ថ្ងៃទី 9 កុម្ភៈ 2014, 02:03:PM
បដាមួយដែលត្រូវបានចងព្យួរកាត់ទទឹងស្ពានអាកាសមួយនៅខេត្តផាយ៉ាវ និយាយថា ថៃមិនមានយុត្តិធម៌ និងអំពាវនាវអោយមានការបំបែកប្រទេស។
ការនិយាយអំពីរដ្ឋអាវក្រហមដាច់ដោយឡែកមួយ ត្រូវបានបញ្ឆេះសាជាថ្មី នៅពេលកាសែតSouth China Morning Post របស់ហុងកុងបានចុះផ្សាយអត្ថបទ(អាវក្រហមត្រៀមប្រឆាំងរដ្ឋប្រហារយោធា បង្កើតរដ្ឋធានីនៅឈៀងម៉ៃ) កាលពីថ្ងៃ២៩មករានៅមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យមុន។អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយជាថ្មីយ៉ាងព្រោងព្រាតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ។
នៅក្នុងអត្ថបទ ពួកអ្នកគាំទ្រក្រុមអាវក្រហមនៅភាគខាងជើងបានប្រកាសថាពួកគេនឹងងើបឡើងប្រឆាំងការប៉ុនប៉ងណាមួយរបស់យោធាដើម្បីធ្វើរដ្ឋប្រហារ និងអ្នកខ្លះថែមទាំងបានអំពាវនាវអោយលោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដកថយទៅកាន់ខេត្តឈៀងម៉ៃ និងបង្កើតរដ្ឋាភិបាលនៅទីនោះ។
សកម្មជនក្រុមអាវក្រហម លោកម៉ាហាវ៉ាង កាវ៉ាង ដែលជាមិត្តរួមសាលាជាមួយលោកស្រី យីងឡាក់ បានអះអាងថា ក្នុងព្រឹត្តិការណ៍មានរដ្ឋប្រហារ រដ្ឋាភិបាលទំនងជានឹងរើមកកាន់ទីក្រុងភាគខាងជើងនេះ។
សមាជិកអាវក្រហមម្នាក់ទៀត លោកស៊ូផន ហ្វ៊ូមុលចារឺន អតីតមិត្តរួមថ្នាក់របស់ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រានិងជាអនុប្រធានក្រុមអាវក្រហមនៅឈៀងម៉ៃ បានបន្ថែមថា ពួកអាវក្រហមភាគច្រើន ចូលចិត្តគំនិតបំបែករដ្ឋ បើមានរដ្ឋប្រហារ។"យើងអាចរស់ដោយគ្មានបាងកក"។
ជាសាំងបន្ថែមលើភ្លើង បដាជាសារបែងចែកទឹកដីដ៏ធំមួយត្រូវបានចងព្យួរនៅស្ពានអាកាសមួយក្នុងខេត្តផាយ៉ាវមុនចូលឆ្នាំចិនកាលពីពេលថ្មីៗ។វាសរសេរថា៖ប្រទេសនេះមិនមានយុត្តិធម៌ ។Gu [I]ចង់ចែកចែកទឹកដី"។
អត្ថបទនិងបដានេះនាំអោយពួកបណ្ឌិតសភានិងអ្នកនយោបាថៃបើកភ្នែកធំៗនិងនាំគ្នាចោទសួរថាតើវាអាចធ្វើទៅរួចដែរឬទេ។
ដាវីដ ស្ត្រេកហ្វាស សាស្ត្រាចារ្យឯករាជ្យមួយរូប ដែលបានសរសេរអំពីប្រវត្តិនយោបាយនិងច្បាប់ថៃ និងស្ថិតនៅទីក្រុងខុនឃែន ដែលជាមូលដ្ឋានរបស់ពួកអាវក្រហម ជឿថាបញ្ហាបែងចែកទឹកដីនឹងកាន់តែធ្ងន់ធ្ងរឡើង នៅពេល ស៊ូថេប ធឿកស៊ូបាន មេដឹកនាំក្រុមPDRC ដណ្តើមបានអំណាច ឬយោធាចូលធ្វើអន្តរាគមន៍ ដើម្បីអនុញ្ញាតអោយអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យរូបនេះត្រួតត្រាអំណាចក្នុងរូបភាពណាមួយ។
តែទោះជាយ៉ាងណា លោកបានបន្ថែមថា បីខែមុន នៅមុនពេលការជួបជុំប្រឆាំងរដ្ឋាភិបាលបានចាប់ផ្តើម មិនមាននរណាចាប់អារម្មណ៍នឹង"ថៃខាងជើង"បំបែកទឹកដីទេ។
លោកបានប្រាប់កាសែតSpectrumថា"ខ្ញុំមិនគិតថានរណាម្នាក់អាចនឹកបំបែកទឹកដីទេ ពីព្រោះវានឹងស្មុគស្មាញ ហិង្សានិងគួរអោយភ័យខ្លាច"។
ផាវីន ចាចាវ៉ាល់ពង់ពុន អ្នកវិភាគខាងអាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យKyoto Universityបានចាប់អារម្មណ៍ថា គំនិតអំពីការបែងចែកទឹកដីគ្មានអ្វីក្រៅតែពីការគិត។"រដ្ឋផ្តាច់ខ្លួនមួយអាចធ្វើទៅបាន តែបើគ្មានការគាំទ្រពីអន្តរជាតិវាមិនអាចកើតឡើងបានទេ"។
គំនិតនេះមិនជាថ្មីដែលថ្មីទេ វាត្រូវបានគេលើកមកនិយាយនៅក្រុងកំណើតរបស់ថាក់ស៊ីននៅឈៀងម៉ៃ អស់ពេលយ៉ាងតិច៣ឆ្នាំមកហើយ សូម្បីតែក្រុមនៅក្រៅចលនាអាវក្រហម។
ពេលដែលពួកអាវក្រហមនិងអាវលឿងប្រឈមមុខគ្នានៅឆ្នាំ២០១០ យ៉ាងតិចមានមេដឹកនាំនៃក្រុមទាំង២យ៉ាងតិច១០នាក់ចេញមកពិភាក្សាអំពីទំរង់នៃឯករាជ្យភាពខេត្តឈៀងម៉ៃ ជាមួយនឹងការធ្វើ វិមជ្ឈការរដ្ឋបាល។នៅពេលក្រុមអាវក្រហមស្នើគំនិតនេះឡើងវាចំពេលដែល ការតស៊ូរបស់ចលនាអាវក្រហមនៅបាងកកត្រូវយោធាបង្ក្រាបយ៉ាងខ្ចាត់ខ្ចាយ។
ស្ត្រេកហ្វាស បាននិយាយថា បញ្ហាសំខាន់ៗ ដូចជាការលៃទុកថវិកា និងការអនុញ្ញាតអោយបណ្តាខេត្តធ្វើច្បាប់ផ្ទាល់របស់គេនឹងត្រូវពិចារណា។"៧៤ភាគរយនៃចំណាយរដ្ឋ នៅក្រុងបាងកក ទោះជាវាផ្សំបានតែ១៧ភាគរយនៃផលិតផលសរុបក្នុងស្រុក។ភាគឦសានតំណាងអោយ៣៤ភាគរយនៃប្រជាពលរដ្ឋ តែទទួលបានការចំណាយសរុបតែ៦ភាគរយ។វាមានន័យថាផ្នែកផ្សេងៗរបស់ថៃបានជួយអភិវឌ្ឍក្រុងបាងកកអស់១០០ឆ្នាំកន្លងមកនេះ"។
ពិនិត្យតាមប្រវត្តិសាស្ត្រ ប្រជាជនរស់នៅភាគឦសានរីករាយនឹងហៅខ្លួនឯងថាឡាវ រហូតដល់ឆ្នាំ១៩០៤ នៅពេលពួកអាណានិគមបារាំងគូសខ្សែបន្ទាត់លើផែនទីមួយ និងបានប្រកាសថានរណាម្នាក់ដែលនៅខាងកើតទន្លេមេគង្គជា"ឡាវ"។
"ដូចត្រូវមន្តអាគម ពួកឡាវបានបាត់ស្រមោលពីថៃទាំងអស់ ទោះជាមុននោះ១០ឆ្នាំគ្រប់គ្នាបានហៅខ្លួនឯងថាឡាវក្តី"។
"ភ្លាមនោះ ពាក្យថាឡាវបានប្រែជាពាក្យប្រមាថមើលងាយ និងមិនត្រឹមតែឡាវ ទេ សូម្បីតែពាក្យថា"ខ្មែរ" និងក្រុមជនជាតិដទៃទៀតក៏បាត់ស្រមោលនិងក្លាយជាថៃទាំងអស់"។
តែទោះជាយ៉ាងណា ពួកគេតែងតែត្រូវបានចាត់ទុកជាពលរដ្ឋថ្នាក់ទី២ ដែលអន់ជាងប្រជាជនក្រុងបាងកក។
លោកស្ត្រេកហ្វាសបានបន្តថា ប្រជាជនភាគឦសានតែងតែមានស្មារតីនយោបាយរឹងមាំ ដោយសារតែពួកគេបានចូលរួមតស៊ូ ជាមួយពួកកុំម្មុយនីស្តនៅទសវត្សរ៍១៩៦០និង១៩៧០ និងក្រោយមកទៀតនៅក្នុងសភាអ្នកក្រ(Assembly of the Poor)។ពួកគេភាគច្រើនក្រោយមកបានចូលក្នុងចលនាអាវក្រហម៕
No comments:
Post a Comment