Sunday, February 9, 2014

​សង្គម​ស៊ីវិល អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ឈប់​ប្រើប្រាស់​ផលិតផល​វៀតណាម​​

ដោយ៖​ តាំង វីដា​ | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014 | 36 នាទី មុន​ VOD

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស បញ្ឈប់​ការប្រើប្រាស់​ផលិតផល​វៀតណាម ដោយសារ​ស្ថានទូត​វៀតណាម មិន​អើពើ​នឹង​ការស្នើ​សុំ​អន្តរាគមន៍​របស់​សង្គម​ស៊ីវិល ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
​ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​បដិសេធ​ទទួល​ញត្តិ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៥០​នាក់ តំណាង​ឲ្យ​សង្គម​ស៊ីវិល​ជាង​១៤០​អង្គការ ដែល​ស្នើ​ឲ្យ​មន្ត្រី​ស្ថានទូត​នេះ អន្តរាគមន៍​ដោយ​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ ដោះលែង​ជន​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង និង​លើកលែង​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​២៣​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​។​
​ក្រោយ​ពី​បដិសេធ​ទទួល​យក​ញត្តិ អាជ្ញាធរ​ខណ្ឌ​ចំការមន មិន​បង្ហាញ​អត្តសញ្ញាណ​មួយរូប បាន​មក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល បញ្ឈប់​ការប្រមូលផ្តុំ​ខាង​មុខ​ទូត ដោយ​អះអាង​ថា នេះ​ជា​សំណូម​របស់​ស្ថានទូត​នេះ​។​

​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ យល់ថា ការ​មិន​ទទួលយក​ញត្តិ​នេះ គឺជា​សិទ្ធិ​របស់​ប្រទេស​វៀតណាម ប៉ុន្តែ​ក្នុងនាម​ជា​ប្រទេស​ជិតខាង និង​ជា​សមាជិក​នៃ​សហគមន៍​អាស៊ាន វៀតណាម គប្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ទទួលយក​ការ​ពឹងពាក់​ពី​ប្រទេស​ជា មិត្ត​។ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ដាក់​សម្ពាធ​ប្រទេស​វៀតណាម ដោយ​ឈប់​ប្រើប្រាស់​ផលិតផល របស់​ប្រទេស​មួយ​​នេះ​ « យើងសោកស្តាយ យើងទាំងអស់គ្នា សង្គមស៊ីវិល នឹងធ្វើពហិការ គឺចាប់ពីក្រុមរបស់យើងនេះទៅ គឺឈប់​ប្រើ​ប្រាស់​នូវ​ផលិត​ផល​វៀត​ណាម អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែរ និងប្រជាពលរដ្ឋពិភពលោកទាំងអស់ សូមឲ្យលើកកម្ពស់សិទ្ធិមនុស្ស ឈប់ប្រើប្រាស់ផលិតផលវៀតណាម ប្រសិន​បើគាត់ (ប្រទេសវៀតណាម) មិនគោរពសិទ្ធិមនុស្ស មិនទទួលញត្តិសំណូមពរយើង ឲ្យគោរពសិទ្ធិមនុស្ស។»
​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ម្ចាស់​ពានរង្វាន់​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ មាន​សង្ឃដីកា​ខកចិត្ត​នឹង​ស្ថានទូត​មួយ​នេះ ដោយ​ថា បើទោះបីជា​ស្ថានទូត​នេះ អសមត្ថភាព​អន្តរាគមន៍​លើ​បញ្ហា​នេះ តែ​គប្បី​ចេញមុខ​មក​បំភ្លឺ​លើ​ការបដិសេធ មិនគួរណា​មិន​អើពើ​នោះទេ ព្រោះ​យុទ្ធនាកា​រដាក់​ញត្តិ​នេះ មិនមែន​ជា​ទង្វើ​ខុសច្បាប់​ឡើយ​ «បើថាមិនបានជួយអ្វី ក៏យកញត្តិទៅក្រវេញចោល ទៅដាក់សំរាម ក៏យើងចាត់ទុកថា ជាការសមគួរ ព្រោះ​ក្នុង​ញត្តិ​នោះ អត់មានអ្វីដែលជាការខុសច្បាប់ទេ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងច្បាប់ស្ថានទូត។ ស្ថានទូត (វៀតណាម) ហាក់ដូចជាមើលងាយញត្តិនោះ គឺ​ហាក់​បីដូចជាដៃរបស់គាត់ ថ្លៃថ្នូរជាងក្រដាសពីរ បីសន្លឹកហ្នឹង គាត់មិនហ៊ានប៉ះ គាត់មិនហ៊ានកាន់ ហើយមាត់របស់គាត់ ក៏​មិន​ហ៊ាន​ចេញ​មក​បក​ស្រាយ រ៉ាយរ៉ាប់ប្រាប់តំណាងអង្គការផ្សេងៗថាមូលហេតុអ្វី។»
VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​លោក ឡេ មិញ​ង៉ុក អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​នៅឡើយ​ទេ​។
អ្នកសម្របសម្រួល​បណ្តា​ញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ យល់ថា ករណីនេះ អាច​ជា​ការខាតបង់​ធំ​មួយ​របស់​ប្រទេស​វៀតណាម ព្រោះ​បច្ចុប្បន្ន​កម្ពុជា មាន​ទីផ្សារ​នាំចូល​ទំនិញ​ពី​បរទេស​ច្រើន ដូចនេះ​លទ្ធភាព​នៃ​ប្តេជ្ញា​ចិត្ត​របស់​ពលរដ្ឋ អាចទៅរួច ហើយ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​មួយ​នេះ​ «ទង្វើដែលវៀតណាម មកលើអ្នកដាក់ញត្តិ ខ្ញុំគិតថា ជាការខាតបង់ដ៏ធំមួយ ហើយបើគ្រប់គ្នា នាំ​គ្នា​បដិសេធនោះ ទីផ្សារផលិតផលវៀតណាម នឹងមានការគាំទ្រថយចុះ ហើយពេលនោះ អ្នកដែលខាតបង់ជាងគេ គឺវៀតណាមហ្នឹងឯង ខណៈ​ពេល​នេះ​ពល​រដ្ឋ​កម្ពុជា កំពុងសម្លឹងយ៉ាងយកចិត្តទុកដាក់លើឥរិយាបថរបស់វៀតណាម មកលើកម្ពុជា។»
កាលពី​ចុង​ខែ​មករា ស្ថានទូត​មួយ​នេះ ក៏​ធ្លាប់​បាន​បដិសេធ​ទទួល​យក​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល​ម្តង​ រួចមកហើយ ដែល​ស្នើ​អន្តរាគមន៍​ដោះលែង អ្នក​ទាំង​២៣​នាក់​នេះ ដោយ​លើក​ហេតុផល​ថា ជា​ពេល​ជិត​ចូលឆ្នាំ​ប្រពៃណី​វៀតណាម​៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com​

No comments: