាបឋមសិក្សាថ្លុកដង្កោបានទេ ដើម្បីបកស្រាយពីបញ្ហានេះបានទេ៕
សូមសរសេរមកកាន់កញ្ញា ម៉ៅ ចរិយា តាមរយៈ chakriyamao168@gmail.com
No comments:
Post a Comment