(លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ)
VOD- ដោយ៖ ជន ស្រីណុច | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014, ម៉ោង 04:53 PM
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្សសង្គ្រោះជាតិ(CNRP) បានបង្ហើបឲ្យដឹងនៅថ្ងៃពុធនេះថា ជំនួបចរចាថ្នាក់ដឹកនាំកំពូល រវាងគណបក្សឈ្នះឆ្នោតទាំងពីរ អាចនឹងកើតមានចុងខែមេសានេះ។
សមាជិកគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ប្រាប់VOD នៅរសៀលថ្ងៃពុធនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងជូបចរចាគ្នាម្តងទៀត នៅចុងខែមេសានេះ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ វិលមកដល់កម្ពុជាវិញ «ខ្ញុំមានសុទិដ្ឋិនិយមថា នៅពេលឆាប់ៗនេះ ក្នុងការវិល ត្រឡប់ របស់លោក សម រង្ស៊ី មកព្រះរាជាណាចក្រកម្ពុជាវិញ យើងនឹង អាចទទួលបានដំណឹងល្អ។លោក សម រង្ស៊ី ប្រសិនជា លោកមាន គំនិតយកមក គឺយើងស្វាគមន៍ អបអរសាទរ ដើម្បីធ្វើ យ៉ាងណា រៀបចំឲ្យសង្គមកម្ពុជា ក្លាយជាសង្គមមួយប្រកបដោយ សុខ សន្តិភាព»។
លោក ជាម យៀប បន្តថា គណបក្សប្រជាជនកម្ពុជាតែងតែស្វាគមន៍ជានិច្ច ក្នុងការចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់បញ្ហាកុំឲ្យអូសបន្លាយកាន់តែវែងឆ្ងាយ។
សមាជិកគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត មកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃ អ៊ាង មានប្រសាសន៍ថា រហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសរបស់លោក មិនទាន់កំណត់ថ្ងៃចរចាអ្វីនៅឡើយទេ គឺរង់ចាំប្រធាននិងអនុប្រធាន បក្សរបស់ខ្លួនវិលមកដល់កម្ពុជាវិញសិន។
លោក អេង ឆៃ អ៊ាង ឲ្យដឹងទៀតថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នឹងវិលមកដល់កម្ពុជាវិញនៅថ្ងៃទី២៩ ចំណែកអនុប្រធានគឺលោក កឹម សុខា នឹងមកដល់កម្ពុជានៅថ្ងៃទី២៧ ខែមេសានេះ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សឈ្នះឆ្នោតទាំងពីរមានតួនាទីសំខាន់ ក្នុងការចរចាគ្នា ដើម្បីរកចំណុចរួមឲ្យបានច្បាស់លាស់ ហើយចំណុចសំខាន់ដែលត្រូវលើកយកមកចរចា មិនត្រូវលាក់លៀមទេ និងត្រូវតែជាចំណុចដែលមានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋជាធំ ដោយគណបក្សទាំងពីរត្រូវប្រកាន់ភាពអត់ធ្មត់រៀងៗខ្លួន «ខ្ញុំថា អ្នកនយោបាយតែង មានយុទ្ធសាស្ត្ររបស់ខ្លួន អ៊ីចឹងការចរចាវាហាក់ដូចជា ប្រើប្រាស់ នូវ ភាពខ្លាំងរបស់ខ្លួនផង ប្រើប្រាស់នូវភាពទន់ភ្លន់របស់ខ្លួនផង។ អ៊ីចឹងប្រសិនបើគ្មានការអត់ធ្មត់ទេ មិនបានលើកយកផល ប្រយោជន៍ នៅការអភិវឌ្ឍន៍ជាតិជាធំទេ នោះអាចនឹងមានការ បោះ ទង្គិច រឿងគណបក្សនយោបាយនោះ»។
កាលពីថ្ងៃពុធទី៩ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបកសង្គ្រោះជាតិ បានធ្វើកិច្ចសន្ទនាគ្នាតាមរយៈទូរស័ព្ទ រយៈពេល ៤៤នាទី ដោយផ្តោតទៅលើទី១ ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសិន។ ស្របពេលនោះដែរលោក ហ៊ុន សែន ជឿជាក់ថា បញ្ហានយោបាយនឹងត្រូវបានបញ្ចប់មុនថ្ងៃចូលឆ្នាំខ្មែរ៕
No comments:
Post a Comment