សេដ្ឋកិច្ចវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក ជេយ៉ាន់ មេនន់ (Jayant Menon) ថ្លែងក្នុងសន្និសីទកាសែត នៅស្នាក់ការធនាគារ ADB នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០១៤។RFA/An Sithav
អាស៊ីសេរី៖ ដោយ អាន ស៊ីថាវ 2014-04-23
អាស៊ាននៅឆ្នាំ២០១៥។ ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា អ្នកប្រកបអាជីវកម្មកម្ពុជា ឆ្លើយថា បានត្រៀមលក្ខណៈក្នុងការប្រកួតប្រជែងកាន់តែប្រសើរ បើធៀបនឹងប្រទេសសមាជិកអាស៊ានដទៃទៀត។ ប៉ុន្តែរដ្ឋាភិបាលបានទទួលស្គាល់ថា អំពើពុករលួយអាចជាឧបសគ្គរបស់កម្ពុជា ចូលនៅក្នុងការសមាហរណកម្ម។
ប្រទេសកម្ពុជា បានត្រៀមខ្លួនយ៉ាងប្រសើរសម្រាប់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ ប៉ុន្តែកម្ពុជា មានឧបសគ្គប្រឈមជាច្រើនមិនអាចដោះស្រាយបាននៅឡើយ ជាពិសេសលើប្រព័ន្ធបទដ្ឋានគតិយុត្តិ (ច្បាប់) ដែលជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តការវិនិយោគ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយរបាយការណ៍ដែលមានចំណងជើងថា "ការងារកំពុងធ្វើក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន" បានបង្ហាញថា ការដោះស្រាយបញ្ហាពុករលួយ និងការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែង គឺជាវិធានការអាទិភាពមួយសម្រាប់កម្ពុជា ធ្វើសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥។
សេដ្ឋកិច្ចវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចូលរួមចងក្រងរបាយការណ៍នេះ លោក ជេយ៉ាន់ មេនន់ (Jayant Menon) មានប្រសាសន៍ថា កិច្ចការជាច្រើនដែលកម្ពុជា សម្រេចបានសម្រាប់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយសារប្រទេសនេះមានសេដ្ឋកិច្ចបើកចំហ។ ប៉ុន្តែកម្ពុជា ចាំបាច់ត្រូវតែតាមឲ្យទាន់ការអនុវត្តការងារគយតាមប្រព័ន្ធអេឡិចត្រូនិករបស់អាស៊ាន នីតិវិធីច្រកចេញចូលតែមួយ និងបញ្ហានៃការបង្កើតបញ្ជរតែមួយតាមច្រកព្រំដែនរបស់អាស៊ាន។ លោកបញ្ជាក់ទៀតថា កិច្ចការកាត់បន្ថយពន្ធគយរបស់អាស៊ាន សម្រេចបានលទ្ធផលគួរឲ្យប្រសើរ ប៉ុន្តែអ្វីដែលមិនអាចធ្វើបាននោះ គឺការងារដែលមិនពាក់ព័ន្ធពន្ធគយ។
សរុបសេចក្ដីមក ការកាត់បន្ថយពន្ធដារជាកិច្ចការដែលសម្រេចបានល្អប្រសើរ ប៉ុន្តែឧបសគ្គដែលបានកើតឡើងយ៉ាងច្រើននាពេលបច្ចុប្បន្ននៅក្នុងសមាគមអាស៊ាននោះ គឺបញ្ហាមិនមែនពន្ធគយ ដែលសំដៅលើកិច្ចការទាំងឡាយដើម្បីសម្រួលពាណិជ្ជកម្ម។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដដែលបានបញ្ជាក់ថា កាលបរិច្ឆេទកំណត់ឆ្នាំ២០១៥ មិនគួរចាត់ទុកថា ជាពេលវេលាកំណត់ដែលអាស៊ានត្រូវសម្រេចបានអ្វីៗគ្រប់យ៉ាងនោះទេ។ អាស៊ានសម្រេចបានការងារធ្វើសមាហរណកម្មអាស៊ានប្រមាណ ៨០% គិតត្រឹមឆ្នាំ២០១៣ ប៉ុន្តែភាពចាំបាច់បំផុតនោះ គឺបន្តអនុវត្តឲ្យបានជោគជ័យនៅក្រោយឆ្នាំ២០១៥។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ស្របពេលដែលចេញផ្សាយរបាយការណ៍អំពីសហគមន៍សេដ្ឋកិច្ចអាស៊ាននៅថ្ងៃទី២៣ មេសា ថា ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងដើម្បីបង្កើនភាពប្រកួតប្រជែងសម្រាប់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះក្រសួងពាក់ព័ន្ធបានតាក់តែងច្បាប់គាំទ្រដល់ការប្រកួតប្រជែង និងច្បាប់ប្រឆាំងនឹងការលក់បង្ខូចថ្លៃនៅក្នុងទីផ្សារអាស៊ាន។
លោកបន្ថែមថា ក្រៅពីបញ្ហានេះ ការកាត់បន្ថយអំពើពុករលួយក្នុងការចុះបញ្ជីពាណិជ្ជកម្ម និងការបន្ថយចំនួនឈ្មួញក្នុងការសម្រួលចុះបញ្ជី អាចធ្វើឲ្យចំណាយក្រៅផ្លូវការនៃចុះពាណិជ្ជកម្មថយចុះ៖ «អំពើពុករលួយយើងបញ្ចុះបន្តិចម្ដងៗ តាមយន្តការដែលយើងធ្វើ។ បើយើងធ្វើប្រព័ន្ធត្រឹមត្រូវ អំពើពុករលួយវានឹងបញ្ចុះទៅឯង តាមខ្ញុំយល់គឺវាអ៊ីចឹង។ បច្ចុប្បន្នច្បាប់គឺមិនទាន់រឹងប៉ឹងបន្តិច ហើយនិងយន្តការដែលយើងរៀបចំធ្វើការ ពីព្រោះវាមាន Middlemen ច្រើន អ្នករត់ការច្រើន ដើម្បីបង្កើតបញ្ហាដែលបង់មិនផ្លូវច្បាប់»។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីទាញប្រយោជន៍ពីកាលានុវត្តនភាព (ឱកាស) នានា ដែលផ្ដល់ដោយសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រទេសកម្ពុជា ត្រូវវិនិយោគបន្ថែមលើផ្នែកអប់រំ និងសុខភាព។ ម្យ៉ាងវិញទៀត ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើវិស័យកាត់ដេរ និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកអាស៊ាន កម្ពុជាត្រូវបង្កើនមូលដ្ឋានផលិតទំនិញសម្រាប់នាំចេញ។ ឱកាសវិនិយោគដែលកើតចេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ គឺនៅលើវិស័យកសិកម្ម សេវាទេសចរណ៍ និងសេវាទំនើប៕
No comments:
Post a Comment