Sunday, September 20, 2015

ក្រមអ្នកប្រឆាំង ច្រានចោលការលើកឡើងរបស់ មន្ត្រី​រដ្ឋាភិបាល ដែលថា​ «បង្គោល​ព្រំដែន ​​បោះ​ដោយ​បារាំង ​មិន​អាច​ទទួល​យក​ទាំង​ស្រុង​» នោះ

ក្រុម​លោក សុខ ទូច កំពុង​ពិនិត្យ​មើល​បង្គោល​ព្រំដែន​មួយ​ដែល​បោះ​ដោយ​បារាំង។

ក្រុម​លោក សុខ ទូច កំពុង​ពិនិត្យ​មើល​បង្គោល​ព្រំដែន​មួយ​ដែល​បោះ​ដោយ​បារាំង។ រូបថត ហ្វេសប៊ុក 

មន្ត្រី​ថា​ បង្គោល​ព្រំដែន​​ បោះ​ដោយ​បារាំង​ មិន​អាច​ទទួល​យក​ទាំង​ស្រុង​បាន​ទេ


ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​ បញ្ជាក់​កាលពី​ម្សិលមិញ ​ថា ​បង្គោល​ព្រំដែន​ចាស់​ចំនួន ១២៤ ដែល​បាន​បោះ​ដោយ​អាណា​និគម​បារាំង ​មិន​អាច​ទទួល​យក​​ទាំង​ស្រុង​បាន​ទេ ​ហើយ​ ដំណើរការ​​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ ក៏​មិន​អាច​ធ្វើ​​​នៅលើ​ ទីតាំង​ចាស់​ទាំងអស់​បាន​ដែរ ​ដោយសារ​តែ​​បារាំង ​បាន​កែប្រែ​ខ្សែ​បន្ទាត់​ព្រំដែន​ ជាច្រើន​ដង​។

លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​ របស់​រដ្ឋាភិបាល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ​បង្គោល​ព្រំដែន​​ចាស់​ចំនួន ១២៤ ​​គឺ​សម្រាប់​កំណត់​បង្គោល​ព្រំដែន​ រវាង​កម្ពុជា​ និង​​​កូសាំងស៊ីន​ ព្រោះ​បារាំង​ មិន​​គិត​ថា​ទឹកដី​កម្ពុជា​ជា ​ទឹកដី​បារាំង​ ទេ​ គេ​គិត​ថា ​កូសាំងស៊ីន​ ជា​ទឹកដី​ពួកគេ​ ដូច្នេះ​ប្រសិន​បើ​​បារាំង ​ចង់​បាន ​តំបន់​​ណា​ បារាំង​ ផ្លាស់ប្តូរ​តំបន់​នោះ​ ទៅ​ជា​កូសាំងស៊ីន​ ហើយ​ម្យ៉ាង​ទៀត​ បារាំង​បាន​កែប្រែ​ខ្សែ​បន្ទាត់​ព្រំដែន​ជាច្រើន​ដង ​ហើយ​ បង្គោល​មួយ​ចំនួន​ បាន​បាត់បង់​​​ និង​​មួយ​ចំនួន​ទៀត ​មិន​ត្រូវ​​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ​ទេ។

ការ​អះអាង​របស់​​លោកស្រី កុយ ពិសី បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​ជំរុញ​ឱ្យ​​រដ្ឋាភិបាល ​បោះ​បង្គោល​ ព្រំដែន ​ជាមួយ​វៀតណាម ​នៅលើ​ទីតាំង​ចាស់​ នៃ​បង្គោល​ព្រំដែន​​ចំនួន ១២៤ ដែល​បាន​បោះ​ដោយ​​អ្នក​ជំនាញ​បារាំង ​ដោយ ​អះអាង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល ​មិន ​បាន​បោះបង្គោល​ថ្មី​ លើ​ទីតាំង​ចាស់​ដដែល​ទេ​នោះ​ វា​នឹង​ធ្វើឲ្យ​ពលរដ្ឋ​ រស់នៅ​តាម​បណ្តោយ​ព្រំដែន ​នៅ​តែ​ជួប​បញ្ហា​ បាត់បង់​ដី​ស្រែ​។


លោកស្រី កុយ ពិសី បាន​ថ្លែង​ថា៖ «លោក អ៊ុំ សំអាន ចង់​ឲ្យ​រដ្ឋាភិបាល ​បោះ​បង្គោល​ព្រំដែន ​តាម​បង្គោល​ចាស់​ យើង​ធ្វើ​កិច្ចការ​ នេះ ​យូរ​ហើយ ​លោក អ៊ុំ សំអាន​ មិន​បាច់​ប្រាប់​រដ្ឋាភិបាល ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ទេ​។ ដូច្នេះ​យើង​ បាន​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ​ បើ​សិន​ជា​​បង្គោល​​ណា​មួយ​​ត្រូវ ​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​ បច្ចុប្បន្ន​ យើង​នឹង​ទទួល​យក។ យើង​ ដក​អា​ចាស់​ចេញ ​ហើយ​ដាក់​អាថ្មី​ ជំនួស​ ដោយ​បង្គោល​ថ្មី​​»។ ​លោកស្រី​ បាន​លើក​ឡើង​ថា៖ «​វា​មិន​ដូច​មុន​ទាំងអស់​ទេ ​មាន​បង្គោល​ខ្លះ​ នៅ​សល់​។ មាន​ខ្លះ​ បាត់បង់​ មាន​ខ្លះ ​ត្រូវ​ខ្សែ​បន្ទាត់​ព្រំដែន ​មាន​ខ្លះ ​មិន​ត្រូវ​ »។

លោកស្រី​បាន​សង្កត់​ធ្ងន់​ថា ​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​អាច​អនុវត្ត​ តាម​បង្គោល​ព្រំដែន​ទាំងនោះ​ ព្រោះ​រដ្ឋាភិបាល​ ធ្វើការ​លើ​បញ្ហា​ព្រំដែន​ ផ្អែក​លើ​ផែនទី Bonne 1/100 000 ​​ជា​មូលដ្ឋាន ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ ហើយ​ថា ​បើ​ទោះបី​ជា​ បង្គោល​ចំនួន ១២៤ បាន​បោះ​រួច​ហើយ​ក្តី​ ប៉ុន្តែ​បង្គោល​ខ្លះ ​មិន​ត្រូវ​ខ្សែ​បន្ទាត់​ព្រំដែន​ ទេ ​ដោយសារ​តែ​​មាន​ការ​ផ្លាស់ប្តូរ ​ខ្សែ​បន្ទាត់​ព្រំដែន។ ទាក់ទង​នឹង​សំណើ​របស់ ​លោក សំអាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ ឧត្តម​ក្រុមប្រឹក្សា​ជាតិ​ធ្វើការ​លើ​បញ្ហា​ ព្រំដែន​ និង​ក្រោម​ព្រះរាជាធិបតី​​ព្រះមហាក្សត្រ​ លោកស្រី កុយ ពិសី ​បាន​ច្រាន​ចោល​នូវ​សំណើ​​នេះ ​ដោយ​លោកស្រី​ បាន​លើក​ឡើង​ថា ​ក្រុម​ប្រឹក្សា​ នេះ​មិន​អាច​បង្កើត​ ហើយ​ឲ្យ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ​ចូលរួម​​បាន​ទេ ​ព្រោះ​រដ្ឋាភិបាល ​មិន​បាន​បង្កើត​ រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង ​​​​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ឡើយ​។

នា​ពេល​ថ្មីៗ​នេះ ​លោក អ៊ុំ សំអាន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​ អាមេរិក​ ដើម្បី​ស្រាវជ្រាវ​រក​ផែនទី​កម្ពុជា ​បាន​បញ្ជាក់​ថា ​បង្គោល​ព្រំដែន ​ចំនួន ១២៤ បាន​បោះ​ដោយ​អ្នក​ជំនាញ​បារាំង​នៅ​ឆ្នាំ ១៨៧៣ រវាង​កម្ពុជា និង​កូសាំងស៊ីន​ គឺជា​បង្គោល​ផ្លូវការ។ ​លោក អ៊ុំ សំអាន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​បង្គោល​ព្រំដែន​ចាស់​ ភាគច្រើន​ បាន​បាត់បង់​ដោយ​ លោក ​ថ្លែង​ថា បង្គោល​ខ្លះ ​អាច​បំផ្លាញ​ដោយ​វៀតណាម​ ដើម្បី​បោះ​បង្គោល​ថ្មី​ហើយ​ បង្គោល​ ខ្លះ​ទៀត ​អាច​បាត់បង់​ដោយសារ​តែ​បញ្ហា​ពុកផុយ។ លោក ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ឆ្នាំ ១៩៨៦ និង ១៩៨៨ ​កម្ពុជា និង​វៀតណាម​ បាន​បោះ​បង្គោល​ព្រំដែន​ចំនួន​ ៧២ បង្គោល​តាម​សន្ធិសញ្ញា​ឆ្នាំ ១៩៨៥ ​នៅពេល​កម្ពុជា​ស្ថិត​ក្រោម​ ការ​គ្រប់គ្រង​របស់​វៀតណាម ​ហើយ​នៅ​ឆ្នាំ ២០០៦ ភាគី​ទាំង​ពីរ​បាន​ចាប់ផ្តើម​បោះ​ឡើង​​វិញ​បាន ៨៣% ​រហូត​មក​ដល់​ពេល​នេះ​ ដោយ​យោង​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥។ លោក សំអាន បាន​ទាក់ទង​មក​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ហើយ ​បាន​គូស​បញ្ជាក់​ជាថ្មី ​ទៀត​​ថា​បារាំង ​បាន​បោះ​បង្គោល​ព្រំដែន​ចំនួន ១២៤ បង្គោល ​ហើយ​ក្រោយ​មក​ទើប​បារាំង ​ធ្វើ​ផែនទី​ខ្នាត ១/១០០ ០០០ ក្នុង​ឆ្នាំ ១៩៣៣-១៩៥៣។ លោក​ បញ្ជាក់​ថា​៖ «បារាំង​ធ្វើ​ផែនទី​ យោង​តាម​ការ​បោះ​បង្គោល​ព្រំដែន​ ដូច្នេះ​ការ​និយាយ​ថា​ បារាំង​ កែប្រែ​ខ្សែ​បន្ទាត់​ព្រំដែន​ជាច្រើន​ដង ​វា​មិន​ត្រឹមត្រូវ​ទេ»។

លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​នៃ ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​ បញ្ជាក់​កាល ពី​ម្សិលមិញ​ថា​លោក​បាន​រកឃើញ​បង្គោល​ព្រំដែន​ចាស់​ចំនួន ៦ ដែល​បាន​បោះ​ដោយ​បារាំង​ ហើយ​ថា​លោក​នឹង​ព្យាយាម​រក​បង្គោល​ទាំង ១២៤ នោះ​ដោយ​ត្រូវការ​រយៈពេល ២ ឆ្នាំ សម្រាប់​បេសកកម្ម​ របស់​លោក​។ នៅពេល​សួរ​ថា ​តើ​រដ្ឋាភិបាល​នឹង​បោះ​បង្គោល​ថ្មី​ លើ​ទីតាំង​បង្គោល​ចាស់​ឬ​ យ៉ាង​ណា? លោក ទូច បញ្ជាក់​ថា ​ផ្អែក​តាម​ច្បាប់​ រដ្ឋាភិបាល​ ត្រូវតែ​បោះ​បង្គោល​ថ្មី​​លើ​ ទីតាំង​បង្គោល​ចាស់​៕ TK

No comments: