-----------------------------
ពលរដ្ឋខេត្តស្វាយរៀង ស្នើឲ្យអាជ្ញាធរព្រំដែន បិទច្រករបៀង នៅឃុំទួលស្ដី
(ដោយ ថា កិត្យា, 2015-09-23, RFA)
ប្រជាពលរដ្ឋខ្មែរស្នើឲ្យអាជ្ញាធរខេត្តស្វាយរៀង បិទច្រករបៀង កម្ពុជា- វៀតណាម នៅចំណុច ភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្ទ្រា។ សំណើនេះ ធ្វើឡើងបន្ទាប់ពី ពួកគាត់ សង្កេតឃើញជនជាតិ វៀតណាម ចេញចូល តាមច្រកនោះ ដោយខុសច្បាប់ ចេះតែច្រើនឡើងៗ យ៉ាងអនាធិបតេយ្យ ដែលអាចបណ្ដាល ឲ្យប៉ះពាល់ ដល់សន្តិសុខពួកគាត់។
ប្រជាពលរដ្ឋខ្មែរ រស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្ត ស្វាយរៀង បង្ហាញ ការព្រួយ បារម្ភ ចំពោះសន្តិសុខសុវត្ថិភាព ខណៈ ដែលលំហូរជនជាតិ វៀតណាម ខុសច្បាប់នៅតាមច្រក របៀងដាច់ ស្រយាលមួយចំនួនតាមបណ្តោយ ព្រំដែន ក្នុងខេត្តស្វាយរៀង កើនឡើង។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រិះគន់ថា អាជ្ញាធរកម្ពុជា គិតតែ ទទួល ផល ប្រយោជន៍ផ្ទាល់ខ្លួន ដោយសម្ងំប្រព្រឹត្ត អំពើពុករលួយ រក លុយដាក់ ហោប៉ៅ ភ្លេចគិតពីសន្តិសុខ និងប្រយោជន៍ សង្គមជាតិ ខ្មែរ។ ពលរដ្ឋរូបនេះបន្តថា ជារៀង រាល់ថ្ងៃ ជនជាតិវៀតណាម ប្រមាណ ២០០ នាក់ ទៅ ៣០០ នាក់ ធ្វើដំណើរ ចេញចូលទឹកដីខ្មែរ ទាំងយប់ ទាំងថ្ងៃដោយសេរី តាមច្រកទួលស្ដី ជាប់ បង្គោលព្រំដែនលេខ ១៨៩ ស្ថិតក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា។ បញ្ហានេះ វាខុសឆ្ងាយពី ពលរដ្ឋខ្មែរ ដែលចូលទៅទឹកដីវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម រឹតបន្តឹង៖ «ចង់បិទផ្លូវចេញចូល ដែល ឥតមានច្បាប់ហ្នឹង កុំឲ្យចេញចូលសេរី លើផ្លូវនេះហ្មង ព្រោះអីដំបូងឡើយ ផ្លូវនេះ គឺភ្លឺស្រែ តែ ឥឡូវក្លាយជា ផ្លូវម៉ូតូដឹកទំនិញ ចេញចូល ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋ នៅ ភូមិនេះ ដេកនៅមិនបាន។ នៅខាងគេ (វៀតណាម) គឺពិបាក គេមិន ឲ្យយើងចេញចូលជិះម៉ូតូ ពេលយប់ កាត់ភូមិគេនោះទេ ព្រោះខាង គេមានសមត្ថកិច្ចគេដើរល្បាត ហើយបើខាងខ្មែរយើងដូចជា មាន កុងត្រូលជជុះអីអ៊ីចឹង វៀតណាម ចូលមកបង់ឲ្យ ១ពាន់ទៅ ២ ពាន់រៀល អ៊ីចឹងទៅ ឲ្យគេចេញ ចូលតាមសេរី មួយយប់ទល់ភ្លឺ»។
ប្រជាពលរដ្ឋនៅភូមិទួលស្ដី ជាច្រើននាក់ទៀត អំពាវនាវឲ្យអាជ្ញាធរ ដែនដី និងប៉ូលិសការពារ ព្រំដែនកម្ពុជា ហាមឃាត់ចំពោះជនជាតិ វៀតណាម ដែលចេញចូលទឹកដីខ្មែរដោយ ខុសច្បាប់ ទាំងកណ្ដាលអាធ្រាត្រ ក្នុងបំណងការពារសុខសុវត្ថិភាពរបស់ពួកគាត់ ស្របតាម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រដ្ឋាភិបាលផង។
ចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋខ្មែរនេះ មន្ត្រីសម្របសម្រួល នៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើកឡើងថា អាជ្ញាធរខេត្តស្វាយរៀង គួរតែយក បញ្ហានេះទៅពិចារណា ព្រោះលោកសង្កេតឃើញថា ស្ទើរគ្រប់ច្រក ដែលជាប់នឹងខ្សែបន្ទាត់ ព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ គឺអាជ្ញាធរ ខ្មែរមានការអនុវត្តធូរលុង ចំពោះការចេញចូល របស់ជនជាតិវៀតណាម ក្នុងស្រុកខ្មែរ។ លោកលើកឡើងដែរថា បញ្ហានេះ ធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសង្គម និងជីវភាពពលរដ្ឋខ្មែរ ប្រសិនបើកម្ពុជា មិនអាច គ្រប់គ្រង ឬក្ដោបក្ដាប់ ស្ថានការណ៍ចេញចូល របស់អន្តោប្រវេសន៍ ខុសច្បាប់បានទេនោះ៖ «វៀតណាម ភាគច្រើន គេមករកស៊ីលក់ដូរ នៅផ្សារហ្មង បើសិនជាបោះដុំឲ្យខ្មែរយើងលក់មិនអីទេ តែយើងមើល ឃើញជាក់ស្តែង មកលក់ខ្លួនឯង ម៉ូតូផ្លាកលេខវៀតណាម អីវៀតណាម មកហ្មង។ បើការបិទ ព្រំដែន ធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចយើង គឺដូចជា គ្មានប៉ះពាល់ទេ តែខ្ញុំគិតថា ប៉ះពាល់ វៀតណាម ធ្ងន់ធ្ងរជាង»៕
No comments:
Post a Comment