Wednesday, April 23, 2014

ចំណុច​ល្អ​និង​ចំណុច​អាក្រក់​របស់​លោក ម៉ុក ម៉ារ៉េត ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន

ម៉ុក ម៉ារ៉េត ៦១០
លោក ម៉ុក ម៉ារ៉េត អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៣ និង​បាន​ប្ដូរ​ទៅ​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ផែន​ការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក ឬ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។RFA/Uon Chhin
អាស៊ីសេរី៖ ដោយ ដែន អយុធ្យា 2014-04-23

វិជ្ជមាន និង​អវិជ្ជមាន​របស់ លោក ម៉ុក ម៉ារ៉េត នៅ​អំឡុង​ពេល​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្មាន​អាណត្តិ​មក​នេះ។
អ្នក​ឃ្លាំ​មើល​សង្គម​មួយ​ចំនួន​បាន​បង្ហាញ​ថា សកម្មភាព​ការងារ​របស់ លោក ម៉ុក ម៉ារ៉េត មាន​ផល​វិជ្ជមាន​តិចតួច ប៉ុន្តែ​ផល​អវិជ្ជមាន​បាន​កើត​មាន​ច្រើន​គគោក ឬ​ស្ទើរ​រលាយ​ហិនហោច​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ លោក ម៉ុក ម៉ារ៉េត ច្រាន​ចោល។
លោក ម៉ុក ម៉ារ៉េត បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៣។ ទើប​តែ​ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ​ទេ​ដែល លោក ម៉ុក ម៉ារ៉េត ត្រូវ​បាន​ផ្ទេរ​តំណែង​ទៅ​កាន់​តួនាទី​ថ្មី​ជា​ប្រធាន​គណៈកម្មការ​ផែន​ការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក ឬ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​នីតិកាល​ទី​៥។

លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា សកម្មភាព ឬ​ផល​វិជ្ជមាន​របស់ លោក ម៉ុក ម៉ារ៉េត បី​អាណត្តិ​មក​នេះ​មាន​តិចតួច​បំផុត។ ផល​វិជ្ជមាន​ទាំង​នោះ​មាន​ដូចជា ឃើញ​មាន​បង្កើត ឬ​ធ្វើ​ជា​គោល​នយោបាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ជាពិសេស លោក ម៉ុក ម៉ារ៉េត បាន​ធ្វើ​កិច្ចការ​តាក់តែង​គោល​នយោបាយ និង​តាក់តែង​ច្បាប់ ដើម្បី​ការពារ​បរិស្ថាន ជាដើម មាន​ចំនួន​ច្រើន និង​មាន​សកម្មភាព​ជា​ហូរហែ​ដែរ។
លោក កែម ឡី បន្ថែម​ថា ផល​វិជ្ជមាន​ផ្សេង​ទៀត​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​របស់ លោក ម៉ុក ម៉ារ៉េត គឺ​ចូល​រួម​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។ បញ្ហា​នេះ លោក ម៉ុក ម៉ារ៉េត បាន​រៀប​ចំ​ឲ្យ​មាន​យន្តការ​ទប់ស្កាត់ និង​ការពារ​បម្រែបម្រួល​ទាំង​នេះ។ បន្ថែម​លើ​នេះ លោក​បាន​រៀប​ចំ​ឲ្យ​មាន​តំបន់​ថែរក្សា​អភិរក្ស​ព្រៃ​ឈើ និង​តំបន់​ការពារ​សត្វ​ព្រៃ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ផង។ ក្នុង​នោះ​មាន​ផ្ទៃ​ដី​ជាង ៣​លាន​ហិកតារ ដែល​ត្រូវ​ចាត់​ទុក​ជា​តំបន់​ការពារ​បរិស្ថាន៖ «ភាគ​ច្រើន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង គឺ​មិន​បាន​រៀប​ចំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ជាក់ស្តែង​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ផ្តល់​សិទ្ធិ​អំណាច​នៃ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ទៅ​ឲ្យ​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។ អ៊ីចឹង​បើ​ក្រុមហ៊ុន​ហ្នឹង​បម្រុង​នឹង​ធ្វើ ឬ​អភិវឌ្ឍ​កន្លែង​ហ្នឹង​ហើយ អ៊ីចឹង​ធ្វើ​ម៉េច​បាន​ជា​ចេញ​លទ្ធផល​អវិជ្ជមាន​អំពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន។ អា​កន្លែង​ហ្នឹង​ដែល​ឃើញ​មាន​បញ្ហា​ច្រើន​កន្លង​មក»
យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​សង្គម​រូប​នេះ​សង្កត់​ធ្ងន់​ថា ចំពោះ​ផល​អវិជ្ជមាន​ដែល លោក ម៉ុក ម៉ារ៉េត រង​ការ​រិះគន់​ខ្លាំង​នោះ គឺ​ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​វិនិយោគទុន ដែល​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​មុន​នោះ​ទេ។
លោក កែម ឡី ថ្លែង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រសួង​បរិស្ថាន ក្រោម​ការ​ដឹក​នាំ​របស់ លោក ម៉ុក ម៉ារ៉េត កន្លង​មក គឺ​មិន​បាន​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​ទេ។ ទោះ​បី​តំបន់​ខ្លះ​ដែល​អាច​អភិវឌ្ឍ​ទៅ​ជា​តំបន់​បរិស្ថាន​បែប​ទេសចរណ៍​ធម្មជាតិ ក៏​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រូប​នេះ​មិន​ខ្វល់​ដែរ ដោយ​បាន​ប្រែ​ក្លាយ​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍ ទៅ​ជា​តំបន់​វារីអគ្គិសនី ឬ​អភិវឌ្ឍន៍​វិស័យ​ផ្សេងៗ។
អ្នក​វិភាគ​រូប​នេះ​បាន​លើក​ជា​ឧទាហរណ៍​ដូច​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ប្រទេស​ថៃ និង​វៀតណាម ជាដើម ដែល​ប្រទេស​គេ​មាន​តំបន់ ឬ​ទីកន្លែង​អាច​ផ្តល់​សក្ដានុពល​ដល់​វិស័យ​ទេសចរណ៍ គឺ​គេ​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ ភ្ញៀវ​ទេសចរ ខុស​ប្លែក​តែ​ប្រទេស​កម្ពុជា៖«ហើយ​តំបន់​មួយ​ចំនួន​ដែល​ត្រូវ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​អាច​ថែរក្សា​បរិស្ថាន​បាន​ច្រើន​នោះ ក្លាយ​ទៅ​ជា​តំបន់​វារីអគ្គិសនី​ទៅ​វិញ។ អា​ហ្នឹង​យើង​ឃើញ​ថា ខូចខាត​ធ្ងន់​ច្រើន​ហើយ​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​អភិវឌ្ឍ​ហ្នឹង បើ​នៅ​វៀតណាម ឬ​ឥណ្ឌូនេស៊ី វិញ គឺ​គេ​អភិវឌ្ឍ​បាន​ល្អ ហើយ​គេ​បាន​ថែរក្សា​គម្រប​ព្រៃ​ឈើ​ហ្នឹង​ពី ១២ ទៅ​ដល់ ១៧​ភាគរយ នៃ​គម្រប​ព្រៃ​ឈើ​ទាំង​មូល។ ក៏ប៉ុន្តែ​យើង​ហ្នឹង គឺ​ហិនហោច​ខ្ពស់​បំផុត»
សរុប​ជា​រួម សមិទ្ធផល​របស់ លោក ម៉ុក ម៉ារ៉េត ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ២០​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៣ មាន​ផល​វិជ្ជមាន​តិចតួច ប៉ុន្តែ​ចំណុច​អវិជ្ជមាន​ច្រើន​ទាក់ទង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​មាន​ព្រៃ​ឈើ ជាដើម។
យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​វែបសាយ​របស់​ក្រសួង​បរិស្ថាន ស្ដីពី​សកម្មភាព​ការងារ​របស់ លោក ម៉ុក ម៉ារ៉េត អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​អាណត្តិ​ទី​៤ បាន​លើក​ពី​គម្រោង​រក្សា​ផ្ទៃ​ដី​ព្រៃ​អភិរក្ស និង​កំណត់​ផ្ទៃដី​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តាម​ខេត្ត​មួយ​ចំនួន។ ជាង​នេះ ក៏​មាន​ទាំង​ការ​គិតគូរ​អំពី​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ បណ្ដាល​មក​ពី​ការ​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា ថែម​ទៀត។ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​រក្សា​ផ្ទៃ​ដី​ព្រៃ​អភិរក្ស​នៅ​តំបន់​ព្រៃ​ឡង់​ជាង ៤០​ម៉ឺន​ហិកតារ ក្នុង​ខេត្ត​ចំនួន​៤ មាន​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។
លោក ម៉ុក ម៉ារ៉េត ដែល​អតីត​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាសធាតុ​ផង​នោះ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤ បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា ក្នុង ៤​អាណត្តិ​ដែល​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នាំ​ឲ្យ​ហិនហោច​ធនធាន​ធម្មជាតិ ឬ​ព្រៃ​ឈើ ជាដើម គឺ​មិន​ពិត​ទេ។ លោក​បន្ត​ថា ការ​បាត់​បង់​ផ្ទៃ​ដី​ព្រៃ​ឈើ គឺ​បណ្ដាល​មក​ពី​កំណើន​ប្រជាពលរដ្ឋ​មាន​ចំនួន​កើន​ឡើង​ពី​១​អាណត្តិ​ទៅ​១​អាណត្តិ ហើយ​រដ្ឋាភិបាល​ក៏​បាន​កាត់​ផ្ទៃ​ព្រៃ​ខ្លះ ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​កាប់​រុករាន ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ឬ​បង្កបង្កើនផល។
លោក ម៉ុក ម៉ារ៉េត៖ «តាំង​ពី​ផ្ទៃ​ដី​តំបន់​ការពារ​ធម្មជាតិ​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ ហើយ​ទៅ​ដល់​កន្លែង​មួយ​ចំនួន​ទៀត​ដែល​យើង​ត្រូវ​ដក​ពី​តំបន់​ការពារ​ធម្មជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​គាត់​ធ្វើ​ភូមិឋាន និង​ធ្វើ​ស្រែ​ចម្ការ​បង្កបង្កើនផល​សេដ្ឋកិច្ច​រីក​ចម្រើន។ ខ្ញុំ​ចង់​ជម្រាប​អ៊ីចឹង អា​ហ្នឹង​វា​ត្រូវ​បាត់​ដី​ព្រៃ​ហើយ។ ឥឡូវ​ដី​ជិត ២​លាន​ហិកតារ កាល​ពី​ដើម​សុទ្ធ​តែ​ជា​ដី​ព្រៃ តែ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​កាប់។ ចុះ​កំណើន​ប្រជាពលរដ្ឋ ដូច​ខ្ញុំ​បាន​ជម្រាប​អម្បាញ់មិញ​នោះ! អ៊ីចឹង​ហើយ​រាជ​រដ្ឋាភិបាល​លោក​ស្វែង​យល់​ឈ្លាសវៃ​ណាស់ បាន​រៀប​ចំ​នយោបាយ​ចាស់​សកម្មភាព​ថ្មី