Wednesday, April 13, 2016

គល់ បញ្ញា៖ អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ«ខ្លាំង» ​ដែល​បំពេញ​តួនាទី​




គល់ បញ្ញា៖ អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ«ខ្លាំង»​ដែល​បំពេញ​តួនាទី​

Phnom Penh, 14-4-2016
http://monoroom.info/news/post/7016 
(សេក សោមកុមារ)
 តើការលើកឡើងកន្លងមក របស់លោក អ៊ុំ សំអាន ទាក់ទងនឹងករណីព្រំដែន វាពិតជា​ការ​ញុះញ៉ង់ បង្កឲ្យ​មាន​ចល្លាចល​សង្គម ឬ​ជំរុញ​ឲ្យ​មាន​ការ​ប្រព្រឹត្ត បទឧក្រិដ្ឋហើយឬនៅ? សម្រាប់លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​​អង្គការ​​ខុមហ្វ្រែល បាន​ថ្លែង​ថា លោក អ៊ុំ សំអាន គ្រាន់តែ​ធ្វើតាមតួនាទី​របស់​លោក ជាតំណាងរាស្ត្រ ដែល​ត្រូវ​បម្រើ​ជាតិ បម្រើ​ពលរដ្ឋ​ប៉ុណ្ណោះ។

តើការចាប់ចងតំណាងរាស្ត្រ ទាំងស្ថិតក្នុងអភ័យឯកសិទ្ធិ ក្រោមមូលហេតុ ថាបានប្រព្រឹត្តិ បទល្មើសជាក់ស្ដែង ពិតជាធ្វើឡើង តាមបទដ្ឋានច្បាប់ និងស្របតាម​នីតិវិធីត្រឹមត្រូវ​មែនឬ? តើការលើកឡើងនានា ទាក់ទង​នឹង​បូរណភាពទឹកដី ដែលខុសទៅនឹងការចង់បាន របស់ រដ្ឋាភិបាលកម្ពុជា និងមិត្រភ័ក្រវៀតណាម វាពិត​ជា​បទ​ល្មើស​ជាក់ស្ដែង ហើយត្រូវតែមានទោស រងនូវចាប់ខ្លួនដូច្នេះឬ? ក្នុងរយៈពេល ជាច្រើនខែមកនេះ តើមាន​មនុស្ស​ប៉ុន្មាននាក់ ឬប៉ុន្មានក្រុមហើយ ដែលបានយកការលើកឡើង របស់លោក អ៊ុំ សំអាន ដែលជាប់ពាក់ព័ន្ធ នឹង​បញ្ហា​ព្រំដែន ទៅប្រព្រឹត្តិជាបទឧក្រិដ្ឋ ឬបង្កឲ្យមានចល្លាចលសង្គម?

នាយកប្រតិបត្តិ​អង្គការ ​ខុមហ្វ្រែល លោក គល់ បញ្ញា បានឆ្លើយនឹងសំនួរខាងលើថា តំណាងរាស្ត្រ អ៊ុំ សំអាន បានបំពេញតាមតួនាទី​របស់លោក ជាតំណាងរាស្ត្រ ដែលត្រូវបម្រើជាតិ​ បម្រើពលរដ្ឋ និង មិនបាន​ប្រព្រឹត្តិ​បទ​ល្មើសនោះទេ។ លោក បញ្ញា បានពន្យល់ នៅក្នុងវេទិកា​អ្នកស្ដាប់ វិទ្យុអាស៊ីសេរីថា ក្រៅពីតួនាទី​តាក់តែង​ធ្វើ​ច្បាប់ អ្នកតំណាងរាស្ត្រ ត្រូវតាមឃ្លាំ​មើល​ការ​អនុវត្តច្បាប់ របស់រដ្ឋាភិបាល ហើយក៏មិនត្រឹម​តែតទល់​ជាមួយ​រដ្ឋាភិបាល តែរវាងមាត់ទល់​នឹង​មាត់​នោះ​ដែរ តែចាំបាច់អ្នកតំណាងរាស្ត្រ ត្រូវស្វែងរកភស្ដុតាង ដើម្បី​យក​មក​ធ្វើ​ជា​អំណះអំណាង ក្នុងការ​ចង្អុល​បង្ហាញ ថាតើនិតិប្រតិបត្តិ (រដ្ឋាភិបាល) បានអនុវត្តច្បាប់ត្រឹមត្រូវឬអត់។

ផ្ទុយទៅវិញ ទង្វើរបស់លោក អ៊ុំ សំអាន ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកhភស្ដុតាង ឬព័ត៌មានលំអិត ដើម្បី​យកមកបញ្ជាក់ នៅក្នុងការលើកឡើងនានា របស់លោកនោះ គឺជាសកម្មភាពដ៏ប្រសើរ ដែលគេ​គួរ​ធ្វើការ​កោត​សរសើរ។ លោក គល់ បញ្ញា បានថ្លែងបន្តថា៖ «អានេះជាចំណុចខ្លាំង របស់អ្នកតំណាងរាស្ត្រទេ ដែល​ខិតខំ​ធ្វើអញ្ចឹង ជៀសជាងនិយាយ ឬចោទប្រកាន់ ដោយគ្មានមូលដ្ឋាន»។

តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលល្បីល្បាញ ខាងការស្រាវជ្រាវ លើ​បញ្ហា​ព្រំដែន មក​បង្ហាញគេឯងនោះ ត្រូវបានកងកម្លាំងអាជ្ញាធរចាប់ខ្លួន កាលពីយប់ រំលងអាធ្រាត ចូល​មក​ព្រឹក​ព្រហាម​​ថ្ងៃចន្ទ ទី១១ ខែមេសាកន្លងមក ហើយត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅឯពន្ធនាគារ​ព្រៃ​ស នៅថ្ងៃអង្គារស្អែកឡើង ក្រោមបទចោទប្រកាន់ ថាបានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ និងបង្ក​ចល្លាចល​ក្នុងសង្គម។

រដ្ឋសភាដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា មកពីគណបក្ស​ប្រជាជន​កម្ពុជា បាន​​លើក​ដៃ​អនុម័ត ក្នុងថ្ងៃអង្គារដដែល អនុញ្ញាតឲ្យតុលាការបន្ត«នីតិវិធី» ដើម្បីធ្វើការ​ស៊ើប​សួរ​ទៅ​លើ​ករណី​​របស់​លោក អ៊ុំ សំអាន បន្តទៅមុខទៀត ទាំងនៅ«អភ័យឯកសិទ្ធិ»​ជាសមាជិកសភា។
សម្រាប់គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានចាត់ទុក នូវរាល់ការ លើកឡើង របស់​លោក អ៊ុំ សំអាន ថាជាការបញ្ចេញមតិ ហើយសេរីភាពនេះទៀតសោត ត្រូវបានការពារយ៉ាងមាំទាំ ពី​រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជានោះផង។

លោកនាយកខុមហ្វ្រែល បានថ្លែងឲ្យដឹង ជុំវិញការបញ្ចេញមតិថា៖ «នៅកន្លែងណាក៏ដូចជាកន្លែង ​ណា​ដែរ វាតែងមានការលើសលួស។ ហើយការលើសលួសនេះ អ្នកនយោបាយក្ដី ឬអ្នកតំណាងរាស្ត្រក្ដី គេ​ត្រូវ​ចេះ​អត់អោនឲ្យគ្នា។ សូម្បីតែពលរដ្ឋសមញ្ញ ដែលនិយាយ លើសលួសគ្នា ក៏គេចេះអត់អោនឲ្យគ្នាដែរ។ ព្រោះ​បើ​គ្រាន់​តែ​ជេរប្រទេចគ្នា រួចប្ដឹងគ្នាចាប់ដាក់ពន្ធនាគារនោះ ម្លេះពេលនេះ គ្មានពន្ធនាគារដាក់ជន​ទាំង​នោះ​ទេ។»

លោក គល់ បញ្ញា បានបញ្ជាក់ថា អ្នកណាក៏ដោយ ដែលបញ្ចេញមតិទៅ មានបញ្ហាឆ្គាំឆ្គង ឬតែពីស​តែពាស នោះប្រជាពលរដ្ឋ ដែលកំពុងតាមដាន នឹងធ្វើការឲ្យពិន្ទុ និងធ្វើការវាយតម្លៃ។ ហើយជននោះ នឹង​ទទួល​ត្រឡប់​មកវិញ នូវភាពបរាជ័យ ផ្នែកនយោបាយដោយខ្លួនឯង៕

No comments: