Sunday, February 2, 2014

សង្គម​ស៊ី​វិល​សាទរ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​​ជួប​ប្រជុំ​មក​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 3 February 2014

មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន​ ​ធ្វើ​ការ​ពាក់​ព័ន្ធ​សិទ្ធិ​មនុស្ស​ បាន​សាទរ​ចំពោះ​វត្តមាន​ របស់​អ្នក​រាយការណ៍​ពិសេស ​អង្គ​​ការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរី​ភាព​​ក្នុង​ការ​បង្កើត​សមាគម លោក ម៉េណា គីអេ (Maina Kiai) ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​៥ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ឲ្យ​ដឹង​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក ម៉េណា គីអេ​ នឹង​ជួប​ជា​មួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​ការងារ​ សហជីព​ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​ សន្តិវិធី ​និង​​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ក្នុង​ប្រទេស​កម្ពុជា។
លោក​ អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្គេតអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ចាត់​ទុក​វត្តមាន​ របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ថា ​បាន​ផ្តល់​សារៈ​សំខាន់​បំផុត​ដល់​ការ​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។
យ៉ាង​ណា​ក៏​ដោយ ​សេចក្តី​ប្រកាស​ព័ត៌មាន​ មិន​បាន​បញ្ជាក់​ថា​ អ្នក​រាយការណ៍​ពិសេស​អង្គការសហ​ប្រជាជាតិ ​រូប​នេះ ​អាច​នឹង​មាន​គំរោង​ចូល​ ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបា​ល ឬ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ឬបែប​ណានៅឡើយ​ទេ។
ទស្សនកិច្ច​នេះ ​ស្រប​ពេល​ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញបទ​បញ្ជា​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ ឬ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ មិន​ឲ្យ​​ធ្វើ​ការ​ប្រមូល​ផ្តុំគ្នា​សម្ដែង​មតិ ​ឬធ្វើការ​តវ៉ាផ្សេងៗ និង​បន្ទាប់​ពី​មាន​ការ​វាយ​​បំបែក​ការ​ប្រមូល​ផ្តុំ ​របស់​ប្រជា​ពល​រដ្ឋ សកម្មជន​សហជីព និង​មន្ត្រីសិទ្ធិ​មនុស្ស​ ជា​បន្ត​បន្ទាប់​កន្លង​មក​នេះ​​៕ 

No comments: