Sunday, February 2, 2014

​វិភាគ​កាសែត​បាងកក​ប៉ុស្តិ៍​៖ លោកស្រី​យីងឡាក់ឈ្នះឆ្នោត​ក្នុង​ស្ថានភាព​ចម្រូងចម្រាស​ខាង​ផ្លូវច្បាប់​​


 ប្រែសម្រួលដោយ៖​ នួន បូរិន​ |
ថ្ងៃចន្ទ ទី3 ខែកុម្ភៈ ឆ្នាំ2014
ប្រភព៖ អាស៊ីសេរី

ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២​កុម្ភៈ ​នៅ​ថ្ងៃ​បាន​បិទ​បញ្ចប់​ទៅ​ដោយ​ភាពចម្រូងចម្រាស់​ខាង​ផ្លូវ​ច្បាប់​ជា​ខ្លាំង​ ខណៈ​ការិល័​យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ចំនួន​៩៣៥៣២ ក្នុងនោះ​បាន​បើក ការិយាល័យ ៨៣៨១៣ បាន​ដំណើរការ​ហើយ​បើ​គិត​ជា​មណ្ឌល​បោះឆ្នោត​មាន ​៣៧៥​មណ្ឌល​ក្នុងនោះ ៤៥​មណ្ឌល ​បាន​បិទ​ទាំងស្រុង​ហើយ​ភាគច្រើន​នៅ​ភាគខាងត្បូង​និង​នៅ​ក្រុង​បាងកក ប៉ុន្ដែ​ក្នុង​ចំណោម​៣៧៥​មណ្ឌល​នោះ​គឺ​១២៧​មណ្ឌល​​ បើទោះបី​បាន​បើក​ការិយាល័យ​ក៏​ដោយ ​ប៉ុន្ដែ​ការបោះឆ្នោត​របស់​មណ្ឌល​ទាំងនោះ​មិន​អាច​ប្រព្រឹត្តទៅ​ដោយ​សេរី ​និង​ត្រឹមត្រូវ​នោះទេ​។​

​មកដល់​យប់​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​ការបោះឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ម៉ោង ​៣​រសៀល ​និង​ការរាប់​សន្លឹក​ឆ្នោត​បាន​រហូតដល់​ទៅ​៩២%​ហើយ​នោះ ​ឃើញថា​គណបក្ស​ភឿ​ថៃ​របស់​លោកស្រី​យី​ង​ឡា​ក់បាន​ឈាន​មុខ​ទូ​រទាំង​មណ្ឌល​បោះឆ្នោត ​ហើយ​ត្រូវបាន​មន្ដ្រី​ម្នាក់​របស់​គណបក្ស​នេះ ​អះអាងថា​នឹង​អាច​ដណ្ដើម​បាន​អាសនៈ​ជាង​២៥០​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​៥០០​។ ​ប៉ុន្ដែ​មក​ដល់ពេលនេះ​មិនទាន់​មាន​ការប្រកាស​ថា ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ប្រមាណ​ភាគរយ​នោះ​ទេ​ ខណៈ​ដែល​អ្នកមាន​សិទ្ធ​បោះឆ្នោត​មាន​៤៨​លាន​៧​សែន​នាក់ ​ប៉ុន្ដែ​សំរាប់​ប្រជាជន​ថៃ​ធ្វើការ​នៅ​ក្រៅប្រទេស ​ដែល​ចេញ​ទៅ​បោះឆ្នោត​នៅ​តាម​ស្ថានទូត​របស់​ថៃ​ ប្រចាំ​ប្រទេស​ទាំងនោះ ​គឺមាន​២៧%​ប៉ុណ្ណោះ​។ ​នៅក្នុង​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ដ្រ​ដ៏​ចម្រូងចម្រាស់ ​របស់​រាជា​ណា​ចក្រ​ថៃ​ ដែល​គេ​ហៅ​ថា​ការបោះឆ្នោត​មុន​អាណត្តិ​សភា ​គឺ​មាន​គណបក្ស​ចំនួន​៥៣​គណបក្ស​ចូលរួម​ ប៉ុន្ដែ​គណបក្ស​ប្រឆាំង​ធំ​បំផុត​របស់​ប្រទេស​នេះ​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ របស់​លោក​អាប់​ភី​ស៊ីត ​មិន​បាន​ចុះឈ្មោះ​ប្រកួតប្រជែង​ការបោះឆ្នោត​នេះ​ទេ​។ ​ផ្ទុយ​ទៅ​វិញ​គណបក្ស​ប្រឆាំង​ធំ​នេះ​បាន​ប្រកូក​ប្រកាស ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ចេញ​មក​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​ ហើយ​អុកឡុក​ស្ថានការណ៍​បោះឆ្នោត​។​
គោលបំណង​របស់​គណ​បក្សប្រឆាំង​នេះ ​គឺ​ចង់​ឲ្យ​លទ្ធផល​បោះឆ្នោត​ថ្ងៃអាទិត្យ​ទី​២​កុម្ភៈ ​ត្រូវបាន​ចាត់ទុក​ជា​មោឃៈ​ ព្រោះ​គណបក្ស​នេះ​មាន​មហិច្ឆតា​ម្យ៉ាង​គត់​ ចង់​ផ្ដួល​រំលំ​លោកស្រី​យី​ង​ឡាក់ ​ហើយ​ឲ្យ​ក្រុមប្រឹក្សា​កែទម្រង់​ប្រជាជន ​ដែល​ខ្លួន​ស្នើឡើង​នោះ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅរក​ការបោះឆ្នោត​ ដែល​ខ្លួន​អះអាងថា​នឹងចូលរួម​ការបោះឆ្នោត​ប្រសិនបើ​យុទ្ធនាការណ៍​នេះ ​ត្រូវបាន​បង្កើតឡើង​។ ​
ភាពចម្រូងចម្រាស​ខាង​ផ្លូវ​ច្បាប់ ​កំពុង​តែ​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី​២​កុម្ភៈ​ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ ​យោង​តាម​ការបកស្រាយ​របស់​កាសែត​បាងកក​ថៃ ​បាន​ធ្វើ​ការវិភាគ​ថា​ យោង​តាម​រដ្ឋធម្មនុញ្ញ​តម្រូវឲ្យ​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ គឺ​លុះត្រាតែ​មណ្ឌល​បោះឆ្នោត​ទាំង​៣៧៥​មណ្ឌល ​យ៉ាងហោច​ណាស់​បាន​ដំណើរការ​៩៥%​ ទើប​អាច​ចាត់ទុកថា​លទ្ធផល​បោះឆ្នោត ​យកជាកា​រ​បាន​ ប៉ុន្ដែ​បើ​តាម​ពត៌មាន​មក​ថា​មាន​មណ្ឌល​ចំនួន​៤៥​មណ្ឌល ​បាន​បិទ​ទាំងស្រុង​ មានន័យ​ថា​គឺ​លើសពី​១០%​ទៅ​ហើយ ​ដែល​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​ជួប​ភាពមិនច្បាស់លាស់​។​ កាសែត​បាងកក​ថៃវិភាគ​ទៀតថា ​ប្រសិន​បើ​ដូច្នេះ​មែន​មានន័យ​ថា​លោកស្រី​យី​ង​ឡាក់​ និង​គណៈរដ្ឋមន្ដ្រី​របស់​លោក​ស្រី នៅតែ​ជា​រដ្ឋាភិបាលចាំផ្ទះ ​ព្រោះ​សភា​កើតចេញពី​ការបោះឆ្នោត​ នៅ​ពេល​នេះ​គឺ​មិន​អាច​កោះប្រជុំ​បាន​ឡើយ​។​
​នៅ​ខណៈ​ដែល​ការបោះឆ្នោត​បាន​បិទ​បញ្ចប់​ភ្លាម លោក​សូ​ថេប​ថុង​សូ​បាន បានប្រកាសថា លោក​នឹង​ប្ដឹង​លោកស្រី​យី​ង​ឡាក់​ ទៅ​តុលាការ ពីបទ​ប្រើប្រាស់​ថវិការដ្ឋ​ខ្ជះខ្ជាយ ព្រោះ​តែ​លោក​ចោទថា ការបោះឆ្នោត ពេល​នេះ​គ្មាន​តំលៃ​ ហើយ​លទ្ធផល​អាច​នឹង​ទុក​ជា​មោឃៈ​។ លោក​សូ​ថេប​ បញ្ជាក់ថា ការបោះឆ្នោត​លើក​នេះ​បាន​ចំណាយ​ប្រាក់​ ៨​ពាន់​៨​រយ​លាន​បាត ហើយ​ទីបំផុត​ជា​ការចំណាយ​ឥតប្រយោជន៍​។ ប៉ុន្ដែ​មក​ដល់ពេលនេះ​មិន​មាន​មន្ដ្រី​គណបក្ស​ភឿ​ថៃ​ណា​ម្នាក់​ របស់​លោកស្រី​យី​ង​ឡាក់ ​ប្រតិកម្ម​តប​និង​ការគំរាមកំហែង​ របស់​លោក​សូ​ថេប​នោះទេ​។ ​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ​គេ​ឃើញ​មាន​អំពើហិង្សា​កើត​ជា​ច្រើន​កន្លែង ​ដែល​យ៉ាងហោចណាស់​មនុស្ស​បួន​នាក់​បាន​ស្លាប់ ​និង​រាប់សិប​នាក់​រងរបួស ​ដោយសារ​តែ​ការប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​គណបក្ស​ភឿ​ថៃ​ និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​របស់​លោក​សូ​ថេប​។ ​ស្ថាតទូត​បរទេស​ជាច្រើ​ន​នៅ​ទីក្រុង​បាងកក ​ជាពិសេស​ស្ថានទូត​របស់​សហគមន៍​អឺរ៉ុប ​និង​អាមេរិក ​បាន​ព្រមាន​ថា​ការបោះឆ្នោត​ថ្ងៃ​អាទិត្យ​នេះ ​នឹង​មិន​អាច​បញ្ចប់​ជំលោះ​នយោបាយ​បាន​ឡើយ​។​
​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ និង​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃ​២៣​កុម្ភៈ​ ប៉ុន្ដែ​មន្ដ្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ថៃ​ ព្រមាន​ថា​ខ្លួន​ពិបាក​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត ​ដោយសារ​តែ​កំហឹង​នយោបាយ​ មិន​ស្ងប់​នៅឡើយ​នោះ​។​
​បើ​ទោះ​យ៉ាងណា ការបោះឆ្នោត​ថ្ងៃ​អាទិត្យ​ទី​២​កុម្ភៈ គឺ​ប្រៀប​បាន​និង​ការធ្វើប្រជាមតិ ដើម្បី​ស្ទង់​កម្លាំង និង​ប្រជាប្រិយភាព​គណបក្ស​ភឿ​ថៃ​ របស់លោកស្រី​យី​ង​ឡាក់ ដែល​លោក​ថាក់ស៊ីន​បងប្រុស​បង្កើត​របស់​លោក​ស្រី ​ត្រូវ​គេ​សង្ស័យថា​ជា​អ្នក​បង្ហាញ​យុទ្ធសាស្ដ្រ ​នៅ​ពីក្រោយ​ឆាក​របស់​គណបក្ស​ភឿ​ថៃ​នេះ​៕

No comments: