សង្គមស៊ីវិលរិះគន់ការស៊ើបអង្កេតករណីពុករលួយរបស់កូនលោក ហោ ណាំហុង
RFA: By Taing Sarada
18-3-2014
មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការបំបាត់អំពើពុករលួយ បានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយថា មិនបានស៊ើបអង្កេតឲ្យបានល្អិតល្អន់លើករណីអំពើពុករលួយពាក់ព័ន្ធ នឹងកូនប្រុស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
តំណាងសម្ព័ន្ធគណេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថា មិនបានបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងលោក ហោ សុធន អគ្គលេខាធិការក្រសួងការបរទេស និងជាកូនប្រុសរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ឲ្យបានល្អិតល្អន់ប្រកបដោយការជឿទុកចិត្តពីមហាជន។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិល ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ មីនា បានចេញសេចក្ដីប្រកាសព័ត៌មានលើគេហទំព័រអះអាងថា អង្គភាពនេះទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់ដែលបានចោទប្រកាន់ថា លោក ហោ សុធន ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។
សេចក្ដីប្រកាសព័ត៌មានមិនបានស៊ើបអង្កេតករណី លោក ហោ សុធន ប៉ុន្តែបានសុំសេចក្ដីបំភ្លឺពីកូនប្រុសរបស់លោក ហោ ណាំហុង។
សេចក្ដីប្រកាសព័ត៌មានអង្គភាពប្រឆាំងអំពើពុករលួយលើកឡើងថា លោក ហោ សុធន ជាមន្រ្តីដែលតែងទទួលការកោតសរសើរពីតំណាងឯកអគ្គរាជទូត អគ្គកុងស៊ុល និងមន្ត្រីរាជការនៅទីស្តីការក្រសួងដែលគាំទ្ររូបលោក និងថ្នាក់ដឹកនាំក្រសួង ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីក្រោមឱវាទ និងដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។
អង្គភាពប្រឆាំងអំពើពុករលួយក៏បានលើកឡើងផងដែរ អំពីការគ្រប់គ្រងមន្ត្រីរាជការក្រសួងដែលមានការតែងតាំងមុខតំណែង ក្នុង និងក្រៅប្រទេស និងការដំឡើងឋានន្តរសក្ដិ ឬថ្នាក់ស្របតាមគោលការណ៍ និងនីតិវិធីប្រកបដោយយុត្តិធម៌ និងតម្លាភាព។
លោក ហោ ណាំហុង ក៏មានប្រុសពីរនាក់ផ្សេងទៀតបម្រើការជាមន្ត្រីការទូតជាន់ខ្ពស់នៅបរទេស។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា មានលក្ខណៈជួយបិទបាំងកំហុសនៃជនដែលរងការចោទប្រកាន់ពីមន្ត្រី ក្រោមឱវាទរបស់ខ្លួន។
លោកបន្តថា អង្គការរបស់លោកក៏ធ្លាប់បានទទួលពាក្យបណ្ដឹងចោទប្រកាន់លោក ហោ សុធន បានពាក់ព័ន្ធនឹងអំពើពុករលួយធ្ងន់ធ្ងរ ក្នុងការយកប្រាក់កម្រៃសេវាទិដ្ឋាការខ្ពស់ ការទទួលសំណូកពីមន្ត្រីក្រោមឱវាទ ដើម្បីផ្ដល់តំណែងការងារទូតនៅក្រៅប្រទេស និងបញ្ហាបក្សពួកនិយម។
ទាំងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីនៃក្រសួងការបរទេសកម្ពុជា នៅមិនទាន់អាចបំភ្លឺបន្ថែមអំពីករណីពុករលួយក្នុងកិច្ចការទូតនេះ បានទេកាលពីថ្ងៃអង្គារ ទី១៨ មីនា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោកគ្មានជំនឿលើអង្គភាពប្រឆាំងអំពើពុករលួយ ថាអាចលុបបំបាត់អំពើនេះដែលស្ថិតក្នុងកម្រិតខ្ពស់នោះឡើយ។ ប៉ុន្តែកន្លងមក អង្គភាពនេះក៏បានចាត់ការលើមន្ត្រីពន្ធដារ និងមន្ត្រីរដ្ឋាភិបាលតូចតាចមួយចំនួន ដែលរងការចោទប្រកាន់ពីបទពុករលួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះនិយាយថា អង្គភាពប្រឆាំងអំពើពុករលួយអាចចាប់តែត្រីតូចក្នុងបឹងប៉ុណ្ណោះ ប៉ុន្តែមិនចាប់ត្រីធំដែលជាមន្ត្រីជាន់ខ្ពស់ និងមនុស្សជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នានោះទេ៕
No comments:
Post a Comment