ក៏​បាន​វាស់​ដី​ផ្តល់​ប្លង់​ដី​ត្រឹមត្រូវ​ជូន​បងប្អូន​ទៅ។ អ៊ីចឹង​ត្រូវ​បាត់​ដី​ព្រៃ​ទៀត​ហើយ។ និយាយ​ទៅ​កំណើន​ប្រជាពលរដ្ឋ កំណើន​សេដ្ឋកិច្ច​ត្រូវ​ការ​ដី​ព្រៃ​ទាំងអស់​ហ្នឹង។ ខ្ញុំ​លើក​ខ្លី​ទេ ខ្ញុំ​មិន​ចង់​លើក​ច្រើន​ទេ គឺ​វា​ត្រូវ​តែ​បាត់​បង់​ផ្ទៃ​ដី​ព្រៃ​ហើយ។ យើង​អត់​មាន​វិធី​អី​ទេ ប្រជាពលរដ្ឋ​ពី​មុន​ជំនាន់​ព្រះករុណា សម្ដេច នរោត្តម សីហនុ ចំនួន​ប្រជាជន​កម្ពុជា ពី ៦ ទៅ ៧​លាន​នាក់ តែ​ឥឡូវ ១៤ ទៅ ១៥​លាន​នាក់។ អ៊ីចឹង​វា​ត្រូវ​សម្រុក​ទៅ​រក​ដី​សម្រាប់​បង្កបង្កើនផល​ហ្នឹង​ហើយ»
លោក ម៉ុក ម៉ារ៉េត បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ ដែល​ចោទ​ថា អាណត្តិ​ដឹក​នាំ​ក្រសួង​បរិស្ថាន របស់​លោក​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ ឬ​ព្រៃ​ឈើ​ជា​រឿង​មិន​ពិត។ លោក​បញ្ជាក់​ថា អាណត្តិ​ដឹក​នាំ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ២០​ឆ្នាំ​របស់​លោក គឺ​ក្រសួង​បាន​កំណត់​ផ្ទៃដី​ព្រៃ​ប្រមាណ ៣​លាន​ហិកតារ នៅ​ទូទាំង​ប្រទេស ដើម្បី​ការពារ​បរិស្ថាន ឬ​ព្រៃ​ឈើ។ ក្នុង​នោះ​ក៏​បាន​កំណត់​ដី​ព្រៃ​ទុក ដើម្បី​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​រាប់​ម៉ឺន​ហិកតារ​ថែម​ទៀត៖ «គឺ​ក្រសួង​បាន​កសាង​ច្បាប់​សំខាន់ៗ នៅ​ក្នុង​នោះ គឺ​ច្បាប់​កិច្ច​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ហើយ​បន្ទាប់​មក គឺ​យើង​បាន​កសាង​ច្បាប់ តំបន់​ការពារ​ធម្មជាតិ។ បន្ទាប់​មក​ទៀត យើង​បាន​កសាង​ច្បាប់​ជីវៈ​សុវត្ថិភាព ហើយ​ព្រម​ទាំង​បាន​ពង្រាង​នូវ​ច្បាប់​មួយ​ចំនួន​ទៀត ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​បរិស្ថាន។ ហើយ​ទន្ទឹម​គ្នា​នេះ គឺ​យើង​បាន​កសាង និង​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ក្រសួង​ពី​ថ្នាក់​កណ្ដាល ដល់​ខេត្ត​ស្រុក ហើយ​ក្រសួង​មាន​មោទនភាព​ដោយ​បាន​ស្នើ​រដ្ឋាភិបាល​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង»
ជាង​នេះ លោក ម៉ុក ម៉ារ៉េត ក៏​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​របស់​អង្គការ ក្លូបប៊ល វីតណែស្ស (Global Witness) គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ខ្លះ ដែល​ថា បរិស្ថាន ឬ​ព្រៃ​ឈើ​កម្ពុជា ត្រូវ​ហិនហោច ឬ​លក់​ដី​ឲ្យ​បរទេស។ លោក​ចាត់​ទុក​ការ​ចោទ​នោះ​ថា​គ្មាន​មូលដ្ឋាន។
អតីត​មន្ត្រី​ក្រសួង​បរិស្ថាន រូប​នេះ​ក៏​ធ្លាប់​បដិសេធ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ក៏​មិន​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​នានា​នោះ​ដែរ ព្រោះ​មុន​នឹង​ក្រសួង ឬ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ណា​មួយ គឺ​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ត្រឹមត្រូវ​ជា​មុន។ លោក​ចាត់​ទុក​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​អ្នក​វិនិយោគទុន​ជា​ការ​ល្អ​ទៅ​វិញ​ទេ ព្រោះ​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា រីក​ចម្រើន។ បន្ថែម​លើ​នេះ នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ វិស័យ​កសិឧស្សាហកម្ម​របស់​រដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំ​មក​នូវ​ខ្សែ​ក្រវាត់​បៃតង ដោយ​មាន​ដំណាំ​កៅស៊ូ​ដែល​ជា​ប្រភេទ​រុក្ខជាតិ​ជួយ​អភិរក្ស​គម្រប​បៃតង​នៃ​ព្រៃ​ឈើ ឬ​ការពារ​ព័ទ្ធ​ជុំវិញ​តំបន់​ព្រៃ​អភិរក្ស និង​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថែម​ទៀត។
លោក ម៉ុក ម៉ារ៉េត៖ «អ៊ីចឹង​ហើយ​បាន​ថា អ្នក​ខ្លះ​ចេះ​តែ​ថ្កោលទោស ថា​ដី​សេដ្ឋកិច្ច​លក់​ឲ្យ​ឈ្មួញ​បរទេស​អស់​ហើយ​អីៗ? អា​ហ្នឹង​ជា​ការ​ឃោសនា​យក​ផល​ប្រយោជន៍​នយោបាយ​ទេ តែ​តាម​ការ​ពិត​ទៅ ប្រទេស​ណា​ក៏​គេ​វិនិយោគ​ដែរ។ ប្រទេស​គេ​ចម្ការ ទៅ​មើល​នៅ​ប្រទេស​ជិត​ខាង​ទៅ ដូង​ប្រេង​ប្រមាណ​រាប់​សែន​ហិកតារ លាន​ហិកតារ ប្រទេស​កំណើន​សេដ្ឋកិច្ច​របៀប​ម៉េច​ទៅ។ ប្រទេស​ថៃ ក្តី ប្រទេស​ណា​ក៏ដោយ ខ្ញុំ​មិន​ចង់​និយាយ​ទៅ​ដល់​ម៉ាឡេស៊ី ទេ។ យើង​ទើប​ធ្វើ​បើ​និយាយ​ទៅ ដី​វិនិយោគ​ទាំងអស់ ទាំង​ដី​កសិកម្ម ដី​បរិស្ថាន ដី​បរិស្ថាន​ប្រហែល​ជា​កន្លះ​លាន​ហិកតារ​ទេ ព្រោះ​យើង​មាន​ដី​ការពារ​គ្រប់គ្រង​ធម្មជាតិ​មាន​ជាង ៣​លាន​ហិកតារ និង​ដី​នយោបាយ​ចាស់​សកម្មភាព​ថ្មី​ហ្នឹង​មួយ​ចំនួន ប៉ុន្តែ​តូច​ទេ គឺ​អត់​ដល់​កន្លះ​លាន​ហិកតារ​ទេ តិច​ទេ ហើយ​យើង​គិតគូរ​អភិរក្ស​ឲ្យ​ខ្លាំង អ៊ីចឹង​លើស​ពី​កន្លះ​លាន​ហិកតារ ទៅ​លើស​ការ​វិនិយោគ និង​លើស​ពី​ហ្នឹង​តិចតួច គឺ​សម្រាប់​ដី​ទេសចរណ៍​ធម្មជាតិ។ អ៊ីចឹង​វា​អត់​បំផ្លាញ​ព្រៃ​អី​ទេ»
យ៉ាង​នេះ​ក្តី លោក ឈឹម សាវុធ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​បាន​បន្ត​វេន​ពី លោក ឈុត វុទ្ធី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កណ្ដាល​ព្រៃ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ បាន​ប្រកាស​អាសន្ន​ពី​វិនាសកម្ម​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា ពិសេស​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ។ លោក ឈឹម សាវុធ បាន​រិះគន់​ថា ក្នុង​ប៉ុន្មាន​អាណត្តិ​ដែល លោក ម៉ុក ម៉ារ៉េត កាន់​ការ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គឺ​ផល​វិជ្ជមាន​មាន​តិចតួច ប៉ុន្តែ​ផល​អវិជ្ជមាន​ទាក់ទង​ការ​បំផ្លាញ​បរិស្ថាន មាន​ព្រៃ​ឈើ ជាដើម  គឺ​មាន​ទំហំ​ធំធេង​ហួស​នឹង​បរិយាយ។
មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន​រូប​នេះ​បាន​កត់​សម្គាល់​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោម​ផ្លាក​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល បាន​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​ព្រៃ​ឈើ​វិនាស​ហិនហោច និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វ​ព្រៃ ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់​អាស្រ័យ​ផល​ជាមួយ​ធនធាន​ធម្មជាតិ​ទាំង​នោះ៖«ពាក់ព័ន្ធ​នឹង​រ៉ែ ពាក់ព័ន្ធ​ដី​ព្រៃ​សម្រាប់​អភិរក្ស និង​ពាក់ព័ន្ធ​បញ្ហា​ផ្សេងៗ​ទៀត ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ឈ្មួញ ឬ​ក៏​ជន​ល្មើស​ប្រព្រឹត្តិ​អនាធិបតេយ្យ​ស្ទើរ​តែ​ហិនហោច ដោយ​គ្មាន​ការ​គ្រប់គ្រង ដោយ​គ្មាន​ការ​ការពារ​អ្វី​ទាំងអស់ ហើយ​ករណី​ហ្នឹង​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា»
លោក ឈឹម សាវុធ បាន​រិះគន់​ធ្ងន់ៗ​ថា ក្នុង​អំឡុង​ពេល លោក ម៉ុក ម៉ារ៉េត ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គឺ​មាន​តែ​ការ​បំផ្លាញ​បរិស្ថាន​ឲ្យ​ហិនហោច​ទៅ​វិញ​ទេ ទាំង​ធនធាន​លើ​គោក និង​ធនធាន​ក្នុង​ទឹក ជាដើម។ លោក​បាន​លើក​ជា​ឧទាហរណ៍​ដូច​ជា​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ ជាដើម ហើយ​រូបភាព​នៃ​ការ​បំផ្លាញ​បរិស្ថាន​នេះ បាន​បន្ត​មក​ដល់​សព្វថ្ងៃ​នេះ។
យ៉ាង​ណា​ក៏ដោយ បច្ចុប្បន្ន​នេះ លោក ម៉ុក ម៉ារ៉េត ត្រូវ​ផ្ទេរ​តំណែង​ទៅ​កាន់​តួនាទី​ថ្មី​ជា​ប្រធាន​គណៈកម្មការ​ផែន​ការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​គណបក្ស​ប្រឆាំង​ចោទ​ថា​មិន​ស្រប​ច្បាប់។
រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​ថា ដីធ្លី ភ្នំ ព្រៃ​ឈើ ទន្លេ សមុទ្រ បឹងបួ ព្រែក ស្ទឹង និង​ធនធាន​ធម្មជាតិ​ទាំង​ក្រោម និង​លើ​ដី ឬ​ក្នុង​ទឹក គឺ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន និង​ស្រាវជ្រាវ​សង្គម​មួយ​ចំនួន​មើល​ឃើញ​ថា សម្បត្តិ​រដ្ឋ​មួយ​ចំនួន​បាន​គ្រប់គ្រង​ដោយ​បុគ្គល និង​ឈ្មួញ​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន។ ក្នុង​អំឡុង​ពេល លោក ម៉ុក ម៉ារ៉េត ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រយៈពេល ២០​ឆ្នាំ កន្លង​មក​នេះ គេ​សង្កេត​ឃើញ​ថា លោក​បាន​បង្ក​លក្ខណៈ​ឲ្យ​មាន​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​គួរ​ឲ្យ​សម្គាល់។ ក្រោម​ការ​ផ្ដួចផ្ដើម​ពី​ក្រសួង​របស់​លោក ច្បាប់​មួយ​ចំនួន​ដែល​មាន​គោលដៅ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ត្រូវ​បាន​បង្កើត​ឡើង ប៉ុន្តែ​ច្បាប់​ទាំង​នោះ​ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​ចោទ​ថា ភាគ​ច្រើន​មាន​តែ​នៅ​លើ​ក្រដាស រីឯ​ការ​អនុវត្ត​បាន​តិចតួច​បំផុត៕


No comments: